- 2018-10-13 02:40:00
- ព័ត៌មាន
Facebook ប្រាប់ខ្ទេចពី Account ជិត ៣០លានដែលត្រូវបានលួច
- 2018-10-13 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Facebook ប្រាប់ខ្ទេចពី Account ជិត ៣០លានដែលត្រូវបានលួច
ចន្លោះមិនឃើញ
ក្រុមហ៊ុនបណ្ដាញសង្គម Facebook បានអះអាងកាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ថា ក្រុម Hacker ដែលបានលួចចូលក្នុងគណនី (Account) ជាង ៣០លានរបស់អ្នកប្រើប្រាស់កាលពីខែមុន គឺបានលួចទិន្នន័យឈ្មោះ និងលេខទូរសព្ទ។
Facebook បានឲ្យដឹងថា ពួកគេមិនបានរកឃើញការលួចចូលអានសារឆ្លើយឆ្លង ឬ ទិន្នន័យដែលពាក់ព័ន្ធនឹងលុយនោះទេ។ បន្ថែមពីនេះ ការលួចគណនី Facebook អ្នកប្រើប្រាស់ដើម្បីចូល (Login) ទៅកាន់វេបសាយនានា ក៏ពុំមានផងដែរ។
ក្នុងចំណោមគណនី ៣០លានដែលត្រូវបានលួចមាន ១៤ លានគណនីត្រូវបាន Hacker ប្រមូលថ្ងៃខែឆ្នាំកំណើត ទីកន្លែងធ្វើការងារ ប្រវតិ្តការសិក្សា និងបញ្ជី Friend របស់អ្នកប្រើប្រាស់។ កត្តានេះ អាចធ្វើឲ្យជនខិលខូចទាំងនោះ បង្កើតជាសារអេឡិចត្រូនិក (អ៊ីម៉ែល) ដើម្បីបំភ័ន្តភ្នែកអ្នកប្រើប្រាស់ ឲ្យពួកគេទាំងនោះធ្វើការចូល (Login) ទៅកាន់ទំព័រក្លែងក្លាយ ឬ តំណផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់កុំព្យូទ័រ។
បើតាមការបង្ហោះរបស់ Facebook ក្រុម FBI របស់អាមេរិក ស្នើមិនឲ្យធ្វើការបង្ហាញឈ្មោះក្រុមដែលនៅពីក្រោយការវាយប្រហារនេះទេ ដើម្បីធ្វើការស៊ើបអង្កេតជាមុនសិន។ ដោយឡែក កាលពីចុងខែកញ្ញាកន្លងទៅ Facebook បានបង្ហាញថា គណនីចំនួន ៥០ លានត្រូវបានលួចលេខសម្ងាត់ ដោយ Hacker ។
ក្រោយកើតរឿងរ៉ាវនេះភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ២,៦% កាលពីខែកញ្ញា និងបន្តដាំក្បាលចុះជាង ១% ទៀត ក្រោយការប្រកាសកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨៕