- 2023-02-07 07:32:33
- ចំណេះដឹង
បើកឡានសុខៗ ឃើញលោតសញ្ញា Check ទាំងនេះ ប្រយ័ត្នអត់ទៅដល់គោលដៅ
- 2023-02-07 07:32:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកឡានសុខៗ ឃើញលោតសញ្ញា Check ទាំងនេះ ប្រយ័ត្នអត់ទៅដល់គោលដៅ
ចន្លោះមិនឃើញ
នៅគ្រប់រថយន្តទាំងអស់ ពេលមានភាពប្រក្រតីអ្វីមួយនៅលើរថយន្ត គឺតែងមានលោតសញ្ញា Check ក្នុងកុងទ័រ ដើម្បីឱ្យបើកបរបានដឹង។ សញ្ញា Check គឺមានច្រើនណាស់ ដែលបញ្ជាក់ពីបញ្ហាផ្សេងៗគ្នា តែក្នុងនោះ មានសញ្ញា Check ចំនួន៥ ដែលលោកគួរចាប់អារម្មណ៍ ពេលកំពុងធ្វើដំណើរតាមផ្លូវ ហើយបើអាច គួរស្វែងរកយានដ្ឋានជួសជុលសិនទៅ។ សញ្ញា Check ទាំង៥នោះមានដូចជា៖
១. សញ្ញា Check ម៉ាស៊ីន
សញ្ញានេះ តែងឧស្សាហ៍កើតឡើងជាងគេ ព្រោះតែវាមានចំណុចពាក់ព័ន្ធច្រើននឹងម៉ាស៊ីន។ បញ្ហាភាគច្រើនដែលបណ្តាលឱ្យលោតសញ្ញានេះ គឺជាបញ្ហាប៊ូស៊ី ឌុយស៊ឺមុំាង ចំហេះសាំង និងសំបុកឃ្មុំ។ តែយ៉ាងណា ទោះពេលកំពុងបើករថយន្ត ហើយឃើញលោតសញ្ញានេះ ក៏កុំទាន់ស្លន់ស្លោពេកអី ពោលគឺលោកអ្នកនៅតែអាចបើករថយន្តធម្មតាបាន ប៉ុន្តែបើប្រទះឃើញហ្គារ៉ាសជួសជុលណាមួយហើយ គួរចូលឱ្យជាងឆែកមើលតែម្តងទៅ។
២. សញ្ញាអាគុយ
បើឃើញលោតសញ្ញាអាគុយនេះ គឺមិនមែនមានន័យថា វាអស់ ឬជិតអស់អាគុយនោះទេ ប៉ុន្តែវាជាបញ្ហាដំណើរការថាមពល ដែលអាចឈានដល់ការរលត់ម៉ាស៊ីនរថយន្តតែម្តង។ យ៉ាងណាមិញ ប្រសិនរថយន្តមិនទាន់រលត់ គឺលោកអ្នកនៅមានក្តីសង្ឃឹម ហើយត្រូវព្យាយាមបើកទៅដល់កន្លែងជួសជុលឱ្យទាន់ពេល។
៣. សញ្ញាព្រមានប្រព័ន្ធហ្រ្វាំង
នៅពេលឃើញលោតសញ្ញានេះ គឺជាបញ្ហាហ្វ្រាំងដែលអាចបង្កគ្រោះថ្នាក់បានក្នុងកម្រិតខ្ពស់ ព្រោះអាចនឹងជាន់ហ្វ្រាំងមិនស៊ី ហើយជាមួយគ្នានេះ ប្រេងហ្វ្រាំង ក៏អាចនឹងស្ថិតក្រោមកម្រិតកំណត់។ វាក៏អាចពាក់ព័ន្ធនឹងបញ្ហាសេនស័រប្រព័ន្ធ ABS ផងដែរ។
៤. សញ្ញាឡើងកម្តៅខ្លាំង
វាជាសញ្ញាទែម៉ូម៉ែត្រពណ៌ក្រហមដែលតំណាងឱ្យសីតុណ្ហភាពម៉ាស៊ីនរថយន្តកំពុងឡើងក្តៅខ្លាំង។ ភាគច្រើននៃការឡើងកម្តៅនេះ គឺពាក់ព័ន្ធនឹងទឹកស្អំម៉ាស៊ីនដែលខ្វះ ឬរីងស្ងួតតែម្តង ក៏ដូចជាខូចកង្ហាធុងទឹកផងដែរ។ ពេលឃើញសញ្ញានេះភ្លាម លោកអ្នកគប្បីត្រូវអែបកៀនពន្លត់ម៉ាស៊ីនឱ្យបានកាន់តែលឿន តាមដែលអាចធ្វើបាន ហើយបើកគម្របម៉ាស៊ីនត្រួតពិនិត្យមើលឱ្យបានជាក់លាក់ដោយខ្លួនឯងបាន ធ្វើយ៉ាងណាកុំឱ្យកុបប៉េរលត់ម៉ាស៊ីនឱ្យសោះ។
៥. សញ្ញាពោងសុវត្ថិភាព
អាចនិយាយបានថា អាស្រ័យលើអ្នកបើកបរផ្ទាល់ថាតើ ត្រូវការជួសជុលវាភ្លាមៗ ឬចាំពេលទំនេរយកទៅជួសជុលក៏បាន។ វាជាសញ្ញាព្រមានថា រថយន្តមានបញ្ហាពោងសុវត្ថិភាពដែលអាចនឹងមិនដំណើរការ។ ដូច្នេះ ប្រសិនបើមានឧបទ្ទវហេតុបុកគ្នាកើតឡើងក្នុងអំឡុងពេលបើកបរ វាអាចនឹងមិនផ្ទុះពោងសុវត្ថិភាពការពារជីវិតយើងឡើយ។
៦. សញ្ញាប្រេងម៉ាស៊ីនជិតអស់
ប្រេងម៉ាស៊ីន គឺជាបេះដូងរបស់រថយន្ត ហើយប្រសិនបើឃើញលោតសញ្ញានេះ មានន័យថា ប្រេងម៉ាស៊ីនមានកម្រិតខ្វះខាតខ្លាំង ឬជិតរីងស្ងួតអស់ ដែលតម្រូវឱ្យលោកអ្នកត្រូវបញ្ឈប់រថយន្តកាន់តែលឿនតាមដែលធ្វើបាន ព្រោះប្រសិនបើបន្តបើកបរទាំងបែបនេះ នឹងអាចធ្វើឱ្យម៉ាស៊ីនគាំងលែងដំណើរតែម្តង និងត្រូវចំណាយជួសជុលច្រើន។ តែចំពោះបញ្ហានេះ គឺងាយស្រួលទេបើលោកអ្នកយកប្រេងម៉ាស៊ីនសាគួរតាមមកជាមួយ គឺគ្រាន់តែចាក់បំពេញតាមកម្រិតស្តង់ដា ហើយចាំស្វែងរកយានដ្ឋានណាមួយដើម្បីឆែកមូលហេតុដែលនាំឱ្យមានការរីងស្ងួតប្រេងម៉ាស៊ីននេះ៕