• 2024-04-29 07:01:42
  • ផលិតផលថ្មី

Mercedes ចេញឡាន G-Class ប្រើអគ្គិសនីសុទ្ធហើយ សាកភ្លើងម្តងជិះបាន៤៧០គ.ម ឯកម្លាំង ៥៧៩សេះ

  • 2024-04-29 07:01:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសចេញឡានអគ្គិសនី G580 EQ ឬហៅកាត់ថា G-EV ដែលមានតម្លៃចាប់ពីខ្ទង់ ១៥ម៉ឺនដុល្លារ នៅលើទីផ្សារបរទេស ហើយវាមានសមត្ថភាព Off-road និង Performance ខ្លាំងជាងប្រភេទប្រើម៉ាស៊ីនចំហេះក្នុងទៅទៀត។

ឡាន Mercedes G580 EQ បំពាក់ម៉ូទ័រអគ្គិសនី 4 ដែលអាចបង្កើតកម្លាំងបានសរុប ៥៧៩សេះ និង កម្លាំងរមួល ១១៦៤ញូតុនម៉ែត្រ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០ គ.ម/ម៉ ប្រើពេលត្រឹមតែ ៤,៧ វិនាទីប៉ុណ្ណោះ។ វាប្រើកញ្ចប់អាគុយទំហំ ១១៦ kWh ដែលយកចេញពីម៉ូដែល EQS Sedan ដែលសាកភ្លើងមួយពេញ អាចជិះបានចម្ងាយ ៤៧០គ.ម ហើយគាំទ្រល្បឿនសាកលឿនដល់ ២០០គីឡូវ៉ាត់។

Mercedes បានបញ្ជាក់យ៉ាងច្បាស់ៗថា G580 EQ មានសមត្ថភាព Off-road ខ្លាំងជាងម៉ូដែល G-Class ប្រើម៉ាស៊ីនចំហេះក្នុងទៅទៀត ព្រោះថាម៉ូទ័រនិមួយៗរបស់វា មានបំពាក់ប្រអប់លេខ ២ វគ្គរៀងៗខ្លួន ដែលអាចជំនះស្ថានភាពផ្លូវពិបាកៗបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ កម្លាំងកកិតលើ G580 EQ ដំណើរការបានល្អខ្លាំង ធ្វើឲ្យវាអាចឆ្លងកាត់ជម្រាលមុំ ៣៥ ដឺក្រេ ហើយអាគុយ និង គ្រឿងក្រោមរបស់វា ត្រូវបានការពារយ៉ាងជិត អនុញ្ញាតឲ្យវាអាចចុះទឹកជម្រៅដល់ ៨៥០មម ខ្លាំងជាងម៉ូដែល G-Class ធម្មតាដល់ទៅ ១៥០មម។

ចូលទៅមើលផ្នែកខាងក្នុងវិញ វាបានយកលំនាំចេញពីម៉ូដែល G-Class តែម្តង ដោយក្នុងនោះរួមមានដូចជា​ អេក្រង់ភ្លោះធំ, ប្រព័ន្ធភ្លើងឌីម Ambient Lighting, ប្រព័ន្ធសំឡេង Burmester 3D Surround Sound និង ប្រព័ន្ធកាមេរ៉ាមើលធ្លុះឡាន Transparent Hood Camera System ជាដើម៕

សូមទស្សនាវីដេអូខាងក្រោមនេះ

មតិយោបល់