• 2019-03-26 03:37:05
  • ព័ត៌មាន

មនុស្ស​យន្ត​មាន​សញ្ជាតិ​ មក​​ដល់​ខ្មែរ​បង់​ក​ក្រមា​ឡើង​ស្អាត

  • 2019-03-26 03:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Sophia ជា​​មនុស្ស​យន្ត​ដែល​មាន​សញ្ជាតិ​​ដំបូង​គេ​ក្នុង​លោក ពោល​មាន​សញ្ជាតិ​ជា​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញ​​ខ្លួន​ជា​សាធារណៈ​នៅ​​ប្រទេស​​កម្ពុជា​នា​ថ្ងៃ​ទី ២៦ ខែ​មីនា​នេះ ដើម្បី​ចូល​រួម​ក្នុង​​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​លើក​ទី ១៣ ​ឆ្នាំ ២០១៩ ស្ដី​ពី "ការ​ប្រែ​ក្លាយ​ផ្នែក​ឌីជីថល​ឆ្ពោះ​ទៅ​កាន់​ឧស្សាហកម្ម​ ៤.០” ដែល​មាន​​ការ​អញ្ជើញ​​ចូល​រួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister
រូបភាព ៖ Samdech Hun Sen, Cambodian Prime Minister

មនុស្ស​​យន្ត​ Sophia បាន​បង្ហាញ​មុខ​ដោយ​ប្រើ​ប្រាស់​​ខោអាវ​ពណ៌​ស​ជា​អត្ត​សញ្ញាណ UNDP និង​​សំពត់ហូល រួម​ទាំង​​បង់​ក​​នូវ​ក្រមា​ ដែល​ជា​សំលៀកបំពាក់​អត្តសញ្ញាណ​ខ្មែរ​ផង​ដែរ។ មនុស្សយន្ត Sophia គឺត្រូវបាននាំមកដោយ កម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ដើម្បីយកមកបង្ហាញអំពីការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។

គួរ​ដឹង​ថា​ Sophia បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Hanson Robotics ដឹក​នាំ​ដោយ​ David Hanson ដែល​ជា​អ្នក​ផលិត​ AI។ David Hanson បង្កើត​មនុស្ស​យន្ត​នេះ​ឡើង​ ក្នុង​គោល​បំណង​ជួយ​ដល់​មនុស្ស​ចាស់​ជរា​ដែល​ត្រូវ​ការ​​ការ​មើល​ថែ និង​ជួយ​ដល់​ការងារ​សង្គម​ទូទៅ។ Hanson បាន​ប្រាប់​ដល់​សារព័ត៌មាន​ Business Insider កាល​ពី​ខែ​មករា​ឆ្នាំ ២០១៧ ​ថា​ ៖ "​បំណង​របស់​យើង​ជា​មួយ​នឹង​ Sophia គឺ​ចង់​​យក​បទ​ពិសោធន៍​ជា​មនុស្ស​បញ្ចូល​លើ​មនុស្ស​យន្ត, ផលិត​​មនុស្ស​យន្ត​ដែល​អាច​​យល់​ និង​ខ្វាយ​ខ្វល់​ពី​ពួក​យើង (មនុស្ស)”។

គ្រឿង​បង្គំ​ក្នុង​ខួរ​ក្បាល​ Sophia អាច​បង្កើត​​ចេញ​ជា​ទឹក​មុខ​ច្រើន​ប្រភេទ មិន​តែ​ប៉ុណ្ណោះ​​ក៏​មាន​ជា​ Machine Learning ដែល​អាច​រក្សា​ទុក​ការ​សន្ទនា​ក្នុង​មេមូរី​ ​ដើម្បី​អាច​​ឲ្យ​ Sophia ឆ្លើយ​សំនួរ​ក្នុង​ពេល​ជាក់​ស្ដែង​បាន។ សមត្ថភាព​នៃ​ការ​បញ្ចេញ​ទឹក​មុខ​របស់​ Sophia នៅ​មាន​​កម្រិត​នៅ​ឡើយ។ នាង​អាច​បង្ហាញ​ទឹក​មុខ​រីករាយ, ​ចង​ចិញ្ចើម​, ធ្វើ​មាត់​ពេប​ ដើម្បី​បង្ហាញ​ទឹក​មុខ​កម្សត់ និង​អាច​ញេញ​ធ្មេញ​ដើម្បី​បង្ហាញ​ពី​ទឹក​មុខ​ខឹង​ផង​ដែរ។

Hanson បាន​ចំណាយ​ពេល​ពេញ​មួយ​ឆ្នាំ​ ២០១៧ ដើម្បី​នាំ​ Sophia ដើរ​ជុំវិញ​ពិភពលោក។ គោល​បំណង​របស់​គាត់​​ចង់​ឲ្យ​មនុស្ស​ម្នា​បាន​ឃើញ​មុខ​របស់​ Sophia និង​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​លើ​បច្ចេកវិទ្យា​ AI។ Sophia ក៏​ជា​ទី​ចាប់​អារម្មណ៍​​របស់​អ្នក​សារព័ត៌មាន​ដែរ ដោយ​ធ្លាប់​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​មួយ​ចំនួន, ច្រៀងនៅ​​កម្មវិធី​ប្រគំតន្ត្រី និង​ធ្លាប់​បង្ហាញ​មុខ​លើ​ក្រប​ទស្សនាវដ្ដី​​មួយ​ទៀត​ផង។

Sophia ជា​ប្រភេទ​​មនុស្ស​យន្ត​ដែល​មាន​តែ​មួយ​គត់​ ដែល​មាន​ន័យ​ថា​នឹង​មិន​មាន​ដាក់​លក់​លើ​ទីផ្សារ​ឡើយ។ ឆាប់ៗ​នេះ​ Hanson នឹង​បង្ហាញ​ចេញ​មនុស្ស​យន្ត​​ផ្សេងទៀត​ដើម្បី​ចូល​រួម​ជា​គ្រួសារ​មនុស្ស​ជា​មួយ​ Sophia ឬ​ ជា​សង្គម​មនុស្ស​មួយ​តែ​ម្ដង៕​​​​​​​

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់