• 2021-11-04 02:44:40
  • ផលិតផលថ្មី

Toyota ចេញ​គំរូរថយន្តបែបផ្សងព្រេង កន្លែងគេង ហូបចុក បន្ទប់ទឹក មានមួយចប់​ដូចនៅផ្ទះ

  • 2021-11-04 02:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែ​បញ្ចេញ​គំរូ​រថយន្ត​ថ្មីរបស់ខ្លួន​ម៉ូដែល Tacozilla ដែល​ជារថយន្ត​សម្រាប់​ការធ្វើដំណើរ​ផ្សងព្រេង ពោលគឺ​អាច​ស្នាក់នៅ​ក្នុងរថយន្ត​នេះ​ ដូច​ស្នាក់នៅក្នុង​ផ្ទះ​ដែរ។

ការឌីហ្សាញ​រថយន្តនេះ គឺផ្អែក​តាមរូបរាង​ដើម​របស់ Tacoma TRD Sport ដោយ​គ្រាន់​តែកែច្នៃបន្ថែមទៀតនៅ​ផ្នែកខាងក្រោយ​ ក្នុងការ​រៀបចំ​ធ្វើជា​ជាម្រក​ស្នាក់នៅ​ពេល​ធ្វើដំណើរផ្សងព្រេង​ឆ្ងាយៗ ឬហៅថា​ តង់​លើរថយន្ត។

បើតាម​វីដេអូ Concept របស់​ Toyota ដែល​បាន​បញ្ចេញ​ក្នុងពិព័រណ៌ SEMA 2021 នៅ​ La Vegas សហរដ្ឋអាមេរិក បង្ហាញថា ក្នុង​តង់រថយន្តនេះ គឺមានទ្វារបិទបើកសម្រាប់​ចេញចូល ហើយមាន​ធ្នើ​សម្រាប់​គេង ​មានតុសម្រាប់​ទទួលទានអាហារ ​ចង្ក្រាន ទូទឹកកក ម៉ាស៊ីនត្រជាក់ ឡាបូ បន្ទប់ទឹក និងទូរទស្សន៍​ជាដើម។ វាក៏មានដំបូលកញ្ចក់​ដែលអ្នកអាចមើលផ្កាយ​ពេលយប់​បានទៀតផង។ ចំពោះ​មនុស្ស​ដែលមាន​កម្ពស់​លើសពី ១,៨០ម៉ែត្រ​ ក៏អាចដើរ​ក្នុងតង់នេះបាន​ផងដែរ។

Toyota Tacozilla ត្រូវបានឌីហ្សាញ​ជាពណ៌ស មានឆ្នូត ៣ពណ៌ គឺលឿង ទឹកក្រូច និងទង់ដែង យក​គំរូ​តាម​ពណ៌រថយន្តប្រភេទផ្សេងព្រេងបែបនេះ ដែល​ Toyota បាន​ផលិត​ក្នុងអំឡុងទសវត្សរ៍ទី ៦០ និង ៧០។

ដើម្បីបង្កភាព​កាន់តែងាយស្រួល​ដល់​ការ​ Off-road រថយន្ត Tacozilla ក៏បាន​បំពាក់​ជាមួយបូម​លើកកម្ពស់រថយន្ត ២អ៉ីញ កង់ ១៧អ៉ីញជាមួយសំបកកង់ Grabber X3។ វា​ប្រើប្រាស់​ម៉ាស៊ីន V6 ចំណុះ ៣,៥លីត្រ ជាមួយប្រអប់លេខដៃ ៨វគ្គ។ កន្លែង​ចាក់សាំង​នៃរថយន្ត មិនត្រូវបាន​ដាក់​នៅ​ជាប់តង់នេះទេ ហើយ​អាគុយ​ ត្រូវបាន​ដាក់​នៅប្លុកម៉ាស៊ីន​ខាងមុខ ដែល​សម្រាប់ផ្តល់ថាមពល​ប្រើប្រាស់​នានា​ក្នុងរថយន្ត។

យ៉ាងណាមិញ ក្រុមហ៊ុន​ Totyota មិនបាន​បញ្ជាក់​ពី​តម្លៃ និងផលិតនៅឆ្នាំណានោះទេ។ គេជឿជាក់​ថា នៅពេលរថយន្ត​ត្រូវបាន​ផលិត និងបញ្ចេញលក់លើទីផ្សារ នឹង​ទទួលបាន​ការពេញនិយមខ្លាំងពិសេស​អ្នកចូលចិត្ត​ធ្វើដំណើរ​ផ្សងព្រេងលើផ្លូវ Off-road ចូលព្រៃជាមិនខាន៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់