• 2019-10-14 10:00:17
  • ប្រវត្តិបច្ចេកវិទ្យា

មានដឹងអត់ ការកើតឡើងទូរសព្ទ​វៃ​ឆ្លាតមាន​ប្រវត្តិបែបណា?

  • 2019-10-14 10:00:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទវៃ​ឆ្លាត Smartphone ជា​ទូរសព្ទ​ចល័ត​មួយ​ប្រភេទ​ ដែល​មាន​សមត្ថភាព​ខ្ពស់​ និង​​មុខងារ​ច្រើន​យ៉ាង​។ Smartphone មាន​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ (OS) និង​កម្មវិធី​ទំនើប​ៗ​ ជា​ពិសេស​មាន​មុខងារ​មួយ​ចំនួន​ដែល​មាន​លក្ខណៈ​ប្រើប្រាស់​មិន​ចាញ់​​កុំព្យូទ័រ​​នោះ​ទេ។

តម្រូវការ​ក្នុង​ការ​ប្រើ​ប្រាស់​ទូរសព្ទ​ម៉ូដែល​វៃ​ឆ្លាត​បាន​កើន​ឡើង​ពី​មួយ​ ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ខិត​ខំ​កែ​ច្នៃ​ និង​ផ្លាស់​ប្ដូរ​មុខ​ងារ​ជា​ច្រើន​រហូត​ដល់​ឥឡូវ​នេះ Processor, អង្គ​ចង​ចាំ​អេក្រង់ និង​ប្រព័ន្ធ​​ដំណើរ​ការ​កាន់​តែ​ធំ និង​ទំនើប​ជាង​មុន​។

នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍ​ និន្នាការ​នៃ​ការ​ប្រើ​ប្រាស់ Smartphone កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​។ ជា​ក់​ស្ដែង​យោង​តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ ComScore បាន​បង្ហាញ​ថា ​នៅ​សហរដ្ឋអាមេរិក​ ក្នុង​ចំណោម​ប្រជាជន​សរុប២៣៤លាន​​ មាន៤៥.៥​លាន​នាក់​កំពុង​ប្រើ​ប្រាស់​ Smartphone។

ប្រវត្តិ

IBM_Simon_Personal_Communicator

Simon

Smartphone ដែល​ផលិត​ឡើង​ដំបូង​បំផុត​មាន​ឈ្មោះ Simon។ Simon ត្រូវ​បាន​រចនា​​គំរូ​​​ដោយ​ក្រុមហ៊ុន IBM ក្នុងឆ្នាំ​១៩៩២​ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន COMDEX ជ្រើស​រើស​យក​ទៅ​ផលិត​ និង​ដាក់​​លក់​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​១៩៩៣។ Simon ម៉ូដែល​ដំបូង​នេះ​​ក្រៅ​ពី​មាន​មុខងារ​ជា​ទូរសព្ទ​ចល័ត​ហើយ​ វា​នៅ​មាន​មុខ​ងារ​​ជា​ច្រើន​ទៀត​ដូច​ជា​ មាន​ប្រតិទិន សៀវភៅ​អាសយដ្ឋាន ​នាឡិកា​មើល​​ម៉ោង​បាន​ជុំវិញ​​ពិភព​លោក​ ម៉ាស៊ីន​គិត​លេខ កម្មវិធី​កត់ត្រា (Note-Pad) ប្រព័ន្ធ​ផ្ញើ​សារ​អេឡិចត្រូនិក (e-mail) មុខងារ​ផ្ញើ​និង​ទទួល​​ទូរសារ (Fax) និង​មុខ​ងារ​កម្សាន្ត​ផ្សេង​ៗ​ទៀត​។

  ចាប់​តាំង​ពី​ឆ្នាំ​២០០២​នេះ​ហើយ ដែល​ក្រុមហ៊ុន​​ផលិត​ទូរសព្ទ​ភាគ​ច្រើន​ងាក​មក​ផលិត Smartphone។  ក្រុមហ៊ុន Nokia បាន​ចាប់ផ្ដើម​ផលិត​ដំបូង​ម៉ូដែល Nokia 9000 ក្នុង​ឆ្នាំ​១៩៩៦។ Nokia 9000 គឺ​ជា​​ម៉ូដែល​​មិន​ទាន់​មាន​លក្ខណៈ​ទំនើប​នៅ​ឡើយ​ តែ​ក្រោយ​មក Nokia បាន​សហការ​ជា​មួយ​ក្រុមហ៊ុន HP ​​បាន​បន្ថែម​មុខងារ​ពិសេស​​ជា​ច្រើន​។ បន្ទាប់​ពី​នោះ Nokia បាន​បញ្ចេញ​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ 9210 ជាប្រភេទ​​អេក្រង់​ពណ៌​ដំបូង​​ និង​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​អាច​ដំណើរ​ការ​បាន​ពេញ​លេញ​។ ក្រោយ​មក​ទៀត​ Nokia បាន​បន្ថែម​មុខងារ​ពិសេស​​ជា​ច្រើន​​បន្ថែម​ទៀត​ដូច​ជា​ WiFi និង​កាមេរ៉ា​ថត​រូប​ជា​ដើម​ឲ្យ​ម៉ូដែល​ Smartphone ក្រោយ​ៗ​របស់​ខ្លួន​​​។

 យុគសម័យ Palm, Symbian និងBlackBerry

 

Nokia_N8_(front_view)

Nokia N8

នៅ​ឆ្នាំ​​២០០០ ក្រុមហ៊ុន Ericsson បាន​បង្ហាញ​ម៉ូដែល​វៃឆ្លាត​អេក្រង់ Touchscreen ដំបូង​ម៉ាក R380 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Symbian ហើយ​ក្រោម​មក​ទៀត​នៅ​ឆ្នាំ​២០០២ SE ក៏​បាន​បញ្ចេញ​មួយ​ម៉ូដែល​ទៀតគឺ P800 ដែល​មាន​មុខ​ងារ​ពិសេស​ខាង​ថតរូប​។

 ចំណែក Palm វិញក្នុង​ឆ្នាំ​២០០១​ ​ក៏​បាន​ដាក់​លក់​​​ម៉ូដែល​ដំបូង​របស់​ខ្លួន​ដែរ​ គឺ​ម៉ាក Kyocera 6035 ដែល​ទទួល​បាន​ការ​ពេញ​និយម​បំផុត​នៅ​សហរដ្ឋ​អាមេរិក​​។ Kyocera 6035 បាន​រួម​បញ្ចូល​​សេវាកម្ម​របស់ PDA និង​ប្រើ​ប្រាស់​​បណ្ដាញ​គ្មាន​ខ្សែ​របស់​ក្រុមហ៊ុន Verizon Wireless។

 នៅ​ឆ្នាំ​២០០១​នេះ​ដែរ  Microsoft ក៏​បាន​បញ្ចេញ Windows CE Pocket PC OS ដែរ​តែ​មិន​ទាន់​​ទំនើប​ដូច​ Symbian នៅ​ឡើយ​។ ចំណែក RIM ក៏​បាន​បញ្ចេញ BlackBerry ដំបូង​ក្នុង​ឆ្នាំ​​នេះ​ដែរ តែ​នៅ​ពេល​ដាក់​លក់​ដំបូង​ដូច​ជា​មិន​សូវ​​ទទួល​ការ​ពេញ​និយម​ប៉ុន្មាន​​ទេ។ រហូត​ដល់​ចុង​​ឆ្នាំ​២០០៩​ RIM អាច​វាយ​លុក​​យក​ចំណែក​ទីផ្សារ​បាន​មួយ​ចំនួន​ធំ​ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ សរុប​ជាង​​៣២​លាន​នាក់​។

 នៅ​ក្នុង​ឆ្នាំ​២០០៧ Nokia N95 ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ម៉ូដែល​មាន​បញ្ចូល​លក្ខណៈ​ពិសេស​ច្រើន​បំផុត​ ជា​ពិសេស​គេ​ទទួល​ស្គាល់​ថា​​វា​ជា​ស្ដង់ដារ​ទូរសព្ទ​វៃ​ឆ្លាត​ពិត​ៗ​។

 យុគសម័យ Android និង iPhone

 

IPhone_2G_PSD_Mock

iPhone Original

នៅ​ចុង​​ឆ្នាំ​២០០៧ Apple បាន​បញ្ចេញ iPhone ដំបូង​ក្នុង​តម្លៃ​ ៥០០ ដុល្លារ​។ iPhone ត្រូវ​បាន​អ្នក​បច្ចេកវិទ្យា​​ទទួល​ស្គាល់​នូវ​ភាព​ល្អ​ឯក​​អេក្រង់​បែប Multi-touch ​របស់​វា​គឺ​​គ្មាន​គូ​ប្រៀប​​ឡើយ​ ចំណែក​ iOS ដែល​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ដាច់​មុខ​​របស់​វា​នោះ​ក៏​មិន​ចាញ់​គេ​ដែរ។

 ចំណែក Android វិញ​ក៏​​ត្រូវ​បាន​ក្រុមហ៊ុន Google ដាក់ ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០០៨​ដែរ​។ ម៉ូដែល Smartphone ដែល​ដំណើរ​ការ​ដោយ Android ដំបូង​គឺ HTC Dream ។ នៅ​ចុង​ត្រីមាស​ទី​បួន​ឆ្នាំ​២០១០ Android បាន​ជំនួស​ដំណែង Symbian ដែល ​គ្រង​ជិត​មួយ​ទសវត្ស​ហើយ​នោះ​បាន​សម្រេច​ ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ​ លក់​ដាច់​បាន​៣២.៩លាន​គ្រឿង​លើស Symbian ១.៩​លាន​គ្រឿង​ឯណោះ​​៕

មតិយោបល់