• 2022-02-17 07:34:07
  • ផលិតផលថ្មី

Yamaha Aerox ថ្មី​ចេញលក់​ហើយ​តម្លៃខ្ទង់ ២ពាន់ដុល្លារ បំពាក់​បច្ចេកវិទ្យា​កប់

  • 2022-02-17 07:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនសំងំ​ស្ងាត់ឈឹង​យូរទៀតទេ ក្រុមហ៊ុន Yamaha ទន្ទ្រានចូល​ទីផ្សារ​ម៉ូតូ Scooter ធុនធំ​ទៀតហើយ ដោយបាន​បញ្ចេញ​ជាផ្លូវការ​នូវម៉ូតូ Aerox ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើបៗច្រើន។

ម៉ូតូ Yamaha Aerox ថ្មីនេះ ប្រើម៉ាស៊ីន Blue Core ដែល​ជារបស់​ Yamaha ផ្ទាល់ ចំណុះ ១៥៥សេសេ ជាពិសេស​បំពាក់​ជាមួយ​ប្រព័ន្ធ Variable valve ដែល​ជួយដល់​សន្ទុះរបស់​ម៉ូតូ ខ្លាំង និង​ប្រើប្រាស់​បានយូរ។

មិនតែប៉ុណ្ណោះ ម៉ូតូ​ដែលជាគូប្រជែង​របស់​ PCX នេះ ក៏បាន​បំពាក់​ប្រព័ន្ធហ្វ្រាំង ABS ដែល​ជួយ​ទប់កង់ម៉ូតូមិនឱ្យអូស​ ពេល​ជាន់ហ្វ្រាំង​បន្ទាន់​ភ្លាមៗ និងមាន​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង​ផងដែរ។

ងាកមកមើល​រូបរាងរបស់​ម៉ូតូ Yamaha នេះវិញ វា​ត្រូវបានឌីហ្សាញ​ជារាងបែបស្ព័រ បំពាក់​ចង្កៀង​មុខ LED ហើយមាន​អំពូល Daytime Running Light ទៀតផង ហើយភ្លើងស៊ីញ៉ូឆ្វេងស្តាំស្ថិតនៅ​ជាប់​កាបាំង​ខាងក្រោម។ ចំណែក​ផ្នែក​ខាងក្រោយ ត្រូវបានរចនាបែបថ្មី ដោយចង្កៀង​វា​ក៏ជា​ប្រភេទ LED ហើយ​ភ្លើងស៊ីញ៉ូធ្វើដូច​ម៉ូតូ Honda Click ដែរ ដោយ​មិនស្ថិតនៅជាប់ជាមួយ​ចង្កៀងនោះទេ។

​កាន់តែ​គួរឱ្យចាប់អារម្មណ៍នោះ កុងទ័រ​របស់​ម៉ូតូនេះ ជាប្រភេទ​ឌីជីថល LCD ដែល​បង្ហាញ​នូវព័ត៌មាន​ផ្សេងៗអំពីស្ថានភាពូម៉ូតូយ៉ាងច្បាស់ ដោយវាអាចភ្ជាប់​ជាមួយ​កម្មវិធី Y-CONNECT តាមរយៈ​ស្មាតហ្វូន​ទៀតផង ពោលគឺក្នុងកុងទ័រនេះ​​បាន​បង្ហាញ​ឱ្យអ្នកបើកបរបានដឹង​ដូចជា ការខល ផ្ញើសារ កម្រិតថ្ម​ទូរសព្ទនៅសល់ កម្រិត​ប្រេងសាំង​ក្នុងធុង សញ្ញា​អាសន្ន​ពេល​ម៉ូតូ​មានបញ្ហាម៉ាស៊ីន និង​សញ្ញាសម្គាល់​សំខាន់ៗផ្សេងទៀត។

បន្ថែមលើសនេះ ម៉ូតូ Aerox បំពាក់​ប្រព័ន្ធឆ្លាតវៃដូចជា សោ Smart Key និង​ប្រព័ន្ធបញ្ឆេះ​ម៉ូតូពីចម្ងាយ មានរន្ធសាកថ្ម ហើយ​ឃ្លុបក្រោមកែប​ក៏ធំទៀតផង អាចផ្ទុកបានចំណុះ ២៥លីត្រ ឬអាចដាក់​មួកសុវត្ថិភាពបាន។

​ម៉ូតូ Yamaha Aerox ត្រូវបាន​ដាក់​លក់​ក្នុងប្រទេសថៃ ដោយមានជម្រើស២ គឺ Standard Version តម្លៃ ៦៨ ៩០០បាត ឬប្រមាណ ២១០០ដុល្លារអាមេរិក និងជម្រើស ABS Version ដែលមានតម្លៃ​ ៧៩ ៩០០បាត ឬប្រមាណ ២៤០០ដុល្លារអាមេរិក៕

អត្ថបទ៖ សំភី

មតិយោបល់