• 2023-02-20 08:12:18
  • ព័ត៌មាន

ស្ថាបនិក VinFast មិនព្រម​ដាក់ទុនចូល​ថែមឡើយ ខណៈ​ការលក់​រថយន្ត​នៅអាមេរិក​កំពុង​ជាប់គាំង

  • 2023-02-20 08:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​ក្រុមហ៊ុន​វៀតណាម VinFast ​លោក Pham Phat Vuong បាន​សម្រេច​ចិត្ត​មិនចាក់លុយ​ចូលបន្ថែម​ចូលក្នុង​អាជីវកម្ម​របស់​ក្រុមហ៊ុន​ខ្លួន​ទៀតឡើយ ខណៈ​ដែល​ក្រុមហ៊ុន​នេះ បាន​ជួប​នូវការ​ខាតបង់​ប្រាក់​ចំណូល​កាលពីឆ្នាំ​មុន ហើយ​ជាពិសេស​កំពុងតែប្រឈម​នឹង​ការលក់រថយន្តមិនចេញ​ក្នុងទីផ្សារ​អាមេរិក​ទៀតផង។

លោកស្រី Le Thi Thu Thuy នាយកប្រតិបត្តិ​ក្រុមហ៊ុន VinFast បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ លោក Vong មិនមាន​ផែនការ​ដាក់ទុនវិនិយោគ​ផ្ទាល់ខ្លួន​ទៅក្នុង​ក្រុមហ៊ុន VinFast ឡើយ។ តែយ៉ាងណា លោកស្រី​មិនបានបញ្ជាក់ពីមូលហេតុ​នេះ​ឡើយ។

ការលើកឡើង​នេះ ធ្វើឡើង​ក្នុងពេល​ក្រុមហ៊ុន VinFast កំពុងស្នើសុំបោះផ្សាយ​លក់មូលបត្រ​ IPO នៅ​ផ្សារភាគហ៊ុន​អាមេរិកមួយ ដែលតម្រូវ​ឱ្យ​ក្រុមហ៊ុនវៀតណាម​នេះ ត្រូវបាន​បង្កើន​ទុន​ថែមទៀត ដើម្បីមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់។

គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ​២០២២ លោក Pham Phat Vuong និង​អ្នកផ្តល់​កម្ចី បាន​ដាក់ទុន​វិនិយោគ​រួចមកហើយ​ចូលក្នុងក្រុមហ៊ុន​នេះ ដែលមានចំនួន​ប្រហែល ៧,៥ពាន់លានដុល្លារ។ បើក្រឡេកមើលមួយភ្លែត ឃើញថាចំនួន​នេះច្រើនណាស់ ប៉ុន្តែ VinFast បានខាតបង់ ១,៣ពាន់លានដុល្លារ ក្នុងឆ្នាំ​២០២១ និង​ជិត ១,៥ពាន់លានដុល្លារ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ​២០២២។ ថ្មីៗនេះ VinFast ក៏ទើបតែ​កាត់បន្ថយបុគ្គលិក​នៅអាមេរិកខាងជើង ក្នុងនោះក៏រួមមាន​តំណែងខ្ពស់ៗផងដែរ។

បើតាម​លោកស្រី Le Thi Thu Thuy ​បាន​អះអាងថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន VinFast មិនទាន់​ប្រគល់រថយន្ត​ឱ្យអតិថិជន​របស់ខ្លួន​នៅទីផ្សារ​អាមេរិកនៅឡើយទេ ដោយសារត្រូវរង់ចាំ​ការទទួលបាន​វិញ្ញាបនបត្រ​ពីស្ថាប័ន EPA ដើម្បីបង្កើនចម្ងាយបើកបរ ព្រោះថា​បច្ចុប្បន្ន​រថយន្ត​អគ្គិសនី VinFast V8 ដែល​យកទៅលក់​នៅទីផ្សារ​អាមេរិកនោះ ពេល​សាកភ្លើងពេញ​ម្តង គឺបើកបរ​បាន​ចម្ងាយតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះ៕

អត្ថបទ៖ សំភី

មតិយោបល់