• 2020-11-16 02:48:11
  • ព័ត៌មាន

ថ្ម iPhone 12 mini យ៉ាប់យឺនជាង iPhone SE ពេលសាកលេងហ្គេម

  • 2020-11-16 02:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 mini ជា​​ប្រភេទ​ដែល​មាន​ទំហំ​តូច​ជាង​គេ ក្នុង​ចំណោម iPhone 12 ទាំង​បួន​ប្រភេទ​ដែល Apple បាន​ប្រកាស​ចេញ។ ដូច​នេះ​ហើយ​ថាមពល​ថ្ម​របស់​វា​ក៏​មាន​ទំហំ​តូច​ជាង​គេ​ផង​ដែរ គឺ​ត្រឹម​ 2227mAh ប៉ុណ្ណោះ។

ក្រុម​ការងារ​ PhoneArena បាន​បង្កើត​​ធ្វើ​តេស្ត​មួយ​ ដើម្បី​ចង់​ដឹង​ថា​ថ្ម​ទំហំ​តូច​របស់ iPhone 12 mini ពេល​គួប​ផ្សំ​នឹង​បន្ទះ​ឈីប A14 Bionic ដែល​សន្សំសំចៃ​ថាមពល​ថ្ម​បាន​ប្រសើរ​ជាង​មុន​នោះ នឹង​​អាច​ទ្រាំទ្រ​ការ​ប្រើ​ប្រាស់​​បាន​យូរ​ប៉ុណ្ណា។

មើលវីដេអូ YouTube ជាប់

ដំបូង​គឺ​ជា​ការ​ធ្វើ​តេស្ត​ទស្សនា​វីដេអូ​លើ YouTube ដោយ​ប្រើ​អ៊ីនធឺណិត​ ឃើញ​ថា iPhone 12 mini អាច​ស៊ូ​បាន​រយៈពេល ៥​ម៉ោង និង​១០​នាទី ដោយ​ទស្សនា​វីដេអូ​មិន​សម្រាក​នោះ​ឡើយ។ ការ​ធ្វើ​តេស្ត​ដូច​គ្នា​នេះ iPhone SE ស៊េរី​ថ្មី អាច​ទ្រាំទ្រ​បាន​រយៈពេល ៤ម៉ោង និង​ ៤៥នាទី ខណៈ​ដែល iPhone 12 ស៊ូ​បាន​ ៦​ម៉ោង និង ៣៨នាទី។

បើកវិបសាយ

​​ចូល​ដល់​​ការ​ធ្វើ​តេស្ត​ដោយ​បើក​វិបសាយ​ជាប់​ iPhone 12 mini អាច​ស៊ូ​បាន ១០​ម៉ោង ៥៦នាទី ប្រៀប​នឹង iPhone SE ស៊ូ​បាន​ ៩​ម៉ោង ៥នាទី និង iPhone 12 ស៊ូ​បាន ១២​ម៉ោង ៣៣នាទី។

ចុង​ក្រោយ​គឺ​ការ​ធ្វើ​តេស្ត​លេង​ហ្គេម 3D ​​ដែល​​លេង​បាន​ត្រឹម ២​ម៉ោង ២២នាទី​ ប៉ុណ្ណោះ iPhone 12 mini ក៏​រលត់​ឈឹប​តែ​ម្ដង។ វា​អាច​ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពេល​ប្រៀប​នឹង iPhone SE ដែល​អាច​ស៊ូ​បាន​រយៈពេល ៤ម៉ោង ៥៩នាទី។ យ៉ាងណាក្ដី iPhone 12 និង iPhone 12 Pro ក៏​ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ ពេល​ធ្វើ​តេស្ត​លេង​ហ្គេម 3D ដោយ​ iPhone ទាំង​ពីរ​អាច​ស៊ូ​បាន​ត្រឹម ៣​ម៉ោង ១នាទី​ប៉ុណ្ណោះ។ អំឡុង​ពេល​សាក​ល្បង​លេង​ iPhone 12 ទាំង​ពីរ​ឆាប់​ឡើង​កម្ដៅ​ខ្លាំង ធ្វើ​ឲ្យ​ថាមពល​ថ្ម​ស្រក​ចុះ​លឿន។

លេងហ្គេម 3D

ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​នេះ អាច​បញ្ជាក់​បាន​ថា​ថាមពល​ថ្ម​ដ៏​តូច​របស់ iPhone 12 mini អាច​ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​បាន​យូរ​គួរ​សម​ដែរ លើក​លែង​តែ​ចំពោះ​ការ​លេង​ហ្គេម​ 3D ដែល​​វា​នៅ​មាន​បញ្ហា​ត្រង់​ការ​កាត់​បន្ថយ​កម្ដៅ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់