• 2021-05-06 23:25:17
  • ព័ត៌មាន

ហ៊ានណាស់! ទិញ Rolls-Royce តម្លៃខ្ទង់លានដុល្លារតាមទូរសព្ទដៃ មិនខ្ចីទាំងទៅមើលឡាន

  • 2021-05-06 23:25:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់តាំងពីមានរោគរាតត្បាតកូវីដ១៩ មក មនុស្សភាគច្រើនបានពឹងផ្អែកលើប្រតិបត្តិការណ៍គ្មានសាច់ប្រាក់ និងមិនប៉ះពាល់គ្នា និយាយឲ្យងាយស្តាប់ទៅគឺ ចាយលុយតាមទូរសព្ទដៃ។

មនុស្សភាគច្រើនចាយលុយទិញកាហ្វេ, អាហារ, ខោអាវ និងរបស់របរប្រើប្រាស់ជាច្រើនទៀត ប៉ុន្តែនៅក្នុងប្រទេសចិនវិញ ការចាយរបស់ពួកគេគឺធំខ្លាំង រហូតដល់ការទិញរថយន្តទៀតផង។ រថយន្តដែលពួកគេទិញ មិនមែនជារថយន្តធម្មតាដែរ តែជារថយន្តប្រណីតតម្លៃខ្ទង់លានដុល្លារ ហើយបង់លុយតាមរយៈការបញ្ជាលើអេក្រង់ទូរសព្ទ។

យោងតាមប្រភពជិតដិតនឹងក្រុមហ៊ុន Rolls-Royce បានឲ្យដឹងថា ក្រុមហ៊ុនបានលក់ដាច់រថយន្តម៉ូដែលពិសេសៗអស់ជាច្រើនគ្រឿងមកហើយ តាមរយៈកម្មវិធី WeChat របស់ចិន ដែលវាមិនត្រឹមតែជាកម្មវិធីផ្ញើសារប៉ុណ្ណោះទេ តែថែមទាំងមានមុខងារអាចឲ្យយើងទិញអីវ៉ាន់បានភ្លាមៗផងដែរ។

ក្នុងនោះដែរ ក្រុមហ៊ុន Rolls-Royce ទទួលបានការទិញរថយន្ត Rolls-Royce Phantom Tempus មួយគ្រឿង តាមរយៈ WeChat ដែលវាជារថយន្តម៉ូដែលពិសេសមានផលិតត្រឹម ២០គ្រឿងប៉ុណ្ណោះ។

រថយន្ត Rolls-Royce Phantom Tempus បានបង្ហាញខ្លួននៅក្នុងកម្មវិធី 2021 Shanghai Auto Show កាលពីខែមុន។ ទោះជាយ៉ាងណា Rolls-Royce មិននិយាយអំពីតម្លៃនៃរថយន្តម៉ូដែលពិសេសរបស់ខ្លួនឡើយ ប៉ុន្តែប្រភពបានឲ្យដឹងថា វាអាចមានតម្លៃដល់ខ្ទង់ ១លានដុល្លារឯណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ បានប្រកាសការចេញរបស់ Phantom Tempus នៅលើកម្មវិធី WeChat ហើយមិនយូរប៉ុន្មានក៏មានអតិថិជនទិញវាយក ទាំងមិនបានឃើញរថយន្តផ្ទាល់ ឬនិយាយទាក់ទងជាមួយនរណាម្នាក់ នៅក្រុមហ៊ុន Rolls-Royce ផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់