- 2024-03-15 09:42:06
- ព័ត៌មាន
CEO TikTok៖ ច្បាប់ហាមឃាត់ TikTok របស់អាមេរិក នឹងប៉ះពាល់ដល់អាជីវកម្ម និង creator រាប់ពាន់លានដុល្លារ ហើយប្រឈមបាត់ការងារជាង ៣០ម៉ឺននាក់
- 2024-03-15 09:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO TikTok៖ ច្បាប់ហាមឃាត់ TikTok របស់អាមេរិក នឹងប៉ះពាល់ដល់អាជីវកម្ម និង creator រាប់ពាន់លានដុល្លារ ហើយប្រឈមបាត់ការងារជាង ៣០ម៉ឺននាក់
ចន្លោះមិនឃើញ
បន្ទាប់សភាអាមេរិក ទើបតែបានអនុម័តច្បាប់មួយដែលនឹងធ្វើឱ្យ TikTok ត្រូវហាមឃាត់ប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក នាយកប្រតិបត្តិ TikTok លោក Shou Zi Chew បានបង្ហាញក្តីបារម្ភតាមរយៈវីដេអូមួយដែលបង្ហោះនៅលើ TikTok និងបណ្តាញសង្គម X ថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកបង្កើតមាតិកា និងអាជីវកម្មតូចៗ រាប់ពាន់លានដុល្លារ។
លោកបន្ថែមទៀតថា ច្បាប់នេះក៏នឹងធ្វើឱ្យប្រជាជនអាមេរិកជាង ៣០ម៉ឺននាក់ប្រឈមមុខនឹងការបាត់បង់ការងារផងដែរ។
ជាមួយគ្នានេះ ក្រសួងការបរទេសចិន ក៏បានបញ្ចេញប្រតិកម្មទៅនឹងការអនុម័តច្បាប់របស់សភាអាមេរិកនេះផងដែរ ដោយលើកឡើងថា វាដើរផ្ទុយពីគោលការណ៍ការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌។ ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មចិន អះអាងថា ចិននឹងចាត់វិធានការគ្រប់យ៉ាងដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់ខ្លួន។
គួរដឹងថា កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ សភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់មួយដែលអាចបិទ TikTok ក្នុងប្រទេស ដែលទទួលបានសំឡេងគាំទ្រ ៣៥២ ទល់នឹង ៦៥សំឡេង ដោយលើកហេតុផលថា App វីដេអូខ្លីៗ TikTok នេះ អាចលួចទិន្នន័យរបស់ប្រជាជនអាមេរិកឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និងជាការគំរាមកំហែងមកលើសន្តិសុខអាមេរិក។
តែយ៉ាងណាក៏ដោយ ច្បាប់នេះត្រូវបន្តឡើងទៅដល់ព្រឹទ្ធសភាសិន ដើម្បីធ្វើការបោះឆ្នោតអនុម័តបន្ត និងការចុះហត្ថលេខាពីប្រធានាធិបតីអាមេរិក៕