• 2020-12-29 01:42:19
  • ផលិតផលថ្មី

Xiaomi ធ្វើបែបនេះបានច្បាស់ថាពិតជាចង់ជួយដល់បរិស្ថានមែន!

  • 2020-12-29 01:42:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ Xiaomi Mi 11 ដែល​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ មិន​មាន​ប្រភេទ Pro ឬ Plus អ្វី​នោះ​ឡើយ។ វា​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​មាន​ប្រើ​ឈីប Snapdragon 888 ហើយ​ក៏​​មាន​បំពាក់​អេក្រង់​ល្អ​ដាច់​គេ​ផង​ដែរ។

Xiaomi បាន​សម្រេច​ចិត្ត​មិន​ដាក់​បញ្ចូល​ដុំ​សាក​ថ្ម​ក្នុង​ប្រអប់ Mi 11 នោះ​ទេ ដោយ​បាន​លើក​យក​ហេតុផល​​ថា​ដើម្បី​​ជួយ​ការពារ​​ដល់​បរិស្ថាន​ ​ដោយ​កាត់​បន្ថយ​នូវ​​កាក​សំណល់​អេឡិចត្រូនិក។ យ៉ាងណាក្ដី​ Xiaomi នឹង​ផ្ដល់​ជូន​ដុំ​សាក​ GaN កម្លាំង 65W ដោយ​ឥត​គិត​ថ្លៃ ប្រសិន​បើ​​អតិថិជន​មិន​ទាន់​មាន​ដុំ​សាក​​ដែល​ប្រើ​មិន​ត្រូវ​​ជា​មួយ Mi 11។

​​Xiaomi Mi 11 មាន​បំពាក់​ថ្ម​ទំហំ ៤៦០០mAh ដែល​មាន​គាំទ្រ​ការ​សាក​ថ្ម​កម្លាំង 55W, ការ​សាក​ដោយ​មិន​ប្រើ​ខ្សែ​កម្លាំង 50W និង​អាច​សាក​ថ្ម​ឲ្យ​ឧបករណ៍​ដទៃ​ដោយ​មិន​ប្រើ​ខ្សែ​បាន 10W។

​បន្ទះ​ឈីប​លើ Mi 11 គឺ​មាន​គួប​ផ្សំ​ជា​មួយ​ RAM ទំហំ 8GB ដែល​មាន​ជម្រើស​អង្គ​ផ្ទុក 128GB ឬ 256GB ហើយ​វា​ក៏​មាន​ជម្រើស​ RAM ទំហំ 12GB ជា​មួយ​អង្គ​ផ្ទុក 256GB ផង​ដែរ។ ស្មាតហ្វូន​នេះ​ដែរ​មិន​មាន​រន្ធ​ដោត​មេមូរី​កាត​ដើម្បី​បន្ថែម​ទំហំ​នោះ​ទេ។

អេក្រង់​របស់ Mi 11 នេះ​​មាន​ទំហំ ៦,៨១អ៊ីញ ជា​ប្រភេទ AMOLED ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត QHD+ និង​មាន Refresh Rate 120Hz។ អេក្រង់​នេះ​អាច​ជះ​ពន្លឺ​បាន​រហូត​ដល់ 1500nits និង​មាន​ការពារ​ដោយ​កញ្ចក់ Gorilla Glass Victus ថែម​ទៀត​ផង។ នៅ​ក្រោម​អេក្រង់​ក៏​មាន​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ផង​ដែរ។

ចូល​ដល់​​ផ្នែក​កាមេរ៉ា វា​មាន​កាមេរ៉ា​មេ​ទំហំ 108MP ដែល​ជា​ប្រភេទ​ឡេន​ 7P មាន​ Aperture f/1.85។ កាមេរ៉ា​ទី​ពីរ​ជា​ប្រភេទ Ultrawide ទំហំ 13MP ដែល​អាច​ថត​ទិដ្ឋភាព​ទំហំ ១២៣ដឺក្រេ ហើយ​ទី​បី​ជា​កាមេរ៉ា​ Macro ទំហំ 5MP។ កាមេរ៉ា​មុខ​មាន​ទំហំ 20MP ដែល​មាន​ទីតាំង​នៅ​ផ្នែក​លើ​ខាង​ឆ្វេង។

ការ​ដាក់​លក់​លើក​ដំបូង​សម្រាប់ Xiaomi Mi 11 នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១ ខែ​មករា ជា​មួយ​តម្លៃ​ដែល​មាន​ចាប់​ពី ៦១០​ដុល្លារ ដល់​ថ្លៃ​បំផុត​គឺ ៧២០​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់