• 2017-07-07 04:23:08
  • ចំណេះដឹង

ប្រព័ន្ធ Operating System ធំ ៣ ប្រើ​លើ​កុំព្យូទ័រ មិន​ស្គាល់​ទេ Sabay ប្រាប់​

  • 2017-07-07 04:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Operating System ឫ​ហៅ​ជា​ភាសា​ខ្មែរ​ថា​ប្រព័ន្ធ​ប្រតិបត្តិការ​ គឺ​ជា​កម្មវិធី (Software) សំខាន់​បំផុត​ដែល​ដំណើរការ​លើ​កុំព្យូទ័រ។​ វា​ក្ដោបក្ដាប់​និង​គ្រប់គ្រង​នូវ​អង្គ​ចងចាំ​និង​អង្គ​គណនា​របស់​កុំព្យូទ័រ បន្ថែម​ទាំង​កម្មវិធី​ផ្សេងៗ​និង​ផ្នែក​គ្រឿង (Hardware) ទាំង​មូល។​ អនុញ្ញាត​ឱ្យ​យើង​អាច​ធ្វើ​ការ​ភ្ជាប់​ទំនាក់ទំនង​បញ្ជា​កុំព្យូទ័រ​ ដោយ​មិន​ប្រើប្រាស់​ភាសា​និយាយ​ជាមួយ​វា។ បើ​គ្មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ទេ កុំព្យូទ័រ​ដំណើរការ​ក៏​ឥត​ន័យ​ដែរ។

+តួនាទី​របស់ Operating System:

Operating Systme (OS) ដូច​ដែល​បាន​លើក​ឡើង​ វា​គ្រប់គ្រង​ទាំង​ផ្នែក​កម្មវិធី​និង​ផ្នែក​គ្រឿង​ ហើយ​ភ្ជាប់​ដំណើរការ​ទៅ​កាន់​ CPU, អង្គ​ចងចាំ និង RAM ជា​ដើម។​ វា​ឆ្លើយ​តប​ទៅ​វិញ នូវ​រាល់​តម្រូវ​ការ​ដែល​ចាំ​បាច់​ពី​ផ្នែក​នីមួយៗ។​

+ប្រភេទ​នៃ Operating System:

OS ដំណើរការ​លើ​កុំព្យូទ័រ​ត្រូវ​បាន​ចែក​ជា ៣ រួមមាន Microsoft Windows, Mac OS X និង Linux។ ទន្ទឹម​នឹង​ការ​បន្ទាន់​សម័យ OS ទាំង​នោះ បាន​ប្រើប្រាស់​នូវ​ដំណើរការ GUI (Grphical User Interface) ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ បញ្ជា​តាម​រយៈ​ Mouse ចុច​លើ​ icons, ប៊ូតុង​ និង​ផ្នែក​ម៉ឺនុយ​ផ្សេងៗ​ជា​ច្រើន ដែល​មាន​លើ​ផ្ទៃ​អេក្រង់​កុំព្យូទ័រ។

រាល់ GUI នៃ​ OS ទាំង​អស់ អាច​ថា​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រឡះ ឧទាហរណ៍​អ្នក​ប្ដូរ​ប្រើ​ពី Windows ទៅ Mac ដំបូងៗ​អ្នក​នឹង​ឈឺ​ក្បាល មិន​ដឹង​មុខងារ​ប្រើប្រាស់​របស់​វា ទម្រាំ​បាន​ទម្លាប់​ប្រើ​វា​ដោយ​រលូន។​

+Microsoft Windows:

ក្រុមហ៊ុន Microsoft បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ Windows ពាក់​កណ្ដាល​អំឡុង​​ឆ្នាំ ១៩៨០ មាន​ជំនាន់ Windows ល្បីៗ​រួម​មាន Windows Vista (2007), Windows 7 (2009), Windows 8 (2012) រហូត​ដាក់​បង្ហាញ​ដល់ Windows 10 នៅ​ឆ្នាំ ២០១៥ ហើយ​ជា​ OS ពេញ​និយម​បំផុត​ក្នុង​ពិភពលោក។

+Mac OS X:

បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Apple ដើម្បី​តម្រូវ​ការ​ប្រើប្រាស់​លើ​ពពួក​កុំព្យូទ័រ Macintosh របស់​ខ្លួន។​ ជំនាន់​របស់​វា​រួម​មាន Lion (2011), Mountain Lion (2012), Mavericks (2013), Yosemite (2014) និង EI Capitan (2015)។

យោង​តាម​របាយការណ៍​ពី SGS បាន​បង្ហាញ ចំនួន​អ្នក​ប្រើ Mac OS X មាន​មិន​ដល់ ១០ ភាគរយ​ទេ​ក្នុង​ពិភពលោក ខណៈ Windows មាន​ដល់ ៩០ ភាគរយ។ ទាក់ទង​នឹង​ផ្ទៃ​កម្មវិធី មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ថា Mac OS X មាន​លក្ខណៈ​ស្រស់​ស្អាត​ ត្រជាក់​ភ្នែក​ ជាង Windows។​​​​ ​

+Linux:

Linux ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ខុស​ពី Windows ដោយ​វា​ជា OS អាច​ធ្វើ​ការ​កែច្នៃ​បាន​ពី​សំណាក់​អ្នក​ប្រើ​ជុំវិញ​ពិភពលោក ខុស​ពី Windows ចេញ​ពី​ក្រុមហ៊ុន​មក​ស្រេច។ ទៀត​សោត​ Linux ដាក់​ឱ្យ​ទាញ​យក​ឥត​គិត​ថ្លៃ។ បច្ចុប្បន្ន​មាន​មិន​ដល់ ២ ភាគរយ​ ទេ​នៃ​អ្នក​ប្រើ​សរុប​ ដែល​មាន​ប្រើ​ Linux OS។

+Operating System សម្រាប់​ឧបករណ៍​ចល័ត (Mobile Devices):

រួម​មាន​ថេបប្លែត​និង​ស្មាតហ្វូន​ជា​ដើម បាន​ប្រើប្រាស់​នូវ OS ខុស​ពី​គ្នា ហើយ​មាន OS ធំ​ពីរ​រួមមាន Android របស់ Google និង iOS របស់ Apple។ គិត​នៅ​ត្រីមាស​ទី ៣ ឆ្នាំ ២០១៥ អ្នក​ប្រើ Android មាន ៧១ ភាគរយ រី​ឯ iOS មាន ២៤ ភាគរយ ហើយ​សេះ​សល់​ពី​នោះ ចែក​ទៅ​ឱ្យ​ Windows Phone និង​ OS ដទៃ៕

ចុច​អាន​បន្ត​

ប្រភព៖ gcflearnfree ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់