• 2016-12-19 05:01:23
  • ព័ត៌មាន

អ្នក​ជំនាញ​​បង្ហើប​ការ​ត្រៀម​លក្ខណៈ ដណ្តើម​​ពាន​កម្មវិធី​អាស៊ាន ICT AWARD ឆ្នាំ​ក្រោយ

  • 2016-12-19 05:01:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASEAN ICT Award 2016 ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​គម្រោង​បែប​ព័ត៌មាន​វិទ្យា ដែល​មាន​ក្រុម​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ចូល​រួម។ សម្រាប់​ក្រុម​កម្ពុជា​ដែល​ចង់​ចូលរួម​ប្រកួត គួរ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ​មុន​ពេល​ទៅ​ប្រកួត ដើម្បី​មាន​ភាគរយ​ជោគជ័យ​ច្រើន។

ក្រុម​ការងារ​​ តោះFund (លោក​ វ៉ាន់ដា នៅកណ្តាល) និង CamboTicket ពេលទទួល​មេដាយ

លោក គង់ សោមវ៉ាន់ដា សហ​ស្ថាបនិក​ក្រុម តោះ Fund ដែល​បាន​ដណ្ដើម​បាន មេដាយ​​​ប្រាក់​នៅ ASEAN ICT Award 2016 (ខណៈ CamboTicket បាន​មេដាយ​សំរឹទ្ធ) ពី​ប្រ៊ុយណេ បាន​អះអាង​ថា មុន​ពេល​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ បណ្ដា​ក្រុមហ៊ុន​តូច​ធំ​ទាំងអស់​ត្រូវ គិត​ឲ្យ​បាន​ច្បាស់​ពី​គម្រោង​​របស់​ខ្លួន​។

លោក​ថា ASEAN ICT Award មាន ៦ វិញ្ញាសា​សម្រាប់​ការ​ប្រកួតប្រជែង​ដូចជា វិញ្ញាសា​ទាក់ទង​នឹង វិស័យ​ឯកជន, សាធារណៈ, ទំនួល​ខុស​ត្រូវ​សង្គម, Start Up, មាតិកា​ឌីជីថល (Digital Content) និង Research Development។ ដូច្នេះ​ចំពោះ​ក្រុម​ដែល​គិត​ថា គម្រោង​របស់​ខ្លួន​ត្រូវ​នឹង​វិញ្ញាសា​មួយ​ណា ត្រូវ​ដាក់​ចូល​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វិញ្ញាសា​នោះ។

លើស​ពី​នេះ ចំពោះ​ក្រុម​នីមួយៗ​ត្រូវ រៀបចំ​និង​យល់​ឲ្យ​បាន​ច្បាស់​ពី​យុទ្ធសាស្ត្រ​នៃ​គម្រោង សម្រាប់​បង្ហាញ​ដល់​គណៈកម្មការ​ទាំង ២០ រូប។ ចំពោះ​គម្រោង​យក​ទៅ​ប្រកួត​ប្រជែង​ផ្ទាល់​ត្រូវ ច្បាស់​ថា ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់។

ដោយឡែក​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ​គឺ​មាន​ពេល​តែ ៥ នាទី​ប៉ុណ្ណោះ ដូច្នេះ​ក្រុម​នីមួយៗ​ត្រូវ​សង្ខេប​និង​រក​ចំណុច​សំខាន់​បំផុត​នៃ​គម្រោង យក​មក​បង្ហាញ​ដល់​គណៈកម្មការ។

លោក លើក​ឡើង​ទៀត​ថា ចំពោះ​អ្នក​ចង់​ចូលរួម ASEAN ICT Award ឆ្នាំ​ក្រោយៗ គួរ​បញ្ចប់​គម្រោង​របស់​ខ្លួន​ឲ្យ​បាន​លឿន​បំផុត និង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​អ្នក​​ប្រើប្រាស់​គម្រោង​នោះ​បាន​ច្រើន​ល្មម ដើម្បី​មាន​ភាគរយ​ឈ្នះ​ច្រើន​ពេល​ឡើង​ប្រកួត។

សហ​ស្ថាបនិក តោះ Fund រូប​នេះ​បន្ថែម​ថា សម្រាប់​ក្រុម​ក្នុង​ប្រទេស​កម្ពុជា គួរ​ព្យាយាម​ចូលរួម​ប្រកួត​កម្មវិធី ICT Award ក្នុង​ប្រទេស​ឲ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​បទពិសោធន៍​ប្រកួត​ប្រជែង​ថ្នាក់​អន្តរជាតិ។

លោក​​លើក​ឡើង​ចុងក្រោយ​ដោយ​ចង់​ឃើញ​យុវវ័យ​ខ្មែរ​ឈ្នះ​មេដាយ ICT Award ដើម្បី​មុខមាត់​ជាតិ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​ក្រោយ៕

អត្ថបទ៖ ផាន់និត

មតិយោបល់