- 2016-01-13 17:00:05
- គន្លឹះ
វិធីបញ្ជាក់រថយន្តមួយទឹក ធ្លាប់គ្រោះថ្នាក់ខ្ទេចកន្លែងណាក៏អាចដឹង
- 2016-01-13 17:00:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីបញ្ជាក់រថយន្តមួយទឹក ធ្លាប់គ្រោះថ្នាក់ខ្ទេចកន្លែងណាក៏អាចដឹង
ចន្លោះមិនឃើញ
ពលរដ្ឋខ្មែរកំពុងនិយមទិញរថយន្តមួយទឹក ដោយសារវាមានតម្លៃធូរថ្លៃ តែពេលខ្លះពួកគេពុំបានដឹងពីប្រវត្តិរថយន្តនោះថាតើវាធ្លាប់ជួបគ្រោះថ្នាក់ខូចខាតអ្វីខ្លះនោះទេ។ មានវិធីជាច្រើនដែលអ្នកជំនាញឬសូម្បីអ្នកផ្ទាល់ក៏អាចឆែកដឹងថារថយន្តដែលបម្រុងនឹងទិញ ធ្លាប់មានបញ្ហាបុកខ្ទេចខ្ទីយ៉ាងម៉េចខ្លះ។
លោក ដេវីដ សុជាតា (ហៅដេវីដ) អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនផ្តល់សេវាកម្មមើលប្រវត្តិរថយន្តបុក Phnom Penh AutoCheck ឱ្យដឹងថា ពលរដ្ឋខ្មែរទាំងអស់គួរស្វែងយល់ពីប្រវត្តិរថយន្តមួយទឹកដែលហៀបនឹងទិញឱ្យបានច្បាស់ ដើម្បីកុំឱ្យខកចិត្តឬមានបញ្ហាផ្សេងៗទៅថ្ងៃមុខ។
ជាក់ស្ដែងការត្រួតពិនិត្យរថយន្តធ្លាប់មានបញ្ហាបុកនៅក្រុមហ៊ុនលោក ត្រូវបានធ្វើឡើងតាមវិធីសំខាន់ៗដូចខាងក្រោម៖
@ឆែកលេខតួរថយន្ត (VIN)៖
VIN (Vehicle Identification Number) ជាលេខតួរថយន្តចំនួន ១៧ខ្ទង់ ដែលជាទូទៅមាននៅតាមគែមទ្វារក្បែរអ្នកបើកបរ ឬនៅកញ្ចក់ខាងមុខផ្នែកខាងឆ្វេង និងទីតាំងផ្សេងទៀតទៅតាមប្រភេទនិងម៉ាករថយន្ត។ VIN ជាតួលេខរថយន្តមានតួនាទីសំខាន់អាចឱ្យអ្នកឆែកមើលប្រវត្តិរថយន្តលម្អិតតាមប្រព័ន្ធអ៊ីនធឺណិត។
នៅពេលឆែក VIN រថយន្តលើប្រព័ន្ធអ៊ីនធឺណិតរួចរាល់នោះអ្នកនឹងទទួលបានព័ត៌មានលម្អិតអំពីគុណភាពរថយន្តដូចខាងក្រោម៖ ១. ចំនួនម្ចាស់ដើមដែលធ្លាប់ប្រើប្រាស់រថយន្ត ២. ប្រវត្តិរថយន្តធ្លាប់ជួបគ្រោះថ្នាក់ និង រូបភាពដើមរថយន្តមិនទាន់ជួសជុល ៣. ប្រវត្តិរយៈចម្ងាយដែលរថយន្តត្រូវបានដាក់ជួល និង រត់តាក់ស៊ីជាដើម ៤. ប្រភពដើម (ប្រទេសនិងរដ្ឋ) ដែលរថយន្តធ្លាប់បានប្រើប្រាស់ ៥. ប្រវត្តិរថយន្តធ្លាប់លិចលង់ក្នុងទឹក ឆាបឆេះនិងចោរលួច ៦. ប្រវត្តិរថយន្តធ្លាប់បានរើម៉ាស៊ីន និង បញ្ហាផ្សេងៗ ៧. កាលបរិច្ឆេទនាំចូលមកកម្ពុជា ៨. គុណភាពផ្នែកបាតក្រោមរថយន្ត (ផ្នែកច្រេះនិងពុកផុយ)។
លោក ដេវីដអះអាងថា ប៉ុន្មានចំណុចខាងលើអ្នកទិញអាចមើល ថ្លឹងថ្លែងនិងវាយតម្លៃគុណភាពរថយន្តបានដោយខ្លួនឯង។ ប៉ុន្តែ អ្នកខ្លះចង់ទិញរថយន្តមួយទឹកស៊េរីទំនើបនិងតម្លៃថ្លៃ តែងគិតសព្វជ្រុងជ្រោយមុនសម្រេចចិត្តទិញប្រើ ដូច្នេះត្រូវទាមទារមានអ្នកជំនាញជួយផ្ដល់យោបល់និងវាយតម្លៃកាន់ស៊ីជម្រៅលើគុណភាពរថយន្ត ដោយផ្អែកលើប៉ុន្មានចំណុចខាងលើ ដើម្បីបញ្ជាក់ថាតើអាចទិញប្រើបានឬអត់។
@ ពិនិត្យផ្ទាល់កាន់តែស៊ីជម្រៅ៖
បន្ទាប់ពីពិនិត្យប្រវត្តិរថយន្តតាម VIN ហើយ ចូលដល់វគ្គសាកល្បងជិះរថយន្តផ្ទាល់។ ដំណាក់កាលនេះអ្នកទិញក៏អាចពិនិត្យនិងវិនិច្ឆ័យដោយខ្លួនឯងបានដែរបើសិនមានបទពិសោធន៍ខ្លាំងខាងផ្នែករថយន្ត តែបើមិនសូវច្បាស់ត្រូវទាមទារអ្នកជំនាញ។
បើតាមលោក ដេវីដ និយាយថាការពិនិត្យរថយន្តផ្ទាល់ភ្នែកនិងជិះសាកល្បងតែម្តងដើម្បីដឹងថា រថយន្តមួយទឹកនោះអាចម្ចាស់ការបានកម្រិតណាលើដងផ្លូវ ដូចជាពេលឈប់ស្តុប ឡើងទួល ធ្លាក់ជង្ហុក។ ត្រង់ចំណុចនេះអ្នកត្រួតពិនិត្យមិនថា អ្នកទិញផ្ទាល់ឬអ្នកជំនាញឯកទេសទេ គឺត្រូវពិនិត្យផ្នែក៣សំខាន់ៗដូចជា៖
១. ផ្នែកខាងក្នុង៖ ពិនិត្យគុណភាពផ្នែកខាងក្នុងរថយន្តមានដូចជា ប្រព័ន្ធម៉ាស៊ីនត្រជាក់ តាប្លូ និងប្រព័ន្ធភ្លើង ជាដើម។ ២. ផ្នែកខាងក្រៅ ពិនិត្យមើល៖ @ចង្កៀងមុខក្រោយ @ថ្នាំរថយន្តនិងនិងភាពរាបស្មើនៃសាច់ខាងក្រៅរថយន្ត។ រថយន្តមួយទឹកទោះបីត្រូវជួសជុលស្អាតប៉ុណ្ណាក៏នៅតែមិនល្អឥតខ្ចោះដូចរូបរាងដើមរបស់វាដែរ ដូច្នេះអ្នកអាចពិនិត្យមើលសាច់រថយន្តខាងក្រៅថាមានកន្លែងណាខ្លះរាងគ្រើម សាច់រថយន្តខ្ពស់ទាបឬរាងកំពិតមើលមួយភ្លែតមិនដឹង។
៣. បាតក្រោម៖ ត្រូវពិនិត្យប្រព័ន្ធហ្វ្រាំង បូមនិងគ្រឿងក្រោមសំខាន់ផ្សេងទៀតរបស់រថយន្តមួយទឹកនោះ។
ក្រោយឆ្លងកាត់ការពិនិត្យប្រវត្តិនិងចំណុចសំខាន់ផ្សេងទៀតរបស់រថយន្តមួយទឹក អ្នកនឹងកាន់តែច្បាស់ថាគួរសម្រេចចិត្តទិញរថយន្តមួយទឹកណាមកជិះនិងមានសុវត្ថិភាពខ្ពស់ទៅថ្ងៃក្រោយសម្រាប់គ្រួសារអ្នក៕
ខាងសេវាកម្មទាក់ទងនឹងការពិនិត្យរថយន្តមួយទឹកថាធ្លាប់មានបញ្ហាគ្រោះថ្នាក់ឬអត់ អាចទាក់ទងក្រុមហ៊ុន Phnom Penh AutoCheck តាមលេខទូរសព្ទ 010 291 012។
អត្ថបទ៖ ប៉ែត ផាន់និត