
- 2025-04-08 08:44:54
- ព័ត៌មាន
Chery QQ ត្រឡប់មកវិញជាមួយរូបរាងថ្មីប្លែក ត្រៀមវាយយកទីផ្សារ រថយន្តអគ្គិសនីខ្នាតតូច នៅចិន
- 2025-04-08 08:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chery QQ ត្រឡប់មកវិញជាមួយរូបរាងថ្មីប្លែក ត្រៀមវាយយកទីផ្សារ រថយន្តអគ្គិសនីខ្នាតតូច នៅចិន
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តចិន Chery បានប្រកាសថា ខ្លួននឹងនាំម៉ូដែលរថយន្ត Chery QQ ដ៏ល្បីល្បាញត្រឡប់មកវិញជាមួយនឹងរូបរាងថ្មីទាំងស្រុង ដោយគ្រោងនឹងបង្ហាញជាផ្លូវការនៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ Shanghai Auto Show ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីរថយន្តស៊េរីនេះត្រូវបានបញ្ឈប់ផលិតកម្មកាលពីឆ្នាំ២០១៤ ដោយសារការលក់មិនសូវទទួលបានលទ្ធផលល្អ។
នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ លោក លី ស៊ុយយ៉ុង (Li Xueyong) អនុប្រធានក្រុមហ៊ុន Chery Automobile បានបញ្ចេញរូបភាពផ្លូវការនៃគំរូរថយន្ត (concept car) Chery QQ ថ្មី ដែលបង្ហាញពីការរចនាដ៏ទំនើបជាមួយនឹងពណ៌ខ្មៅ និងស បំពាក់ដោយភ្លើងខាងមុខរាងធរណីមាត្រ។ រថយន្តនេះត្រូវបានគេរំពឹងថានឹងជារថយន្តអគ្គិសនី (EV) ដែលឆ្លើយតបនឹងតម្រូវការទីផ្សារបច្ចុប្បន្ននៅប្រទេសចិន ដែលរថយន្តអគ្គិសនីខ្នាតតូចកំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង។
Chery QQ ដើមឡើយត្រូវបានដាក់លក់ជាលើកដំបូងក្នុងឆ្នាំ២០០៣ ដោយមានតម្លៃថោកបំផុតត្រឹម ២៩,៩០០ យន់ (ប្រមាណ ៤,១០០ ដុល្លារ) ។ នៅកំពូលនៃភាពជោគជ័យ វាលក់បានជាង ៤០,០០០ គ្រឿងក្នុងឆ្នាំដំបូង និងសរុបជាង ១,៤ លានគ្រឿងមុនពេលផ្អាកផលិតកម្ម។ ទោះបីជាមានភាពជោគជ័យនេះក៏ដោយ ម៉ូដែលជំនាន់ក្រោយៗមិនសូវទទួលបានការគាំទ្រខ្លាំង ដែលនាំឱ្យក្រុមហ៊ុនសម្រេចបញ្ឈប់ការផលិត។
រូបរាងថ្មីនៃ Chery QQ នេះមានលក្ខណៈទំនើបជាងមុន ដោយបំពាក់កញ្ចក់ចំហៀងឌីជីថល គ្មានដៃទ្វារ និងកង់រចនាជាសញ្ញា «+» ដែលផ្គូផ្គងជាមួយពណ៌ខ្មៅ និងស។ ផ្នែកខាងមុខមានក្រឡាបិទជិត និងស្លាក «Qq» ថ្មី ខណៈផ្នែកខាងក្រោយមានភ្លើងក្រោយរចនាស្រដៀងផ្នែកខាងមុខ។ ការរចនានេះបង្ហាញពីភាពប្លែកភ្នែក និងទាន់សម័យ ដែលអាចជួយឱ្យ Chery QQ ប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចដទៃទៀតដូចជា Wuling Hongguang Mini EV និង Geely Geome Xingyuan ជាដើម។
អ្នកវិភាគបាននិយាយថា ការត្រឡប់មកវិញរបស់ Cherry Automobile អាចជាពេលវេលាដ៏សមស្រប ដោយសារតម្រូវការរថយន្តអគ្គិសនីខ្នាតតូចនៅចិនកំពុងកើនឡើង ដោយសារតម្លៃសមរម្យ និងភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងទីក្រុង។ ទោះបីជាព័ត៌មានលម្អិតអំពីម៉ាស៊ីន និងតម្លៃមិនទាន់ត្រូវបានបញ្ចេញជាផ្លូវការក៏ដោយ ក៏ Chery បានបង្ហើបថា ព័ត៌មានបន្ថែមនឹងត្រូវបានបង្ហាញនៅឯពិព័រណ៍ Shanghai Auto Show ដែលជាព្រឹត្តិការណ៍ធំបំផុតមួយនៅក្នុងឧស្សាហកម្មរថយន្តចិន។
ការវិលត្រឡប់នេះបានបង្កើតក្តីរំពឹងថា Chery QQ អាចនឹងរស់ឡើងវិញនូវភាពជោគជ័យដែលខ្លួនធ្លាប់មាន និងទាក់ទាញអ្នកប្រើប្រាស់ជំនាន់ថ្មីនៅទីផ្សារដ៏ធំបំផុតមួយនៅលើពិភពលោក៕