- 2024-04-17 07:27:02
- ព័ត៌មាន
Tim Cook ទៅទស្សនកិច្ចនៅវៀតណាម ចង់ពង្រីកការវិនិយោគ! តើអាចទៅរួចទេ បើករោងចក្រដំឡើង iPhone?
- 2024-04-17 07:27:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tim Cook ទៅទស្សនកិច្ចនៅវៀតណាម ចង់ពង្រីកការវិនិយោគ! តើអាចទៅរួចទេ បើករោងចក្រដំឡើង iPhone?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនចង់វិនិយោគបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម ខណៈប្រទេសមួយនេះ បាននឹងកំពុងក្លាយជាគោលដៅដ៏សំខាន់សម្រាប់ Apple ដែលចង់ចាកចេញពីប្រទេសចិន។
ការប្រកាសនេះធ្វើឡើងក្នុងអំឡុងពេលនាយកប្រតិបត្តិ Apple លោក Tim Cook បានធ្វើទស្សនកិច្ចនៅក្រុងហាណូយ រយៈពេល ២ថ្ងៃ ដោយបានចូលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ផងដែរ។
ក្នុងអំឡុងនៅវៀតណាមនេះ លោកបានបង្ហោះនូវរូបភាពមួយលើបណ្តាញសង្គម X ដែលជារូបថតសែលហ្វីជាមួយបុរសម្នាក់ ដោយប្រើទូរសព្ទ iPhone 15 Pro នៅបឹង Hoan Kiem Lake ក្រុងហាណូយ។
បើតាម Apple ឱ្យដឹងថា ក្រុមហ៊ុនបានវិនិយោគប្រមាណ ១៦ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៩មក។ ជាមួយគ្នានេះ ក្រុមហ៊ុនដែលផ្គត់ផ្គង់ឱ្យ Apple ដូចជា Luxshare, Foxconn, Compal និង GoerTek ក៏បានដាក់រោងចក្រនៅប្រទេសវៀតណាមនេះផងដែរ។
យ៉ាងណាមិញ ចំពោះការពង្រីកការវិនិយោគនោះ Apple គ្រាន់តែបញ្ជាក់ថា ផ្តោតលើខ្សែចង្វាក់ផ្គត់ផ្គង់។ ដូច្នេះ តើអាចទៅរួចទេ Apple នឹងបើករោងចក្រដំឡើង iPhone នៅវៀតណាម? ព្រោះថា កន្លងមក ក្រុមហ៊ុននេះ បានដាក់រោងចក្រដំឡើង iPad នៅវៀតណាមរួចមកហើយ។ ថ្មីៗនេះ Apple បានពង្រីកការវិនិយោគថ្មីមួយនូវធនធាន NPI (New Product Introduction) ដែលពាក់ព័ន្ធនឹងការងារជាមួយអ្នកផ្គត់ផ្គង់លើការឌីហ្សាញ និងអភិវឌ្ឍនូវផលិតផលថ្មី៕