- 2018-10-17 07:26:00
- ព័ត៌មាន
មួន ឆៃលី ពីអ្នកសរសេរកូដធម្មតាមួយរូប ក្លាយជាជើងខ្លាំងកូដដ៏ចំណាន!
- 2018-10-17 07:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួន ឆៃលី ពីអ្នកសរសេរកូដធម្មតាមួយរូប ក្លាយជាជើងខ្លាំងកូដដ៏ចំណាន!
ចន្លោះមិនឃើញ
ដោយការស្រលាញ់និងចូលចិត្តផ្នែកវិទ្យាសាស្រ្ត យុវជនមានស្រុកកំណើតមកពីខេត្តកំពង់ចាម មួន ឆៃលី បានចាប់ផ្តើមបើកទំព័រជីវិតជាមួយកុំព្យូទ័រ មួយថ្ងៃៗនៅតែមុខអេក្រង់ សំឡឹងមើលមួយតួអក្សរម្ដងនៃដំណើរការកូដ ក្រែងមានខុសរហូតអភិវឌ្ឍខ្លួនក្លាយជា អ្នកជំនាញសរសេរកូដដ៏ចំណានម្នាក់។
សព្វថ្ងៃលោក ឆៃលី ជាប្រធានផ្នែក Software developers ដែលមានសមាជិកប្រមាណជា ១០ នាក់ក្នុងក្រុម។ សមាជិករបស់លោក សុទ្ធតែជាអ្នកមានទេពកោសល្យផ្នែកដោះស្រាយបញ្ហា Software និងការសរសេរកូដ (ដែលមានទាំងផ្នែក Front-end ផ្នែក back-end, អ្នកអភិវឌ្ឍន៍កម្មវិធីទូរសព្ទ(mobile developer) និងអ្នកវិភាគទិន្នន័យ (data analyst)។
តួនាទីគោលរបស់លោកគឺ ត្រូវត្រួតពិនិត្យមើលការខុសត្រូវក្នុងក្រុម រៀបចំនិងគ្រប់គ្រងការងារគម្រោងនៃ Project ណាមួយ បង្កើតនិងរៀបចំរចនាប្រព័ន្ធវិបសាយ( Web system architecture) គ្រប់គ្រងលើការវិភាគទិន្នន័យ និយាយរួមគឺ គាំទ្រ(support) និងថែទាំ(maintaining)គ្រប់ផលិតផលដែលក្រុមត្រូវទទួលបន្ទុក។
ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី មិនត្រឹមតែជាអ្នកបង្កើតកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកទទួលបន្ទុកតេស្តសាកល្បង ធ្វើយ៉ាងត្រូវប្រាកដថា កម្មវិធីចេញទៅ ដោយគ្មានបញ្ហាលើការប្រើប្រាស់ ងាយមើលមានភាពទាក់ទាញ មានទំហំតូច ងាយប្រើទាំងអ្នកទាំងក្នុងក្រុង និងជនបទ។
ជំនាញនេះ អាចថា ជំនាញមួយដែលទាមទារការតាំងចិត្តខ្ពស់ ហើយស្វ័យសិក្សាដោយខ្លួនឯង។ ដើម្បីអាចក្លាយជាអ្នកអភិវឌ្ឍន៍កម្មវិធី អ្នកត្រូវក្រេបយកចំណេះដឹងពីសាលា ឬចូលរួមក្នុងវគ្គពិសេសៗទាក់ទងនឹងការសរសេរកូដ មិនថាទាំងសិក្ខាសិលាតូច ឬធំក្តី។ ម្យ៉ាងទៀត អ្នកអាចចុះឈ្មោះរៀនដោយខ្លួនឯងបានតាមរយៈអនឡាញ ដែលមានពេញអ៊ីនធើណិត វគ្គខ្លះក៏មិនគិតថ្លៃ វគ្គខ្លះក៏គិតថ្លៃ។
ប្រសិនបើអ្នកជានិស្សិតនៅសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញ IT ឬវិទ្យាសាស្រ្តកុំព្យូទ័រ អ្នកគួរអនុវត្តសរសេរកូដ ឬដោះស្រាយបញ្ហាកូដដោយខ្លួនឯងឲ្យបានច្រើន។ ជាងនេះទៀត អ្នកគួរស្វែងរកការងារដែលទាក់ទងនឹងជំនាញនេះ។
យុវជនឆៃលី បានបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញផ្នែក Software System Engineering មកពីសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃគឺ King Mongkut's University of Technology North Bangkok តាមរយៈបទពិសោធន៍ក្នុងតំណែងតាំងពីបុគ្គលិកធម្មតា រហូតក្លាយជាអ្នកជំនាញកំពុងបម្រើការនៅ Sabay ដែលក្រុមហ៊ុនឌីជីថលដ៏ធំ និងឈានមុខគេនៅកម្ពុជា លោកបានឲ្យដឹងថា នៅក្នុងក្រុមតែងមានវគ្គចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក យ៉ាងតិចម្ដង ឬពីរដងក្នុងមួយសប្តាហ៍ ដើម្បីឲ្យមានស្មារតីក្រុមនិងធ្វើឲ្យស្ថាប័នទាំងមូលមានការអភិវឌ្ឍជាបន្តបន្ទាប់។
យុវជនវ័យ ២៨ ឆ្នាំរូបនេះបានបន្តថា លោកបានចូលធ្វើការជាង ៣ ឆ្នាំហើយនៅក្រុមហ៊ុន Sabay ដោយចាប់ផ្តើមដំបូងត្រឹមតែជាអ្នកសរសេរកូដធម្មតាមួយរូប រហូតក្លាយជាប្រធានផ្នែក Software developer ដ៏សំខាន់ម្នាក់ក្នុងស្ថាប័ន។ *ធ្វើការនៅទីនេះ មិនត្រឹមតែធ្វើការដើម្បីតែក្រុមហ៊ុន និងប្រាក់ចំណូលប៉ុណ្ណោះទេ គឺក្រុមហ៊ុនមានការយកចិត្តទុកដាក់ខ្ពស់ ហើយមិត្តរួមការងារក៏ស្ដាប់មតិយោបល់គ្នាទៅវិញទៅមក អ្នករាល់គ្នាមានឧកាសអាចបញ្ចេញសមត្ថភាពបានពេញលេញ និងមានឧកាសរៀនសូត្រអ្វីដែលថ្មីៗបន្ថែមទៀត។
ចំពោះការយល់ឃើញរបស់យុវជនមានទេពកោសល្យរូបនេះ បានបង្ហើបថា បច្ចុប្បន្នបច្ចេកវិទ្យានៅក្នុងប្រទេសកំពុងលូតលាស់ មានភាពប្រសើរច្រើនទាំងជនបទ និងទីប្រជុំជន ដូចនេះអ្នកជំនាន់ក្រោយសូមចាប់យកឧកាសផ្សេងៗដើម្បីអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគត កុំទុកទំនេរធ្វើរឿងមិនបានការ៕