- 2023-03-01 06:18:54
- ព័ត៌មាន
TikTok របស់ចិន ត្រូវអាមេរិក កាណាដា និងអឺរ៉ុប ព្រួតដៃគ្នាហាមឃាត់មិនឱ្យប្រើ
- 2023-03-01 06:18:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok របស់ចិន ត្រូវអាមេរិក កាណាដា និងអឺរ៉ុប ព្រួតដៃគ្នាហាមឃាត់មិនឱ្យប្រើ
ចន្លោះមិនឃើញ
សហរដ្ឋអាមេរិក កាណាដា និងអឺរ៉ុប កំពុងព្រួតដៃគ្នាដាក់ចេញបម្រាមមិនឱ្យប្រើបណ្តាញសង្គមវីដេអូខ្លីៗ Tiktok របស់ចិន ក្រោមហេតុផលទប់ស្កាត់ការគំរាមកំហែងដល់សន្តិសុខជាតិ និងសុវត្ថិភាពទិន្នន័យរបស់ពួកគេ។
រដ្ឋបាលលោក ចូ បៃឌិន បានទុកពេលឱ្យភ្នាក់ងារសហព័ន្ធ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២៨កុម្ភៈ ដើម្បីធានាថា គ្មានកម្មវិធី TikTok នៅលើឧបករណ៍របស់ភ្នាក់ងារសហព័ន្ធណាមួយឡើយ។ វិធានការនេះ គឺដើម្បីធានាសន្តិសុខនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ព្រមទាំងការការពារសុវត្ថិភាព និងឯកជនភាពរបស់ប្រជាជនអាមេរិក។
ចំណែកប្រទេសបងប្អូនជាប់របងគ្នាគឺកាណាដា ក៏បានចាត់វិធានការដូចគ្នាផងដែរ ពោលគឺបានហាមឃាត់នូវការដំឡើង App TikTok នៅក្នុងឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ចាប់ពីថ្ងៃទី១ ខែមីនានេះតទៅ។ ការសម្រេចចិត្តនេះ បន្ទាប់ពីប្រធានមន្រ្តីព័ត៌មានកាណាដា បានពិនិត្យឃើញថា App បណ្តាញសង្គមនេះ ស្ថិតក្នុងកម្រិតហានិភ័យចំពោះឯកជនភាព និងសន្តិសុខដែលមិនអាចទទួលយកបាន។
សភាអឺរ៉ុបឯណោះវិញ បានហាមឃាត់មិនឱ្យមាន TikTok នៅលើទូរសព្ទរបស់មន្រ្តីខ្លួនឡើយ ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ ដែលជាការដើរតាមគន្លងផ្លូវរបស់គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប។ វិធានការនេះ ដោយសារបារម្ភថា រដ្ឋាភិបាលចិនអាចនឹងប្រមូលទិន្នន័យអ្នកប្រើប្រាស់ តាមរយៈ App ដែលជារបស់ក្រុមហ៊ុន ByteDance នេះ ខណៈពលរដ្ឋ EU ដែលប្រើ App នេះ មានដល់ ១២៥លាននាក់ឯណោះ។
យ៉ាងណាមិញ ការហាមឃាត់ TikTok របស់អាមេរិកនេះ ត្រូវបានក្រសួងការបរទេសចិន បញ្ចេញប្រតិកម្មថា វាសមទាល់តែសោះ ដែលអាមេរិកក្នុងនាមជាកំពូលមហាអំណាចមួយតែបែរជាខ្លាចប៉ះពាល់សន្តិសុខ ដោយសារតែ App មួយនេះ។ ក្រុងប៉េកាំងបានហៅសកម្មភាពនេះថា ជាការប្រើអំណាចគាបសង្កត់ក្រុមហ៊ុនរបស់ប្រទេសដទៃ៕