- 2016-08-25 14:00:39
- ព័ត៌មាន
ក្រុមតំណាងកម្ពុជា Asean ICT Award បញ្ចប់ការធ្វើបទបង្ហាញ មិនទាន់ច្បាស់ពីលទ្ធផល
- 2016-08-25 14:00:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមតំណាងកម្ពុជា Asean ICT Award បញ្ចប់ការធ្វើបទបង្ហាញ មិនទាន់ច្បាស់ពីលទ្ធផល
ចន្លោះមិនឃើញ
ពីរដ្ឋធានីរ៉ង់ហ្គូនបានរាយការថា ក្រុមតំណាងពីប្រទេសកម្ពុជាពីរក្រុម បានបញ្ចប់ការធ្វើបទបង្ហាញសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ Asean ICT Award 2016។
ក្រុមតំណាងមកពីកម្ពុជាពីរក្រុមមាន Cambo Ticket និង Tosfund ត្រូវឡើងធ្វើបទបង្ហាញចុងក្រោយមុខគណៈកម្មការ Asean ICT Award ដើម្បីវាយតម្លៃមុនឈានទៅសម្រេចជាជយលាភី។
លោក គង់ សោមវ៉ាន់ដា ដែលតំណាងឲ្យក្រុមគម្រោង TosFund បានប្រាប់ថា សម្រាប់ពេលនេះ ក្រុមលោកមិនទាន់ទទួលបានលទ្ធផលយ៉ាងណា បន្ទាប់ការធ្វើបទបង្ហាញបានបញ្ចប់ទាំងស្រុង។
“ខ្ញុំក៏មិនទាន់ច្បាស់គេប្រកាសលទ្ធផលនៅពេលណាដែរ។ ខុសពីឆ្នាំមុន ពេលគណៈកម្មការបូកសរុបពិន្ទុរួច គេនឹងប្រកាសលទ្ធផលភ្លាមៗ ប៉ុន្តែឆ្នាំនេះប្លែកជាងឆ្នាំមុន ដោយលទ្ធផលគេមិនទាន់ប្រកាសឲ្យដឹងភ្លាមៗនោះទេ"។
លោកបន្តថា តាមលោកដឹងលទ្ធផលសម្រេចចុងក្រោយអាចប្រកាសក្នុងរយៈពេលមួយខែ ហើយគម្រោងដែលជាប់ជយលាភីនឹងត្រូវគេជូនដំណឹងដើម្បីទៅទទួលពានពានរង្វាន់ដែលធ្វើឡើងនៅប្រទេសប្រ៊ុយណេ។
បេក្ខភាពពីប្រទេសក្នុងតំបន់អាស៊ាន បានលើកយកគម្រោងស្នាដៃបច្ចេកវិទ្យានានាដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ Asean ICT Award 2016។ ក្រុមតំណាងកម្ពុជាពីរក្រុមមាន TosFund និង Cambo Ticket ត្រូវបានគណៈកម្មការជ្រើសរើសក្នុងចំណោមគម្រោងកម្មវិធីជាង ៣០ ដែលជាប់ក្នុងពានរង្វាន់ Cambodia ICT Award ដើម្បីឈានទៅប្រកួតប្រជែងនៅវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសភូមា។
លោក គង់ សោមវ៉ាន់ដា មានការរំពឹងទុកសម្រាប់ការសម្រេចបានលទ្ធផលល្អ បើទោះបីលោកមិនទាន់ដឹងពីគម្រោងកម្មវិធីប្រទេសដែលចូលរួម ដោយសារការប្រកួតប្រជែងធ្វើដោយសម្ងាត់។
ពានរង្វាន់ Asean ICT Award ជាគម្រោងដែលរៀបចំឡើងដោយរដ្ឋមន្ត្រីទូរគមនាគមន៍អាស៊ាន។ កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ការច្នៃប្រឌិតលើវិស័យបច្ចេកវិទ្យា និងបំណងទទួលស្គាល់សមិទ្ធផលវិស័យ ICT ដ៏ល្អបំផុតក្នុងចំណោមសហគ្រិននៅទូទាំងតំបន់អាស៊ាន។ កម្មវិធីនេះក៏ដើម្បីផ្តល់ឱកាសដល់ការអភិវឌ្ឍន៍អាជីវកម្មនិងលើកកម្ពស់នៃការទំនាក់ទំនងពាណិជ្ជកម្មក្នុងសហគមន៍និងក្នុងតំបន់អាស៊ាន។
កាលពីឆ្នាំ ២០១៤ ក្រុមតំណាងកម្ពុជា Osja Studio ធ្លាប់ដណ្តើមបានមេដាយមាសផ្នែក Start Up ក្នុងការប្រកួតពានរង្វាន់ ASEAN ICT Awards ដែលរៀបចំនៅប្រទេសថៃ៕
ចុចអាន៖ Osja Studio តំណាងឲ្យកម្ពុជាដណ្ដើមមេដាយមាសផ្អើលសមាជិកអាស៊ាន។
អត្ថបទ៖ ប៊ុណ្ណារ៉ា