• 2021-01-15 02:41:41
  • ព័ត៌មាន

Apple ដកដុំសាកចេញព្រោះចង់ជួយបរិស្ថាន! ចុះ Samsung វិញមានហេតុផលអ្វីដែរ?

  • 2021-01-15 02:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកាសចេញ Galaxy S21 Series កាលពីយប់មិញ គេទទួលបានការបញ្ជាក់ច្បាស់ការណ៍ដូចនឹងពាក្យចចាមអារ៉ាមចេញផ្សាយនាពេលកន្លងមក ដោយ Samsung មិនបានបន្ថែមដុំសាកថ្ម និងកាសស្ដាប់ក្នុងប្រអប់ដូចមុននោះទេ។

ការសម្រេចចិត្តរបស់ Samsung ធ្វើឲ្យគេនឹកដល់ការសម្រេចចិត្តរបស់ Apple ជាមួយនឹង iPhone 12 Series ដោយមានការដកដុំសាក និងកាសស្ដាប់ចេញពីប្រអប់ដូចគ្នា។ ពេលនោះ Apple Apple បានលើក​​យក​ហេតុ​ផល​ជួយ​ការពារ​បរិស្ថាន​ ហើយ​បាន​បញ្ជាក់​ថា​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​គឺ​មាន​ឆ្នាំង​សាក​រួច​ជា​ស្រេច​ទៅ​ហើយ ពេល​ទិញ iPhone ស៊េរី​មុនៗ​។

ដោយឡែក Samsung បានការពារនូវការសម្រេចចិត្តរបស់ខ្លួនដោយបានប្រកាសដូចខាងក្រោមនេះ ៖

"យើងឃើញថាអ្នកប្រើប្រាស់ឧបករណ៍ Galaxy កាន់តែច្រើនទៅៗគឺកំពុងប្រើប្រាស់ឧបករណ៍ (ដុំសាក ឬកាស) ដែលពួកគេមានរួចស្រាប់ទៅហើយ ដែលជាទម្លាប់ដ៏ល្អមួយក្នុងការលើកកម្ពស់ការប្រើប្រាស់របស់របរចាស់ៗ។ ដើម្បីគាំទ្រដល់សហគមន៍អ្នកប្រើប្រាស់ Galaxy របស់យើង យើងផ្លាស់ប្ដូរទៅកាន់ការដកដុំសាក និងកាសស្ដាប់ចេញពីស្មាតហ្វូនត្រកូល Galaxy ជំនាន់ចុងក្រោយបំផុតរបស់យើង។

យើងជឿជាក់ថាការដកដុំសាក និងកាសស្ដាប់ចេញពីប្រអប់វេចខ្ចប់ នឹងជួយដោះស្រាយបញ្ហានៃការប្រើប្រាស់ប្រកបដោយនិរន្តភាព ហើយនឹងជួយកាត់បន្ថយនូវសម្ពាធរបស់អ្នកប្រើប្រាស់ចំពោះការទទួលយកនូវឧបករណ៍ដែលមិនចាំបាច់ជាមួយស្មាតហ្វូនថ្មីរបស់ពួកគេ។

កន្លងមកនេះយើងក៏បានប្រើប្រាស់រន្ធ USB-C ជាប្រភេទរន្ធស្តង់ដារមួយលើឧបករណ៍របស់យើង គឺចាប់តាំងពីឆ្នាំ ២០១៧។ ដូចនេះដុំសាកចាស់ៗនឹងនៅតែអាចប្រើប្រាស់ជាមួយស្មាតហ្វូន Galaxy ថ្មីចុងក្រោយបំផុតបាន។"

ហេតុផលដូចដែលបានរៀបរាប់ខាងលើ ជាមួយនឹងការទម្លាក់តម្លៃត្រកូល Galaxy S21 ឲ្យធូរថ្លៃជាងមុន ទំនងជាធ្វើឲ្យអ្នកប្រើប្រាស់អាចទទួលយកបាននូវការដកដុំសាក និងកាសស្ដាប់ចេញពីប្រអប់៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់