• 2019-05-28 03:00:44
  • ព័ត៌មាន

ទូរសព្ទ​​មាន​បង្កប់​កូន​កង្ហារ​ពី​ក្នុង ចេញ​លក់​ទូទាំង​ពិភពលោក​ហើយ​

  • 2019-05-28 03:00:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ZTE បាន​ពង្រីក​ទីផ្សារ​​សម្រាប់​លក់​ស្មាតហ្វូន​​ម៉ូដែល Red Magic 3 នៅ​តំបន់​សំខាន់ៗ​ជា​ច្រើន​នៅ​លើ​ពិភពលោក រួម​មាន​តំបន់​អឺរ៉ុប, អាមេរិក​ខាង​ជើង, អូស្ត្រាលី និង​ប្រទេស​អាស៊ាន​មួយ​ចំនួន។

Red Magic 3 ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​បំពាក់​កូន​កង្ហារ​ពិតៗ​នៅ​ខាង​ក្នុង​ជួយ​បញ្ចុះ​កម្ដៅ និង​ ដំបូង​គេ​ដែល​អាច​ថត​វីដេអូ​កម្រិត 8K ផង​ដែរ។ ទូរសព្ទ​នេះ​មាន​តម្លៃ​ចាប់​ពី ៤៧៩ ដុល្លារ/៤៧៩​ អឺរ៉ូ សម្រាប់​ប្រភេទ RAM ៨ GB/ROM ១២៨ GB និង តម្លៃ ៥៩៩ ដុល្លារ/ ៥៩៩ អឺរ៉ូ សម្រាប់​ប្រភេទ RAM ១២ GB និង ROM ២៥៦ GB។

ចាប់​ពី​ថ្ងៃ​នេះ​ទៅ Red Magic 3 មាន​លក់​នៅ​អឺរ៉ុប, អង់គ្លេស, សហរដ្ឋអាមេរិក, កាណាដា, អូស្ត្រាលី, អ៊ីស្រាអែល, ហុងកុង, ជប៉ុន, សិង្ហបុរី, ឥណ្ឌូណេស៊ី, តៃវ៉ាន់ និង ម៉ាកាវ។ ចំណែក​ប្រទេស​ឥណ្ឌា​អាច​នឹង​មាន​លក់​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​ខាង​មុខ។

Red Magic 3 មាន​បំពាក់​អេក្រង់​ AMOLED ទំហំ ៦,៦៥ អ៊ីញ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​ FHD+ ហើយ​មាន​​ Refresh Rate ល្បឿន​ដល់ ៩០ Hz (ស្មាតហ្វូន​ធម្មតា​មាន​​ត្រឹម​ ៦០ Hz)។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​បំពាក់​ដោយ​រន្ធ​បំពង​សំឡេង​បែប​ស្តេរ៉េអូ និង បញ្ចេញ​សំឡេង​បែប​ 3D បាន​យ៉ាង​ពីរោះ​រណ្ដំ។

​ខាង​ក្រោយ​ស្មាតហ្វូន​នេះ​មាន​កាមេរ៉ា​មួយ​គ្រាប់​កម្រិត​ ៤៨ MP ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត​ 8K និង​អាច​ថត​វីដេអូ​ក្នុង​ល្បឿន​យឺត​បំផុត​ដល់ ១៩២០ ប្លង់/វិនាទី ខណៈ​ដែល​ទូរសព្ទ​ផ្សេង​ថត​បាន​ត្រឹម​ ៩៦០ ប្លង់/វិនាទី​ប៉ុណ្ណោះ។ កាមេរ៉ា Selfie មាន​កម្រិត ១៦ MP។

Red Magic 3 មាន​បំពាក់​ថ្ម​ទំហំ ៥០០០ mAh អាច​​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​ពេញ​មួយ​ថ្ងៃ។ ស្មាតហ្វូន​នេះ​​ក៏​មាន​នូវ​ផ្ទាំង​ពិសេស​មួយ​សម្រាប់​ Gamer ដែល​អាច​ឲ្យ​អ្នក​ចូល​​បើក​ហ្គេម​បាន​លឿន, ឆែក​មើល​ល្បឿន​កង្ហារ, ឆែក​មើល​សីតុណ្ហភាព​ទូរសព្ទ និង​ថត​វីដេអូ​លើ​អេក្រង់​ពេល​កំពុង​លេង​ហ្គេម​បាន​ទៀត៕

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់