• 2022-01-10 01:00:00
  • ផលិតផលថ្មី

Lenovo Thinkbook Plus ជំនាន់ថ្មីប្តូរទីតាំងអេក្រង់ទី២ មកនៅក្រោមក្បែរក្តារចុចវិញ

  • 2022-01-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំនេះជាខួបទី៣ នៃវត្តមានរបស់ Lenovo Thinkbook Plus ឡេបថបអេក្រង់ពីរ មកកាន់ទីផ្សារបច្ចេកវិទ្យា។ នៅលើ Lenovo Thinkbook Plus ជំនាន់ទី៣នេះ ក្រុមហ៊ុនបានផ្លាស់ប្តូរទីតាំងអេក្រង់ទី២ ដ៏ភ្លាវ ដែលធ្លាប់មាននៅលើជំនាន់ទី២ មកដាក់នៅខាងក្រោមក្បែរក្តារចុចវិញ។ ជំនួសពីអេក្រង់ស-ខ្មៅ នៅខ្នងខាងលើនៃឡេបថប ឥឡូវនេះអេក្រង់ទី២ ក្លាយជាអេក្រង់ដែលមានពណ៌ Touch Screen អាចបញ្ជាដោយប៊ិកបាន។

Lenovo Thinkbook Plus ជំនាន់ទី២
Lenovo Thinkbook Plus ជំនាន់ទី៣

អេក្រង់គោលរបស់ Lenovo Thinkbook Plus ជំនាន់ទី៣ ជាប្រភេទបន្ទះបង្ហាញ IPS ទំហំ ១៧,៣អ៊ីញ មានកម្រិតបង្ហាញ 3K (3072x1440 px) មានខ្នាតបង្ហាញ 21:10។ វាដំណើរការរួមគ្នាជាមួយនឹងអេក្រង់ទី២ ប្រភេទ LCD ទំហំ ៨ អ៊ីញ កម្រិតបង្ហាញ 800x1280 px មានទីតាំងនៅខាងស្តាំក្តារចុច។

ដើម្បីអាចទាញយកផលប្រយោជន៍ពីអេក្រង់ប្រភេទនេះអស់ វាប្រើប្រាស់ Window 11 ពិសេស ដែលអាចចែករបៀបប្រើប្រាស់អេក្រង់នេះដល់ទៅ ៧ របៀបផ្សេងគ្នា។ អ្នកអាចចែករូបភាពដែលនៅលើអេក្រង់ ឲ្យបង្ហាញនៅលើអេក្រង់ទី២ ទាំងស្រុងក៏បាន, បើក ២ window នៅខាងលើ និងក្រោម ឬក៏អាចបើកគួបគ្នាជាមួយនឹងអេក្រង់ខាងលើនោះក៏បាន។ មុខងារសម្រាប់បើកកម្មវិធីតគ្នា ពីអេក្រង់ទី១ មកដល់ក្រោមនេះ Lenovo បានដាក់ឈ្មោះឲ្យវាថា "អេក្រង់ទឹកជ្រោះ" ហើយមុខងារបែបនេះស័ក្កសមសម្រាប់ការមើលតារាង ដែលមានលក្ខណៈវែងៗ។

ក្រៅពីនេះ វាក៏ដើរតួជាក្តារចុចលេខ ឬក៏ប្រើជាអេក្រង់សម្រាប់កត់ត្រាផ្សេងៗ ដោយប្រើប្រាស់ប៊ិក stylus ដែលភ្ជាប់មកជាមួយស្រាប់។

កម្លាំងម៉ាស៊ីនដែលដំណើរការអេក្រង់ទាំងពីរនេះវិញ គឺមិនសូវខុសគ្នាពីឡេបថបដែលចេញលក់ នាដើមឆ្នាំនេះប៉ុន្មានទេ ពោលគឺប្រើប្រាស់ CPU ជំនាន់ចុងក្រោយទី១២ ពីក្រុមហ៊ុន Intel គួបនឹងក្រាហ្វ្រិកកាត Intel Xe អមដោយ RAM ទំហំ 32GB DDR5។ ជាមួយនឹងកម្លាំងប៉ុននេះ វាអាចរត់កម្មវិធីធំៗ ដូចជា Lightroom និង Photoshop បានយ៉ាងល្អប្រសើរ។

សម្រាប់កម្លាំងថ្ម វាប្រើប្រាស់ថ្មធំល្មម ទំហំ ៦៩វ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់ពពួកឡេបថបទូទៅ ប៉ុន្តែនៅលើ Lenovo Thinkbook Plus វាមានអេក្រង់ដល់ទៅ២ ដូច្នេះវាអាចនឹងស៊ីជាងឡេបថបដែលមានអេក្រង់១ធម្មតាក៏ថាបាន។

តម្លៃខ្លួនរបស់ Lenovo Thinkbook Plus នេះមានតម្លៃចាប់ពី ១ ៣៩៩ដុល្លារឡើងទៅ ដែលអាចខុសគ្នាទៅតាមការជ្រើសរើសកម្លាំងរបស់ម៉ាស៊ីន។ ចំពោះកាលបរិច្ឆេទដាក់លក់ គឺអ្នកអាចចាប់ផ្តើមបញ្ជាទិញក្នុង ខែឧសភា ឆ្នាំនេះហើយ៕

អត្ថបទ៖ Thea Sothun

មតិយោបល់