- 2015-05-30 19:36:15
- ព័ត៌មាន
កំពូលអ្នកបើកម៉ូតូធំឈានដល់ដំណាក់កាលរកអ្នកខ្លាំងពិតប្រាកដ
- 2015-05-30 19:36:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលអ្នកបើកម៉ូតូធំឈានដល់ដំណាក់កាលរកអ្នកខ្លាំងពិតប្រាកដ
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេលជាងមួយខែក្នុងការបើកបរធ្វើដំណើរឆ្លងកាត់ឧបសគ្គជាច្រើន ឥឡូវនេះក្រុមអ្នកបើកបរម៉ូតូធំកម្មវិធី Pulsar Power Tour 2015 បានវិលត្រឡប់ពីការប្រកួតដំណើរផ្សងព្រេងនិងឈានទៅដល់ដំណាក់កាលចុងក្រោយដែលជាការប្រជែងគ្នាផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមប្រាក់រង្វាន់ជាច្រើនពាន់ដុល្លារ។
ជាបេក្ខជនមួយរូបលោក ហួង សុភ័ក្តតារា បានឲ្យដឹងថា ការប្រកួតប្រជែងនេះត្រូវប្រើកម្លាំងពលំច្រើន ប៉ុន្តែបានផ្តល់បទពិសោធន៍បើកបរដ៏អស្ចារ្យ។ ការប្រកួតនេះ មានការប្រកួតប្រជែងគ្នាលើបច្ចេកទេសការបើកបរ ការប្រជែងលើការប្រើសមត្ថភាពពិសេសៗនិងការចូលរួមសកម្មភាពអភិវឌ្ឍសង្គម។
បេក្ខជនចំនួន ១០ នាក់ បានចូលរួមប្រកួតប្រជែងបានប្រើប្រាស់ម៉ូតូធំប្រភេទ Pulsar 200N ដោយបើកធ្វើដំណើរឆ្លងកាត់ខេត្តកំពត ព្រះសីហនុ ដែលនៅភាគខាងត្បូងប្រទេស និងឆ្លងកាត់ខេត្តកំពង់ធំ និងសៀមរាបនៅភាគខាងជើងប្រទេស។ ការប្រកួតប្រជែងនេះតម្រូវឲ្យបេក្ខជន ប្រកួតប្រជែងគ្នាលើសកម្មភាពទាក់ទងនឹងម៉ូតូ និងមិនទាក់ទងនឹងការប្រើប្រាស់ម៉ូតូ។
ប្រធានគ្រប់គ្រងកម្មវិធីលោក Julian Rake បានឲ្យដឹងថា ដំណើរកម្មវិធីប្រកួតនេះ តម្រូវឲ្យបេក្ខជនត្រូវធ្វើដំណើរឆ្លងកាត់បណ្ដាខេត្តចំនួនប្រាំពីរ និងទីកន្លែងផ្សេងៗជាច្រើនតាមដងផ្លូវ ដើម្បីបើកបរដោយសុវត្ថិភាព និងប្រកបដោយភាពឆ្លាតវៃ។ ទន្ទឹមនេះ កម្មវិធីនេះក្រៅពីប្រកួតប្រជែងគ្នាលើបច្ចេកទេសបើកបរឲ្យសុវត្ថិភាព ពួកគេក៏ត្រូវប្រកួតប្រជែងគ្នាយល់ដឹងពីការងារទាក់ទងបុព្វហេតុសង្គមពីបណ្តាអង្គការនានាតាមខេត្តក្រុងដែលពួកគេធ្វើដំណើរទៅដល់។
ការប្រកួតចុងក្រោយរបស់បេក្ខជនទាំង ១០ នេះ នឹងធ្វើឡើងនៅឯផ្លូវប្រណាំងកំបូលជិតរាជធានីភ្នំពេញដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី ៧ ខែមិថុនា ជាមួយប្រាក់រង្វាន់ចំនួន ២ ពាន់ដុល្លារ។ កម្មវិធីការប្រកួតដំណើរផ្សងព្រេង Pulsar Power Tour 2015 ក៏មានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ផងដែរ។
អត្ថបទ៖ ប៊ុណ្ណារ៉ា