- 2022-01-10 04:48:05
- ផលិតផលថ្មី
ឧបករណ៍បច្ចេកវិទ្យាទាំង៥ពី CES គួរឲ្យចង់បោកកូនជ្រូកទៅទិញ!
- 2022-01-10 04:48:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧបករណ៍បច្ចេកវិទ្យាទាំង៥ពី CES គួរឲ្យចង់បោកកូនជ្រូកទៅទិញ!
ចន្លោះមិនឃើញ
CES 2022 ត្រូវបានបញ្ចប់ជាស្ថាពរ យើងបានឃើញមានក្រុមហ៊ុនជាច្រើនបានមកប្រមូលផ្តុំគ្នាដាក់តាំងបង្ហាញឧបករណ៍បច្ចេកវិទ្យារចុងក្រោយរបស់ខ្លួន។ សប្បាយក៏បានចុះផ្សាយពីឧបករណ៍មួយចំនួន ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
ហើយថ្ងៃនេះយើងនឹងលើកយកឧបករណ៍ ដែលគួរឲ្យភ្ញាក់ផ្អើល និងទាក់ទាញបំផុត ចំនួន៥ ដែលយើងគិតថាអាចនឹងកើតឡើងពិតប្រាកដ ឬអាចចេញលក់លើទីផ្សារឆាប់ៗ។ តោះយើងទៅតាមដានព័ត៌មានលម្អិតទាំងអស់គ្នា៖
១. ថេប្លេត Asus The ZenBook 17 Fold បត់អេក្រង់ ១៧អ៊ីញ
ប្រសិនបើយើងបើកថេប្លេតនេះឲ្យអស់ យើងទទួលបានថេប្លេតមួយដែលមានអេក្រង់សរុបទំហំ ១៧,៣អ៊ីញ ជាមួយខ្នាតបង្ហាញ 4:3។ អេក្រង់នេះមានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត 2560 x 1920px ជាមួយនឹងពណ៌ Contrast 1,000,000:1 ចំណែកឯការបង្ហាញទឹកពណ៌វិញ វាអាចបង្ហាញពណ៌ប្រភេទ DCI-P3 បានដល់ ១០០ភាគរយ និងគាំទ្របច្ចេកវិទ្យា Dolby Vision។
លក្ខណៈពិសេសរបស់អេក្រង់ខាងលើ គឺវាអាចបត់បាន ហើយប្រសិនបើយើងប្រើប្រាស់ក្តារចុចរបស់វាទៀត ថេប្លេតនេះនឹងប្រែកាយជាឡេបថបភ្លាមតែម្តង ដោយនៅសល់អេក្រង់ទំហំ ១២,៥អ៊ីញ។ ហើយបើចង់យកប្រយោជន៍នៃអេក្រង់ទំហំ១៧អ៊ីញនោះ យើងគ្រាន់តែបើកវាមក ហើយប្រើប្រាស់ជាមួយក្តារចុចជាការស្រេច។
២. នាឡិកាវៃឆ្លាតថ្មីពី Garmin ម៉ូឌែល Venu 2 Plus
ដោយមើលឃើញកង្វះខាតដែលមានលើ Venu 2 សម្រាប់ទៅប្រកួតនឹងគូប្រជែងដូចជា Apple Watch Series ឬ Galaxy Watch ជាដើមនោះ Garmin បានយកកង្វះខាតនោះមកបន្ថែមលើ Venu 2 Plus។ រូបរាងខាងក្រៅរបស់វាមានមុខកាត់ ៤៣ មីល្លីម៉ែត្រ ភ្ជាប់មកជាមួយអេក្រង់ AMOLED រាងមូល ភ្លឺច្បាស់ងាយស្រួលមើលនៅពេលថ្ងៃ។ កាន់តែពិសេស វាមានប៊ូតុងសម្រាប់ចុចទៅកាន់មុខងារបញ្ជាដោយសំឡេងតែម្តង និងអាចប្តូរវាទៅជាផ្លូវកាត់ (shortcut) សម្រាប់កម្មវិធីដែលយើងចង់បាន។
រីឯថាមពលថ្មវិញ នាឡិកានេះ អាចប្រើបាន ៩ថ្ងៃ សម្រាប់ការប្រើប្រាស់ជានាឡិកាវៃឆ្លាតធម្មតា ឬប្រើបានត្រឹម ២៤ម៉ោង សម្រាប់ការប្រើប្រាស់មុខងារ GPS ឬបើប្រើទាំង GPS និងស្តាប់ចម្រៀងផង គឺអាចប្រើបានត្រឹម ៨ម៉ោង ប៉ុណ្ណោះ។ សម្រាប់តម្លៃវិញ Garmin ដាក់លក់វានៅក្នុងវេបសាយផ្ទាល់ខ្លួន ក្នុងតម្លៃ ៤៥០ដុល្លារ។
៣. LED Projector ពី Samsung មានមុខងារទូរស្សន៍វៃឆ្លាតមកស្រាប់
នេះគឺជា LED Projector ថ្មីពី Samsung ដែលមានរូបរាងតូច និងស្រាល សម្រាប់ប្រើប្រាស់បែបគ្រួសារ។ សមត្ថភាពរបស់វាអាចបញ្ចាំងរូបភាពបានដល់កម្រិត 1080p ក្នុងទំហំចាប់ពី ៣០ អ៊ីញ ដល់ ធំបំផុត ១០០ អ៊ីញ ទៅតាមចម្ងាយពី Projector ទៅជញ្ជាំង និងមានឧបករណ៍បំពងសំឡេងមកស្រាប់។ វាក៏មានមុខងារតម្រង់ និងមុខងារ Focus ដោយស្វ័យប្រវត្តិផងដែរ ដើម្បីជួយសម្រួលកុំឲ្យអ្នកប្រើប្រាស់ហត់ក្នុងការសារ៉េ។
Samsung ក៏បានដាក់ប្រព័ន្ធប្រតិបត្តិការទូរទស្សន៍វៃឆ្លាតរបស់ខ្លួនចូលមកក្នុងនេះតែម្តង មានន័យថាអ្នកប្រើប្រាស់ក៏អាចប្រើវាសម្រាប់ការកម្សាន្តដាច់ដោយឡែក មិនចាំបាច់ភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀតក៏បាន។ LED Projector នេះនឹងមានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃ ៨៩៩ដុល្លារ តាមរយៈវេបសាយ Samsung ដោយផ្ទាល់។
៤.ថេប្លេត Asus ROG Flow Z13 ស្តើងស្រាល ប៉ុន្តែលេងហ្គេមវិញបានមួយឆ្ងាញ់
Asus បានងាកមកកែប្រែការគិត ទៅលើថេប្លេត ពីប្រភេទសម្រាប់ប្រើប្រាស់ធម្មតា មកជាប្រភេទ Gaming។ ថេប្លេតនេះគឺជាម៉ាស៊ីនហ្គេមកុំព្យូទ័រ ដើរដោយ Window ដែលងាយស្រួលយកតាមខ្លួនបំផុត ដោយវាមានទំហំតូច អេក្រង់ទំហំ ១៣,៤អ៊ីញ និងមានកម្រាស់ត្រឹមតែ ១២មីល្លីម៉ែត្រប៉ុណ្ណោះ។ ទោះបីជាថេប្លេតនេះមានរូបរាងតូចក្តី ប៉ុន្តែម៉ាស៊ីនរបស់វា គឺខ្លាំងជាងឡេបថបហ្គេមមួយចំនួនទៀត ដោយមានជម្រើស CPU ដល់ទៅប្រភេទ Core i9-12900H មានរ៉េមចាប់ពី ១៦ជីហ្គាបៃ ប្រភេទ DDR5 និងអង្គផ្ទុកទិន្នន័យប្រភេទ PCIe 4.0។ ចំណែកឯក្រាហ្វ្រិកកាតវិញ វាប្រើប្រាស់ប្រភេទ RTX 3050Ti ទំហំ 4GB GDDR6។
សម្រាប់តម្លៃវិញ Asus នៅមិនទាន់បញ្ជាក់នៅឡើយទេ ថាតើ Asus ROG Flow Z13 នឹងមានតម្លៃប៉ុន្មាន ប៉ុន្តែបើមើលតាមកម្លាំងខាងលើ វាប្រហែលជាមិនថោកទេ។
៥. OnePlus 10 Pro
OnePlus 10 Pro ត្រូវបានកំណត់ថ្ងៃប្រកាសចេញ ទី១១ ខែមករា ក្លាយជាស្មាតហ្វូនធំដំបូងគេដើមឆ្នាំ២០២២នេះ។ OnePlus នឹងបំពាក់ឈីបជំនាន់ចុងក្រោយ Snapdragon 8 Gen 1 មានកម្លាំងសាកថ្ម 80W អាចសាកឥតខ្សែរបាន 50W និងមានកាមេរ៉ាក្រោយ ប្រើលែនដើមទំហំ 50MP។ ផ្នែកអេក្រង់វិញមានទំហំ ៦,៧អ៊ីញ ប្រភេទSuper AMOLED 1440p resolution និងប្រើបច្ចេកវិទ្យា LTPO 2.0 ធ្វើឱ្យការអូសបញ្ជារនៅលើអេក្រង់បានរលូនល្អ។ ចំពោះតម្លៃវិញ ក្រុមហ៊ុននៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ។
ខាងលើនេះគឺជាឧបករណ៍ទាំង៥ ពី CES 2022 ដែលយើងគិតថានឹងអាចបានឃើញនៅក្នុងទីផ្សារពិតប្រាកដ មិនមែនគ្រាន់តែគំរូសម្រាប់ដាក់បង្ហាញនោះទេ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះឧបករណ៍ទាំង៥ខាងលើ ហើយឧបករណ៍មួយណាដែលអ្នកគិតថានឹងទិញយកមកប្រើ? កុំភ្លេច Comment ខាងក្រោមអំពីគំនិតរបស់អ្នក៕