• 2022-06-21 08:18:59
  • ព័ត៌មាន

ហេង ជលសា ប្រាប់ពី​​អត្ថ​ប្រយោជន៍​​នៃ​​បច្ចេកវិទ្យា​ VR និង Metaverse ​ធ្វើ​​ឲ្យ​​​​គម្រោង​​អចលនទ្រព្យ​ កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ជាង​មុន​

  • 2022-06-21 08:18:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា VR និង Metaverse ដែល​ជា​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​បង្អស់​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក ជាមួយ​គ្នា​នេះ​ផងដែរប្រទេស​កម្ពុជា ក៏កំពុង​​អភិវឌ្ឃ​​ន៍​នូវ​​បច្ចេកវិទ្យា​ដ៏​​ទំនើប​នេះ​ដូចគ្នា​ ក្នុងនោះគេ​ឃើញមាន ​ក្រុមហ៊ុនក្នុងស្រុកមួយកំពុងតែ​​​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​យក​ទៅ​បម្រើ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ ទោះ​បី​មិន​ជួប​មុខ​គ្នា​ក៏​អាច​ទិញ-លក់​គម្រោង​​​ ថែមទាំង​អាច​​យក​គម្រោង​អចលនទ្រព្យ​ទាំង​នោះទៅជជែកគ្នាឃើញច្បាស់ៗនឹង​ភ្នែក​មិនមែនគ្រាន់តែជាការ​ស្រមើលស្រម៉ៃនោះ​ទេ និង​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍ជាង​មុន​។

លោក ហេង ជលសា គឺ​ជា​អ្នក​ជំនាញ​ម្នាក់​ផ្នែក​បច្ចេកវិទ្យា VR និង Metaverse ដែលមានបទពិសោធន៍ច្រើនឆ្នាំកំពុង​បម្រើការ​​នៅ​ក្នុងស្ថាប័ន ​​ Lastmile Works Cambodia គឺ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ដំបូង​គេ​បង្អស់​ដែល​​មាន​ ឯកទេស​ ខាងអភិវឌ្ឃន៍​បច្ចេកវិទ្យា​ VR យ៉ាងស្ទាត់ជំនាញ ដែល​ឥឡូវ​នេះ​កំពុង​តែ​ទទួល​បាន​គម្រោង​ជាច្រើនទាក់ទងទៅនឹងអចលនទ្រព្យ។ ចំពោះ​អតិថិជន​ធំជាងគេដែលក្រុម​របស់​លោក​ បានទទួលធ្វើនោះគឺគម្រោង​របស់​ក្រុមហ៊ុន Urban Village Cambodia និង Urban living Solution ​ក៏ដូចជា គម្រោង​ជា​ច្រើន​ទៀត​របស់​អតិថិជន​​នៅ​តាម​បណ្ដាប្រទេស​តំបន់​​អាស៊ាន និងភាគច្រើនមកពីជប៉ុន។

ក្រុម​ការងាររបស់​លោកសុទ្ធ​សឹង​តែ​ជា​ជនជាតិ​ខ្មែរ និង​ជាអ្នកមាន​ជំនាញផ្នែក Design ​ប្រមាណ​ជាង ៨០ ​រូប​ កំពុង​ធ្វើ​ការខាង​គូរ 3D គម្រោង​ខុនដូ ឬបុរីលំនៅឋាន​នានា​នៅស្រុក​យើង។ នៅ​គ្រប់​គម្រោង 3D ទាំង​នោះ​ម្ចាស់​គម្រោង​ទាំង​អស់អាចចូល​ទៅ​កាន់​ពិភពបែប​សិប្បនិម្មិត ដោយ​ភ្ជាប់វា​​ជាមួយ​ឧបករណ៍ VR ​ដើម្បី​ចូល​ទៅ Virtual ​Showroom អាច​មើល​ឃើញ​​ទាល់​ភ្នែក អាចដើរ​មើល​ជុំវិញ​អគារ​ខុនដូ​ទាំង​មូល ដោយគ្រាន់តែ​បញ្ជាទៅ​ជាន់​មួយ​ណា​​នៅ​លើ​អេក្រង់​។​

លោក ជលសា ​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា 3D និង VR Creative ​បានលើកឡើង​ឧទាហរណ៍​មួយ​អំពីគម្រោង​​របស់ Urban Village មក​បង្ហាញ​ជូន​ថា ក្រុម​ការងាររបស់​លោក​ក៏​បាន​អភិវឌ្ឃន៍​នូវ​បច្ចេកវិទ្យា​មួយ​ទៀត​ដែល​ស្រដៀង​ទៅ​នឹង VR ប៉ុន្តែ​អាច​មើល​ឃើញ ​គម្រោង​អគារ​ខុនដូ​ទាំងមូល ដោយ​មិន​ចាំបាច់​ពាក់​ VR និង​អាច​មើល​បាន​ជុំគ្នា​។ បច្ចេកវិទ្យា​ថ្មី​នេះ​មាន​នៅ​លើ​អេក្រង់ធំ អាច​បញ្ជា​ចុច​ទៅ​លើ​បរិយាកាស​នៅជុំវិញ អាច​ប្ដូរ​ពី​ពេល​ថ្ងៃ​ទៅយប់ ឬ​យប់​មកថ្ងៃ​សម្រាប់​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​​ក្នុង​ការ​សម្រេចចិត្ត​។

បច្ចេកវិទ្យា VR នេ​ះអាច​ជំនួស​​លើ​ការងារគម្រោងដូច​គ្នា​ដែល​កន្លងមក គេគូរ​លើ​ក្រដាស​ 2D ឬ 3D CAD នៅលើ​កុំព្យូទ័រ​ បន្ទាប់​ពី​រួច​កិច្ចការ​គេ​ត្រូវ​ណាត់ជួបគ្នា​ផ្ទាល់ ចំណាយ​ពេល​យូរ​ ថែម​ទាំង​ជួប​ ឧបសគ្គ​នានា​ ដូចជា File ធំ​ពេកពិបាក​បើក កុំព្យូទ័រ​គាំង ​ឬបញ្ហា​ផ្សេងៗ​ទៀត​។​

លើសពីនេះ​ទៀត ក្រុម​របស់​លោក​ក៏​បាន​អភិវឌ្ឃន៍​ Comony គឺជា Metaverse ដែល​ជាប្រព័ន្ធដ៏​ទំនើបមួយ​បង្កើត​ឡើង​សម្រាប់​ជួយ​សម្រួល​ដល់​ការងារ​ទាំង​ឡាយ​ណា​ដែល​មិន​អាច​ធ្វើ​បាន​​នៅ​ពិភពពិត real world ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩ ខណៈ​ដែល​ប្រព័ន្ធ​នេះអាច​ឲ្យ​ម្ចាស់​គម្រោង​អាច​ជួប​ជជែកគ្នា​ ខលជួបគ្នា ​និង​អាប់ដែត​ព័ត៌មាន​នានា​លើ​គម្រោង​ក្នុង​ពេល​តែ​មួយ​តែម្ដង​។​

លោកក៏បាន​លើក​ឡើង​ពី​សុទិដ្ឋិនិយម​​ប្រាប់ Sabay ឲ្យដឹង​ថា បើមាន​ការ​គាំទ្រ​ច្រើនក្រុមការងារលោក​ នឹងពង្រីកវិសាលបច្ចេកវិទ្យា ​VR នេះ​​នឹង​ទៅ​កាន់​វិស័យផ្សេងៗ​ដូចជា វិស័យ​អប់រំ ឬ វិស័យ​សុខាភិបាល នៅថ្ងៃ​អនាគត ក្រៅពី​វិស័យ​អចលនទ្រព្យដែល​បាន​​បម្រើ​ដល់ភាព​ងាយស្រួល​ដល់​ដំណើការ​អាជីវកម្ម​បាន​មួយ​ផ្នែក​ធំ​៕

អត្ថបទ៖ រក្សា

មតិយោបល់