• 2024-07-22 08:38:02
  • ផលិតផលថ្មី

ឡាន MPV អគ្គិសនី BYD ថ្មីចេញលក់នៅប្រទេសអាស៊ានមួយនេះ តម្លៃតែ ២៣ ០០០ដុល្លារ

  • 2024-07-22 08:38:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BYD បាន​បញ្ចេញ​រថយន្ត MPV អគ្គិសនី BYD M6 ជាផ្លូវការ​នៅប្រទេស​ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២៤ ដែលមាន​តម្លៃចាប់ពី ២៣០០០ដុល្លារឡើងទៅ។ នេះគឺជា​រថយន្ត MPV ដំបូងរបស់ BYD នៅទីផ្សារឥណ្ឌូណេស៊ី ហើយក៏ជា​រថយន្ត MPV ដែលប្រើអគ្គិសនីសុទ្ធ នៅក្នុងប្រទេស​អាស៊ាន​មួយនេះផងដែរ។

រថយន្តវ៉ែននេះ បំពាក់​អាគុយ Blade Batteries ទំហំ ៥៥,៤គីឡូវ៉ាត់ម៉ោង និង ៧១,៨គីឡូវ៉ាត់ ដែលពេលសាកពេញអាចបើកបរបានចម្ងាយ ៤២០គីឡូម៉ែត្រ និង ៥៣០គីឡូម៉ែត្រ។ ជាមួយគ្នានេះ ការសាកថ្មពី ១០% ដល់ ៨០% ប្រើពេល ៤០នាទី។ វាបំពាក់​ម៉ូទ័រអគ្គិសនី១ មានកម្លាំង ១៦៣សេះ និងកម្លាំងរមួល ៣១០ញូតុនម៉ែត្រ។ យ៉ាងណាមិញ រថយន្តនេះ​ក៏មាន option ខ្ពស់​ដែល​បំពាក់ម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ២០៤សេះផងដែរ។

BYD M6 មាន​ជម្រើស​កៅអី៦ និងកៅអី៧, ពោងសុវត្ថិភាព ៦គ្រាប់, ដំបូល Panoramic Sunroof, សាកថ្មឥតខ្សែ​ និងមានអេក្រង់ថាច់ស្គ្រីន ទំហំ ១២,៨អ៊ីញ។ ក្រៅពីនេះ ប្រព័ន្ធសុវត្ថិភាព​រួមមាន ហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធគ្រប់គ្រងល្បឿន (adaptive cruise control), ប្រព័ន្ធរក្សាការបើកក្នុងគន្លង និងមុខងារ blind spot ជាដើម។

BYD បានចូល​ទីផ្សារ​ឥណ្ឌូណេស៊ី កាលពីខែមករា ជាមួយនឹង​រថយន្តម៉ាក Seal, Dolphin និង Atto 3 ហើយគ្រោង​វិនិយោគ ១,៣ពាន់លានដុល្លារ សង់រោងចក្រ​រថយន្តដែលអាចផលិតបាន ១៥ម៉ឺនគ្រឿង។ ក្នុងនោះ BYD គ្រោងនឹង​ផលិត​រថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នាឆ្នាំ​២០២៦៕

អត្ថបទ៖ សំភី

មតិយោបល់