• 2025-04-09 06:47:56
  • ព័ត៌មាន

BYD Sealion 07 DM បង្ហាញផ្នែកខាងក្នុងដ៏ទំនើប មុនការដាក់លក់ជាផ្លូវការ

  • 2025-04-09 06:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី របស់ចិន BYD បានបញ្ចេញរូបភាពផ្នែកខាងក្នុងនៃរថយន្តប្រភេទ SUV ខ្នាតធំ Sealion 07 DM ដែលជារថយន្តថ្មីបំផុតនៅក្នុងស៊េរី Ocean របស់ខ្លួន។ យោងតាមការប្រកាសផ្លូវការពី BYD បានឱ្យដឹងថា រថយន្តនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាទំនើប និងផាសុកភាពខ្ពស់ ដើម្បីទាក់ទាញអតិថិជននៅទីផ្សារចិន និងអន្តរជាតិ។

រថយន្ត Sealion 07 DM ជារថយន្តប្រភេទ Plug-in Hybrid (PHEV) ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា DM-i ជំនាន់ទី ៥ របស់ BYD ដោយរួមបញ្ចូលម៉ាស៊ីនសាំង ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី។ រថយន្តនេះមានតម្លៃប៉ាន់ស្មានចាប់ពី ២០០,០០០ យ័ន ដល់ ២៥០,០០០ យ័ន (ប្រមាណ ២៧,៤៥០ ដុល្លារ ទៅ ៣៤,៣៥០ ដុល្លារ) និងត្រូវបានគេរំពឹងថានឹងចូលទីផ្សារចិននៅឆ្នាំ ២០២៥ នេះ។

ផ្នែកខាងក្នុងនៃ Sealion 07 DM ត្រូវបានបង្ហាញជាមួយនឹងការរចនាដ៏ប្រណីត និងទាន់សម័យ។ វាមានអេក្រង់កណ្តាលទំហំ ១៥,៦ អ៊ីញដែលអាចបង្វិលបាន និងអេក្រង់ឧបករណ៍បញ្ជាទំហំ ១០,២៥ អ៊ីញនៅខាងមុខកៅអីអ្នកបើកបរ។ ចង្កូតបួនជ្រុងដែលមានរាងសំប៉ែតនៅផ្នែកខាងក្រោមបានបន្ថែមភាពទាក់ទាញ។ លើសពីនេះ កៅអីខាងមុខមានការរចនាបែបស្ព័រ ជាមួយនឹងមុខងារកម្តៅ និងខ្យល់ត្រជាក់ ហើយរថយន្តនេះក៏មានដំបូលកញ្ចក់ Panoramic ដ៏ធំទូលាយផងដែរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៀតគឺ ការបំពាក់ទូរទឹកកកតូចមួយនៅខាងក្នុងរថយន្ត ដែលជាលក្ខណៈពិសេសមួយដើម្បីបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ ការរចនានេះបង្ហាញពីការយកចិត្តទុកដាក់របស់ BYD ក្នុងការផ្តល់ជូននូវបទពិសោធន៍ប្រណីត និងស្របតាមតម្រូវការប្រើប្រាស់ជាក់ស្តែងសម្រាប់អតិថិជន។

Sealion 07 DM មានទំហំបណ្តោយ ៤,៨៨០ មីលីម៉ែត្រ ទទឹង ១,៩២០ មីលីម៉ែត្រ និងកម្ពស់ ១,៧៥០ មីលីម៉ែត្រ។ វាជារថយន្ត ៥ កៅអីដែលផ្តោតលើផាសុកភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដោយរួមបញ្ចូលប្រព័ន្ធ “God’s Eye” C (DiPilot 100) ដែលជាប្រព័ន្ធជំនួយការបើកបរដ៏ទំនើប។

អ្នកជំនាញឧស្សាហកម្មរថយន្តបានលើកឡើងថា Sealion 07 DM នឹងក្លាយជាគូប្រជែងដ៏សំខាន់មួយនៅក្នុងទីផ្សាររថយន្ត Hybrid នៅចិន ដោយសារតែការរួមបញ្ចូលគ្នារវាងតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់