• 2021-01-01 04:21:45
  • ព័ត៌មាន

Toyota ចេញឡានអគ្គិសនីថ្មី ជិះបាន២នាក់ តែតម្លៃថោកហួសស្មាន

  • 2021-01-01 04:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បានប្រកាសចេញកូនរថយន្តប្រើអគ្គិសនីថ្មី ម៉ូដែល C+pod ស៊េរីឆ្នាំ២០២១ ដែលផលិតឡើងផ្តោតលើអ្នកប្រើប្រាស់ជាសាជីវកម្ម រដ្ឋាភិបាលក្នុងតំបន់ និងអង្គការដទៃទៀត ដែលនឹងចេញលក់នៅឆ្នាំ២០២២។

ធ្លាប់បង្ហាញខ្លួនជាគំរូរថយន្ត Ultra Compact BEV Concept វាបានបំពាក់ម៉ូទ័រអគ្គិសនីតូចមួយនៅខាងក្រោយ ដែលផ្តល់ថាមពលឲ្យកង់ក្រោយ និងបង្កើតកម្លាំងបានសរុប ១២,៣សេះ ដែលអនុញ្ញាតឲ្យវាអាចរត់ដល់ល្បឿនអតិបរមា ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះដែរ C+pod មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៩,០៦គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ១៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង ដែលចំណាយពេលប្រហែល ៥ម៉ោង បើសាកកម្លាំង ២០០វ៉ុល ឬ ១៦ម៉ោង បើសាកកម្លាំង ១០០វ៉ុល។

គួរឲ្យដឹងថា គ្រោងឆ្អឹងខាងក្រៅនៃរថយន្តនេះ ត្រូវបានផលិតឡើងដោយផ្លាស្ទិច ដើម្បីកាត់បន្ថយទម្ងន់ ខណៈរថយន្តអគ្គិសនីដ៏តូចច្រឡឹងមួយនេះ មាន ៥ ពណ៌ឲ្យជ្រើសរើស។ វាមានប្រវែងតួខ្លួនសរុប ២ ៤៩០មីល្លីម៉ែត្រ, ទទឹង ១ ២៩០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៥០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ១ ៧៨០មីល្លីម៉ែត្រ។ ចំណែកឯកម្ពស់បាតក្រោមរបស់វាគឺ ១៤៥មីល្លីម៉ែត្រ ហើយមានទម្ងន់ត្រឹមតែ ៦៧០គីឡូក្រាមប៉ុណ្ណោះ។

រថយន្ត Toyota C+pod ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនរួចមកហើយ ជាមួយនឹងតម្លៃចាប់ពី ១៥ ៩០០ដុល្លារ សម្រាប់ម៉ូដែល X និង ១៦ ៥០០ដុល្លារ សម្រាប់ម៉ូដែល G៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់