- 2015-05-13 17:54:30
- ព័ត៌មាន
Rolls-Royce រថយន្តសម្រាប់ត្រកូលអភិជន ឯតៃកុងបើកបរក៏ពិសេសមិនធម្មតា
- 2015-05-13 17:54:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rolls-Royce រថយន្តសម្រាប់ត្រកូលអភិជន ឯតៃកុងបើកបរក៏ពិសេសមិនធម្មតា
ចន្លោះមិនឃើញ
Rolls-Royce ដែលគេស្គាល់ជារថយន្តសម្រាប់ត្រកូលអភិជននិងមានមុខមាត់ខ្ពង់ខ្ពស់ ការជ្រើសរើសតៃកុងបើកបររថយន្តដ៏អស្ចារ្យនេះត្រូវមានការជ្រើសរើស យ៉ាងសម្រិតសម្រាំងជាមួយអ្នកដែលមានបុគ្គលិកលក្ខណៈដ៏ល្អឥតខ្ចោះ។
លោក Andi Carter-McCann គ្រូបណ្តុះបណ្តាលអ្នកបើកបរក្រុមហ៊ុន Rolls-Royce Motor Car បានឲ្យដឹងថា ម្ចាស់រថយន្ត Rolls-Royce ដែលជាបុគ្គលដ៏ខ្ពង់ខ្ពស់ច្រើនមានតៃកុងបើកបរផ្ទាល់ខ្លួន។ ដូច្នេះម្ចាស់រថយន្តក៏ដូចជាភ្ញៀវដែលប្រើប្រាស់រថយន្ត Rolls-Royce ចង់បានតៃកុងបើកបរអាជីពប្រកបដោយបុគ្គលិកលក្ខណៈសម្បត្តិយ៉ាងពិសេសស័ក្កសមកិត្តិយសមុខមាត់របស់ពួកគេ ដើម្បីបើកបរជូនដំណើរពួកគេជាមួយរថយន្តដ៏ប្រណិតអស្ចារ្យនេះ។
លោកបានឲ្យដឹងថា ម្ចាស់ដែលធ្វើដំណើរជាមួយរថយន្ត Rolls-Royce ប្រៀបបីដូចកំពុងជិះនៅលើកម្រាលព្រំទិព្វអីចឹង ដូច្នេះតៃកុង ត្រូវមានការទទួលខុសត្រូវខ្ពស់ទាំងសុជីវធម៌ និងបច្ចេកទេសក្នុងការបើកបរដោយមិនមែនផ្តោតតែលើការធ្វើដំណើរទៅ ដល់គោលដៅតែមួយមុខនោះទេ។
“តៃកុងអាជីព ត្រូវទទួលខុសត្រូវទាំងស្រុងដោយធានាថា ម្ចាស់របស់ពួកគេនឹងទទួលបានរីករាយក្នុងការធ្វើដំណើរដូចពួកគេ កំពុងធ្វើដំណើរនៅលើកម្រាលព្រំទិព្វគ្រប់ពេល ដោយពួកគេត្រូវដឹងនិងយកចិត្តទុកដាក់លើរាល់ចំណុចទាំងអស់“។
លោកថា តៃកុងដែលបើកបររថយន្ត Rolls-Royce ត្រូវមានស្តង់ដា ដូចជាការស្លៀកពាក់ត្រូវមានបែបបទយ៉ាងត្រឹមត្រូវ។ ឯរបបអាហារក៏មានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ផងដែរ។ ជាពិសេសតៃកុងជាអ្នកបើបករត្រូវចៀសវាងការទទួលទានបារី ដែលអាចនាំក្លិនមិនល្អសម្រាប់ម្ចាស់ក្នុងពេលធ្វើដំណើរ។
ក្រុមហ៊ុន Rolls-Royce បានរៀបចំកម្មវិធីមួយមានឈ្មោះថាស្រោមដៃពណ៌ស គោលបំណងផ្តល់ចំណេះដឹងដល់តៃកុងបើកបររថយន្ត Rolls-Royce ស្វែងយល់ពីសុជីវធម៌ក្នុងការបើកបររថយន្ត Rolls-Royce និងការប្រើប្រាស់ឲ្យកាន់តែប្រសើរ។
លោក Andi Carter-McCann ថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ជាគំនិតផ្ដួចផ្ដើមមួយមានគោលបំណងជួយតៃកុងរថយន្តឲ្យចេះគ្រប់គ្រង ក្នុងការបើកបររថយន្ត Rolls-Royce និងផ្តល់ចំណេះដឹងពីសុជីវធម៌ ដើម្បីធ្វើយ៉ាងណាអាចលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់រថយន្ត Rolls-Royce ដូចពាក្យស្លោករបស់លោក Sir Henry Royce ដែលនិយាយថា ព្យាយាមសម្រេចនូវភាពឥតខ្ចោះ ដោយព្យាយាមជួយតៃកុងចេះលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់រថយន្ត Rolls-Royce។
កម្មវិធីនេះស្រោមដៃពណ៌សនេះ រៀបចំឡើងកាលពីចុងឆ្នាំ ២០១៣ ដែលត្រូវបានអនុវត្តដំបូងនៅក្នុងទីផ្សារមួយចំនួនក្នុងទ្វីបអាស៊ីមានដូចជា សិង្ហបុរី តៃវ៉ាន់ ម៉ាកាវនិងប្រទេសថៃ។ ក្នុងឆ្នាំ ២០១៥ នេះ កម្មវិធីនេះក៏បានរៀបចំនៅទីក្រុងមួយចំនួនទៀតដូចជាក្នុងទីក្រុងភ្នំពេញ និងហាណូយប្រទេសវៀតណាម។
អត្ថបទ៖ ប៊ុណ្ណារ៉ា