- 2015-06-10 15:52:39
- ព័ត៌មាន
iOne បញ្ជាក់ជាថ្មីសិទ្ធិក្នុងការនាំទូរសព្ទ iPhone ទោះមានការប្រជែងពីដៃគូខាងក្រៅ
- 2015-06-10 15:52:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iOne បញ្ជាក់ជាថ្មីសិទ្ធិក្នុងការនាំទូរសព្ទ iPhone ទោះមានការប្រជែងពីដៃគូខាងក្រៅ
ចន្លោះមិនឃើញ
ក្នុងឱកាសរៀបចំខួបគម្រប់ ១០ ឆ្នាំ ក្រុមហ៊ុន iOne បានបញ្ជាក់សារជាថ្មីពីសិទ្ធិស្របច្បាប់ក្នុងការនាំ iPhone មកកាន់ទីផ្សារកម្ពុជា ខណៈមានដៃគូខាងក្រៅមួយចំនួនក៏បានប្រកាសសិទ្ធិក្នុងការនាំទូរសព្ទដ៏ទំនើបដូចគ្នានេះ ដែលអាចជាគូប្រកួតប្រជែងផលិតផលពីក្រុមហ៊ុន។
កញ្ញា កៅ ដាម៉ៃទីម៉ា អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន iOne បានឲ្យដឹងថា iOne បានទទួលសិទ្ធិស្របច្បាប់និងមានការទទួលស្គាល់ជាផ្លូវការពីក្រុមហ៊ុន Apple ក្នុងការនាំផលិតផល Apple មកលក់លើទីផ្សារប្រទេសកម្ពុជារាប់ចាំងតាំងពីកុំព្យូទ័រ Tablet និងផលិតផល Apple ដទៃទៀត។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុនក៏ទើបតែទទួលបានសិទ្ធិបន្ថែមទៀតក្នុងការនាំស៊េរីទូរសព្ទដ៏ទំនើប iPhone ដើម្បីបម្រើទីផ្សារកម្ពុជា។
កញ្ញាថា ការទទួលបានសិទ្ធិនេះក៏ដោយសារតែក្រុមហ៊ុនមានលក្ខណៈសម្បត្តិដែលស្របតាមលក្ខខណ្ឌចង់បានរបស់ក្រុមហ៊ុន Apple។
ទាក់ទងក្រុមហ៊ុនដទៃដែលប្រកាសសិទ្ធិក្នុងការនាំ iPhone ស្របច្បាប់មកប្រទេសកម្ពុជាដែរនោះ កញ្ញាបញ្ជាក់ថា ការទទួលបានសិទ្ធិរបស់ពួកគេអាចជាសិទ្ធិកម្រិតណាមួយ ប៉ុន្តែសម្រាប់ iOne គឺក្រុមហ៊ុនមានសិទ្ធិលក់ទាំងឧបករណ៍ ការផ្តល់ការធានារ៉ាប់រងនិងសេវាជួសជុលដល់អតិថិជនដែលមានការទទួលស្គាល់ពី Apple។
ក្រុមហ៊ុនបណ្តាញទូរសព្ទ Smart កន្លងទៅក៏ប្រកាសពីការទទួលសិទ្ធិស្របច្បាប់ពី Apple ក្នុងការនាំ iPhone មកលក់លើទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart បានអះអាងថា Smart ជាក្រុមហ៊ុនទូរគមនាគមន៍តែមួយគត់នៅកម្ពុជា ដែល Apple ផ្ដល់សិទ្ធិក្នុងការនាំទូរសព្ទ iPhone បម្រើទីផ្សារក្នុងស្រុក។ យ៉ាងណាក្រុមហ៊ុននេះក៏មិនបានច្រាលចោលលទ្ធភាព ដែលមានក្រុមហ៊ុនដទៃទៀតដែលមិនមែនជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងការទទួលបានសិទ្ធិនាំផលិតផលទូរសព្ទ iPhone ប្រកួតប្រជែងផលិតផលពីក្រុមហ៊ុន។
បន្តអាន៖ iOne និយាយពីរយៈពេល ១០ ឆ្នាំ ក្នុងការឈរជើងនាំផលិតផល Apple មកទីផ្សារប្រទេសកម្ពុជា
អត្ថបទ៖ ប៊ុណ្ណារ៉ា