• 2024-04-04 08:44:16
  • ព័ត៌មាន

Toyota យល់ឃើញយ៉ាងម៉េច ក្រោយ Volvo ឈប់ផលិតរថយន្តម៉ាស៊ីនម៉ាស៊ូត?

  • 2024-04-04 08:44:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Volvo បាន​ធ្វើសេចក្តីសម្រេច​ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត គឺប្រកាស​បោះបង់ចោល​រថយន្ត​ម៉ាស៊ីនម៉ាស៊ូត ចាប់ពីពេលនេះតទៅ។ យ៉ាងណាមិញ ផ្ទុយពី Volvo ដែល​បញ្ឈប់ការប្រើម៉ាស៊ីននេះ ក្រុមហ៊ុន Toyota ឯណោះវិញ យល់ឃើញថា រថយន្តប្រើម៉ាស៊ីនម៉ាស៊ូត នឹង​នៅអាយុកាលវែងឆ្ងាយទៅមុខទៀត។

ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Toyota ប្រចាំ​ប្រទេសអូស្ត្រាលី លោក Sean Hanley បានបង្ហាញ​ការជឿជាក់​ថា ម៉ាស៊ីនម៉ាស៊ូត ថ្វីបើកំពុងថមថយ​ភាពពេញនិយម ប៉ុន្តែវានឹងមិនស្លាប់​ក្នុងពេល​ឆាប់ៗខាងមុខនេះឡើយ។ លោក​បញ្ជាក់​ថា ម៉ាស៊ីនម៉ាស៊ូត​គឺ​ប្រភព​ចំហេះ​ដែល​អាចទុកចិត្តបាន​បំផុត ជាពិសេស​ប្រើលើ​រថយន្តធំៗ។

ទោះបីជាបែបនេះ​ក៏ដោយ លោក Hanley លើកឡើងថា ម៉ាស៊ីនម៉ាស៊ូត គឺ​ត្រូវការ​កែសម្រួលដើម្បីឆ្លើយតប​នឹង​ច្បាប់ការបញ្ចេញផ្សែង។ ហេតុដូច្នេះហើយ ទើប Toyota បាន​បញ្ចេញ​រថយន្ត Hilux ប្រើម៉ាស៊ីនម៉ាស៊ូតទាក់បូ Mild Hybrid ដែលមានចំណុះត្រឹម ២,៨លីត្រ ដែល​វាជួយសន្សំសំចៃ កាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន និងកាត់បន្ថយសំឡេងរំខាន។

គួរដឹងថា Toyota បាន​ប្រកាស​ជារឿយៗថា ខ្លួន​មិនដែល​នឹកចង់បោះបង់ម៉ាស៊ីនចំហេះក្នុង ហើយផ្តោតខ្លាំងតែលើរថយន្តអគ្គិសនីនោះទេ ដោយក្រុមហ៊ុនជប៉ុននេះ​យល់ថា រថយន្តអគ្គិសនី​មិនមែន​ជាដំណោះស្រាយ​ការមិនបញ្ចេញ​ផ្សែងតែមួយនោះទេ។ ជាមួយគ្នានោះ Toyota កំពុងអភិវឌ្ឍម៉ាស៊ីនចំហេះក្នុងថ្មីមួយទៀត គឺ​ម៉ាស៊ីនអ៊ីដ្រូសែន៕

អត្ថបទ៖ សំភី

មតិយោបល់