- 2019-06-17 09:40:53
- ព័ត៌មាន
ជីវិតពិតលោក ធុល រិទ្ធី៖ រៀនមិនចប់សាកលវិទ្យាល័យ តែអាចបង្កើតកុំព្យូទ័របាន
- 2019-06-17 09:40:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតពិតលោក ធុល រិទ្ធី៖ រៀនមិនចប់សាកលវិទ្យាល័យ តែអាចបង្កើតកុំព្យូទ័របាន
ចន្លោះមិនឃើញ
លោក ធុល រិទ្ធី សហស្ថាបនិក SmallWorld ជាមនុស្សចូលចិត្តឆ្ងល់ ចូលចិត្តសាកល្បងអ្វីដែលថ្មី បើទោះជាលោកមិនបានទទួលការសិក្សាជ្រៅជ្រះបញ្ចប់ថ្នាក់មហាវិទ្យាល័យដូចគេក៏ដោយ។ បើទោះជាមិនមានធនធាន និងហិរញ្ញវត្ថុច្រើនដូចគេ តែក្តីស្រមៃ និងការតាំងចិត្តខ្ពស់ រិទ្ធីបានបង្កើត SmallWorld ដែលជាកន្លែងជំរុញអាជីវកម្មលើកដំបូង (Startup) ដោយជោគជ័យដើម្បីផ្ដល់ជាគំនិត ការប្រឹក្សា និងកន្លែងចាប់ផ្ដើមសម្រាប់អ្នកដែលចង់បង្កើតអាជីវកម្មថ្មោងថ្មី។ បន្ថែមលើនេះ លោកបានបោះជំហានដ៏ធំមួយ គឺផលិតកុំព្យូទ័របានដោយខ្លួនឯង គឺកុំព្យូទ័រម៉ាកគម្ពីរ (Koompi)។
តើលោក ធុល រិទ្ធី មានដំណើរជីវិតបែបណាដែរ?
មានស្រុកកំណើតកើតជានៅស្រុងស្អាង ខេត្តកណ្ដាល បុរសវ័យ ៣២ឆ្នាំរូបនេះ បានផ្សងជីវិតមករស់នៅរាជធានីក្រោយបញ្ចប់ថ្នាក់ទី ១២ នៅឆ្នាំ ២០០៤។
លោករិទ្ធី បានជិះកង់ជាមួយមិត្តភក្ដិ ពីស្រុកកំណើត មកស្នាក់អាស្រ័យនៅវត្ត ទាំងមិនស្គាល់ភ្នំពេញ សូម្បីតែបន្តិច។ នៅវត្ត រិទ្ធីត្រូវដេកជាប់ចម្រឹងដែកក្នុងកុដិ ដោយមានប្រាក់ឧបត្ថម្ភប្រចាំខែពីគ្រួសារត្រឹម ៣០ ទៅ ៤០ ដុល្លារក្នុងមួយខែប៉ុណ្ណោះ។ ឆ្នាំដំបូងនៅសាកលវិទ្យាល័យ លោកចូលរៀនជាប់លាប់ធម្មតា តែចូលឆ្នាំទី ២ គេបែរបែកគំនិតមិនចូលសាលា ដោយយកពេលចូលទៅអ៊ីនធឺណិតស្រាវជ្រាវតែម្នាក់ឯងច្រើនជាង។
រិទ្ធីចាប់ផ្ដើមចូលចិត្តអ៊ីនធឺណិត ព្រោះឮថា អ៊ីនធឺណិតអាចឲ្យទាក់ទងគ្នាបានដោយឥតអស់ប្រាក់ និងអាចមើលមុខគ្នាឃើញទៀត។ លុយដែលផ្ញើមកពីស្រុកមួយខែៗ រិទ្ធីចំណាយប្រហែល ៥០ ទៅ ៦០ភាគរយ លើអ៊ីនធឺណិត។ ជាមនុស្សដែលឆ្ងល់ និងចង់សាកអ្វីដែលថ្មី លោកបានចាប់ផ្ដើមចាប់អារម្មណ៍ និងងប់លើការអានកាន់តែខ្លាំង។ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង៥ កន្លះល្ងាចដល់ម៉ោង ១ យប់ រូបគេចំណាយពេលសំកុកតែនៅក្នុងហាងអ៊ីនធឺណិត អានពីជីវិតបុគ្គលល្បីៗក្នុងផ្នែកគណិតវិទ្យា រូបវិទ្យា ចិត្តវិទ្យា និងបុគ្គលល្បីផ្សេងទៀត។
ឆ្នាំ ២០០៥ ដល់ ២០០៦ រិទ្ធីចូលធ្វើការនៅអង្គការកុមារកំព្រាមួយដោយទទួលបៀវត្សដំបូង ៥០ ដុល្លារ។ ខែទីពីរគេឡើងបាន ៧៥ ដុល្លារ និងបន្តឡើងនៅខែបន្តៗទៀត ព្រោះក្រៅពីបង្រៀនអង់គ្លេសដែលចេះដោយខ្លួនឯងទាំងរដាក់រដុប រិទ្ធីក៏បានបង្រៀនកុំព្យូទ័រដែលចេះខ្លះៗ ពីការចូលទៅសំកុកនៅហាងអ៊ីនធឺណិតនោះឯង។ មានប្រាក់ខែផ្ទាល់ខ្លួន រិទ្ធីអាចសម្រួលបន្ទុកគ្រួសារបានខ្លះ តែពេញមួយឆ្នាំ គេបានយកលុយទាំងនោះទៅចំណាយទៅលើសៀវភៅកាន់តែច្រើនឡើង។ ចំណូលប្រហែល ៨០% ត្រូវចំណាយទៅលើសៀវភៅ ហើយមានថ្ងៃខ្លះ រិទ្ធីជក់អានតាំងពីល្ងាចដល់ម៉ោង ៣ ឬ ៤ យប់ ដេកលក់ដោយមិនដឹងខ្លួន ពេលភ្ញាក់មកវិញឃើញសៀវភៅកៀបជាប់នឹងមេជើងក៏មាន។
សាកធ្វើជំនួញលើកដំបូង
ការអាន និងស្វែងយល់ច្រើនពីអ៊ីនធឺណិត រិទ្ធីសម្រេចបង្កើតជំនួញដំបូងទៅលើអ៊ីនធឺណិត ដោយយកប្រាក់សន្សំមួយឆ្នាំរបស់ខ្លួន ៣០០ ដុល្លារ និងបញ្ចុះបញ្ចូលមិត្តភ័ក្ដិផ្សេងទៀតឲ្យជួយសរុបបានប្រាក់ ១២៧៣ ដុល្លារ។ តែការធ្វើមិនដូចការគិតឯណា ជំនួញដែលរិទ្ធីគិតថា នឹងទទួលបានផ្លែផ្កា បែរជាត្រូវខាតឡុងចុង ហើយពេលនោះជាពេលវេលាដែលយុវជនរូបនេះខកចិត្តបំផុត។
ឆ្នាំ ២០០៦ ក្រោយខាតជំនួញអស់លុយ។ នៅក្នុងហោប៉ៅ រិទ្ធីមានលុយតែ ៥ ពាន់រៀលគត់។ ដោយចង់លម្ហែ គេបានខ្ចីលុយមិត្តភ័ក្ដិបន្ថែមទៀតចំនួន ២០ ដុល្លារ និងជិះកង់ផ្សងព្រេងតែម្នាក់ឯងទៅកំពង់សោម។ ពេលទៅដល់ទីនោះ រូបគេបានជួបនិយាយលេងជាមួយប្រជាជនដែលចង់លក់ដី។ គេក៏ចេះតែនិយាយថា នឹងជួយប្រកាសលក់ដីនោះពេលទៅភ្នំពេញវិញ។
មកដល់ភ្នំពេញ ដោយចេះអ៊ីនធឺណិតខ្លះៗ រិទ្ធីបានប្រកាសលក់ដីនៅលើ Page នានា ឬកន្លែងណាដែលអាចលក់បាន។ បន្ទាប់មកមានអ្នកចង់ទិញដីទាក់ទងទៅម្ចាស់ដី ដោយនិយាយអង់គ្លេស។ ស្ដាប់គ្នាមិនបាន ម្ចាស់ដីក៏ឲ្យរិទ្ធីដាក់លេខទូរសព្ទខ្លួនឯង ហើយចរចាជួយលក់បន្តដោយយកកម្រៃជើងសារ។ ដល់ត្រង់នេះ រិទ្ធីចាប់អារម្មណ៍ថា ល្អដែរតើ បើគេដើរតួរជាឈ្មួញកណ្ដាលជួយបង្ហោះលក់នៅលើអ៊ីនធឺណិតដើម្បីប្តូរមកវិញនូវកម្រៃជើងសារ។
ដាក់គោលដៅធំ និងចាប់ផ្ដើមដើរធ្វើសិក្ខាសាលា
ក្រោយបានកម្រៃពីការជួយលក់ដី រិទ្ធីចាប់ផ្ដើមមានមហិច្ឆតា និងបានដាក់គោលដៅខ្លួនឯងធំជាងមុនថា រយៈពេលមួយឆ្នាំទៀតត្រូវរកឲ្យបានមួយម៉ឺនដុល្លារ។ «និយាយទៅដាក់គោលដៅឲ្យខ្ពស់បន្តិចទៅ! វាដូចយើងបាញ់ធ្នូអីចឹង បើយើងលើកធ្នូបាញ់រាងខ្ពស់បន្តិច បើមិនធ្លាក់ចំគោលដៅក៏បានក្បែរៗនោះដែរ»។ នេះជាការបញ្ជាក់របស់សហគ្រិនវ័យក្មេង។ ក្រៅពីលក់ដី រិទ្ធីដើរធ្វើ Workshop ធ្វើមគ្គទេសក៍ទេសចរ និងសិក្សាពីការជំរុញអាជីវកម្មដំបូង (Business Incubation) និងសហការិយាល័យ (co-working space) ពីអ៊ីនធឺណិត។
ឆ្នាំ ២០១១ រិទ្ធីត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីបោះជំរំរដូវក្ដៅនៅអាមេរិក រយៈពេលពីរខែ ដោយនៅទីនោះគេធ្វើការជាគ្រូបង្រៀនជិះកង់ដៃត្រង់។ ប្រាក់ដែលបានពីការបង្រៀននោះ រិទ្ធីចំណាយទាំងអស់លើការដើរផ្សងព្រេង ចង់ស្គាល់ជីវិតនៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ។ រិទ្ធីបានសុំមិត្តភ័ក្ដិដែលស្គាល់តៗគ្នា ស្នាក់នៅជាមួយគេ ពេលខ្លះមានបន្ទប់ដេកត្រឹមត្រូវ ហើយពេលខ្លះដេកលើសាឡុងក៏មាន។ នៅពេលនោះ យុវជនរូបនេះក៏បានចូលទៅតាមសហការិយាល័យនានាសុំមើលទិដ្ឋភាព និងដំណើរការនៃសហការិយាល័យទាំងនោះ។
ការបង្កើត SmallWorld
គំនិតចង់បង្កើតកន្លែងជំរុញអាជីវកម្មថ្មោងថ្មី មានតាំងពីនៅស្រុកខ្មែរ មុនទៅអាមេរិកម្ល៉េះ តែរិទ្ធីមិនទាន់ចង់បង្កើត ព្រោះគិតថា បើបើក ខ្លួននឹងគ្មានពេលវេលាសម្រាប់ដំណើរផ្សងព្រេង ដែលចូលចិត្តតទៅទៀត។ តែក្រោយការជំរុញពីលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ថា «មិនធ្វើឥលូវ ចាំអង្កាល់?»។ រិទ្ធីសម្រេចចិត្តថា ត្រូវតែធ្វើ ដោយរត់រៃអង្គាសប្រាក់ពីសៀមរាបមកភ្នំពេញរយៈពេល ១០ ថ្ងៃដោយដាក់ឈ្មោះកម្មវិធីថា "រត់ដើម្បីក្ដីសុបិន" ឬ "Run The Dream”។ ការរត់នោះរិទ្ធីប្រមូលបានប្រាក់ឧបត្ថម្ភ ៣ ពាន់ដុល្លារពីមិត្តភ័ក្ដិជាជនបរទេស និង ២៥០០ ដុល្លារពីក្រុមហ៊ុន Sabay។
នៅខែធ្នូ ២០១១ រិទ្ធី និងសហស្ថាបនិកបីនាក់ទៀតបានចូលលុយគ្នាបាន ១៥០០ ដុល្លារបូកនឹងប្រាក់ឧបត្ថម្ភខាងលើបង្កើត SmallWorld ឡើង។ រិទ្ធីថា ពេលដំណើរការដំបូងលោក និងមិត្តភ័ក្ដិជួបការលំបាកជាច្រើនដូចជា ពិបាកពន្យល់ឲ្យគេស្គាល់ថា SmallWorld ជាអ្វី ព្រោះមនុស្សភាគច្រើនគិតថា ទីនោះជាអង្គការច្រើនជាង។ ចំណែកការលំបាកធំបំផុតមួយទៀតគឺបញ្ហាលុយនេះឯង។ រិទ្ធីថា ដោយគ្មានចំណូលមិត្តភ័ក្ដិដែលចូលរួមបង្កើតបានធ្វើការក្រៅម៉ោងបណ្ដើរ យកលុយមកជួយបណ្ដើរ ហើយខែខ្លះសឹងថា មិនមានលុយគ្រប់ឲ្យថ្លៃឈ្នួលផ្ទះផង។ តែក្រោយដំណើរការជិតបួនឆ្នាំ ពេលនេះ ស្ថាប័នជំរុញអាជីវកម្មថ្មោងថ្មីមួយនេះអាចមានភាពនឹងធឹងជាងមុន ដោយបច្ចុប្បន្នមាន អាជីវកម្មតូចៗចំនួន ១១ ចំណុះឲ្យ និងមាន ៧ អាជីវកម្មដែលដើរដោយរលូន។ មានអាជីវកម្មផ្សេងទៀតដែលចាប់ផ្តើមនៅទីនោះ ហើយពេលដំណើរការល្អ ពួកគេអាចចេញទៅដំណើរការខាងក្រៅដោយខ្លួនឯង។ នៅ SmallWorld រិទ្ធី និងក្រុមការងារមានភារៈជាអ្នកប្រឹក្សា ផ្តល់ការបណ្តុះបណ្តាលនានាពាក់ព័ន្ធនឹងអាជីវកម្មដែលគ្រោងនឹងបើក ហើយសិក្សាពីលទ្ធភាពវាថា អាចទៅរួចឬអត់។
ការផលិតកុំព្យូទ័រម៉ាកគម្ពីរ (Koompi)
គម្ពីរ ជាកុំព្យូទ័រផលិតដោយកូនខ្មែរដំបូងគេ ដែលត្រូវបានសម្ពោធជាផ្លូវការ កាលពីខែតុលា ឆ្នាំ២០១៨។ លោក ធុល រិទ្ធី ដែលជាស្ថាបនិក បានបញ្ជាក់ថា ការបោះជំហានដ៏ធំ តាមរយៈការបង្កើតកុំព្យូទ័រផ្ទាល់ខ្លួននេះ គឺដើម្បីជាការលើកទឹកចិត្តដល់អ្នករៀនសរសេរកូដជំនាន់ក្រោយ។ ក្នុងរយៈពេល ៣ឆ្នាំ លោកសង្ឃឹមថា នឹងអាចលក់កុំព្យូទ័រនេះបានកន្លះលានគ្រឿងលើទីផ្សារប្រទេសកម្ពុជា ហើយត្រឹមឆ្នាំ ២០២០ លោក រិទ្ធី ក៏មានបំណងចង់ឲ្យកុំព្យូទ័ររបស់ខ្លួនអាចដំឡើងបានដោយរោងចក្រផលិតក្នុងស្រុក ដែលបច្ចុប្បន្នមិនទាន់មានសោះ។ បន្ទាប់មកទៀត លោកមានមហិច្ឆតា ពង្រីកទីផ្សារដល់ប្រទេសជិតខាងទៀត។
គោលបំណងអនាគត
លោក រិទ្ធីចង់ឃើញ SmallWorld ក្លាយទៅជាសហគមន៍អាជីវកម្មថ្មោងថ្មី ដែលមាន ១០០ ទៅ ២០០ អាជីវកម្មដំណើរការ។ លោកសង្ឃឹមថា ការបង្កើតអាជីវកម្មច្រើននេះនឹងជួយឲ្យប្រជាជនកម្ពុជាច្រើនពាន់នាក់មានការងារធ្វើទាំងដោយផ្ទាល់ និងដោយប្រយោល។ មួយទៀតវាជាមោទនភាពមួយដែលអាចបញ្ជាក់ថា កម្ពុជាក៏អាចបង្កើតអាជីវកម្មថ្មោងថ្មីដែលមានគុណភាពអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។
ការផ្ដាំផ្ញើដល់យុវជន
លោក ធុល រិទ្ធី បានផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយថា៖ «ជំនាន់យើងមានឱកាសច្រើន។ យើងអាចផ្លាស់ប្ដូរបញ្ហាទៅជាឱកាសបាន ព្រោះយើងមានបច្ចេកវិទ្យានៅជួយស្រាប់។ ស្វែងរកបញ្ហាដែលចាប់អារម្មណ៍បំផុតហើយចាប់ផ្ដើមធ្វើវា ដោយកុំទាន់គិតទៅលើដំណោះស្រាយ»៕