• 2023-09-18 09:46:16
  • គន្លឹះ

មកស្គាល់​ពី​ប្រព័ន្ធហ្វ្រាំង​ និងប្រព័ន្ធទប់លំនឹង​ ដែល​បំពាក់​លើរថយន្ត​បច្ចុប្បន្ន

  • 2023-09-18 09:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងចំណោម​កន្លែងសំខាន់ៗរបស់​រថយន្ត ពិសេស​នៅពេលបើកបរ ចំណុចសុវត្ថិភាព​ដ៏សំខាន់ជាងគេគឺ​ហ្វ្រាំង ដែល​វា​ជួយ​បន្ថយល្បឿន និង​បញ្ឈប់​រថយន្តពេលមាន​ឧបសគ្គនៅខាងមុខ ឬត្រូវការចត។ ប្រភេទហ្វ្រាំង​ដែលសុទ្ធតែមាន​នៅ​លើរថយន្ត គឺមាន​ហ្វ្រាំងថាស និងហ្វ្រាំងតាំបួរ និង​ហ្វ្រាំងប្រើពេលអាសន្ន (ហ្វ្រាំងដៃ)។

ក្រៅពី​ហ្វ្រាំង​ខាងលើ គេក៏បាន​ចាប់ផ្តើម​បំពាក់​ប្រព័ន្ធហ្វ្រាំងមួយទៀត ​ដែល​បំពាក់​ស្ទើរតែគ្រប់​រថយន្ត​ទៅហើយ​ក្នុងពេល​បច្ចុប្បន្ន​នេះ នោះគឺ ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System)។

ប្រព័ន្ធហ្វ្រាំង ឬហ្វ្រាំងកៀប ABS ជាប្រព័ន្ធដែលដាក់នៅលើហ្វ្រាំងជើង ការពារកុំឲ្យកង់ជាប់គាំង ដែលអាចបណ្ដាលឲ្យរថយន្តអូសទៅមុខ មិនអាចបញ្ជាចង្កូតបាន នៅពេលជាន់ហ្វ្រាំងភ្លាមៗ។ ប្រព័ន្ធនេះមានប្រសិទ្ធភាពបំផុត នៅពេលដែលផ្លូវមានសភាពរអិល ព្រោះវានឹងជួយមិនឲ្យរថយន្តបាត់លំនឹង ពេលជាន់ហ្វ្រាំងភ្លាមៗ។

បន្ថែមលើសនេះ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ​ និងសកម្មភាពចរាចរណ៍កើនឡើង​ខ្លាំងនៅតាម​បណ្តា​ប្រទេស​ជាច្រើន ពិសេស​ការរីកចម្រើន​ផ្នែកបច្ចេកវិទ្យា​ និងការប្រកួត​ប្រជែង​របស់​បណ្តា​ក្រុមហ៊ុនផលិត​រថយន្ត បាន​ជំរុញ​ដល់​ការអភិវឌ្ឍន៍ប្រព័ន្ធហ្វ្រាំង​ជាច្រើនបន្ថែម​ទៀត​ ដើម្បី​បង្កើន​សុវត្ថិភាព​កាន់តែ​ខ្ពស់​ដល់​អ្នកបើកបរ​ក៏ដូចជា​អ្នកដំណើរ​ក្នុងរថយន្ត​លើ​គ្រប់ស្ថានភាព​ផ្លូវ។

ប្រព័ន្ធ​ហ្រ្វាំង​ទំនើបៗ​ទាំងនោះ​មានដូចជា EBD, BA, ESC, CSC, HA និង TC។ តោះមកមើល​មុខងារ​របស់ពួកវាដូចខាងក្រោមនេះ៖

EBD ​(Electronic Brakeforce Distribution) ជាប្រព័ន្ធ​បែងចែក​កម្លាំង​ហ្វ្រាំង​អេឡិចត្រូនិច ។ វាមាន​តួនាទី​បែងចែក​ថាមពល​ហ្វ្រាំង​ទៅ​កាន់​កង់រថយន្ត​ទាំងអស់។ នៅពេល​ជាន់ហ្វ្រាំងខ្លាំង វានឹង​បង្កើន​កម្លាំង​កកិត​រវាង​សំបកកង់​ និងផ្លូវ។ ដូច្នេះ​ប្រព័ន្ធ​ EBD នឹងធ្វើការ​ថ្លឹង​កម្លាំង​ហ្វ្រាំងលើកង់ទាំង៤ដោយត្រឹមត្រូវស្វ័យប្រវត្តិ មិនឱ្យរថយន្ត​រអិល និងបាត់ការគ្រប់គ្រង។

BA (Braking Assist) ជាប្រព័ន្ធ​ជំនួយហ្វ្រាំង​បន្ទាន់ ដោយ​មុខងារ​របស់វា​ជួយ​ដល់​ហ្វ្រាំង​ឱ្យកាន់តែស៊ី ពោលគឺ​អាចឱ្យឈប់បានកាន់តែលឿន នៅពេលអ្នកបើកបរ​ជាន់ហ្វ្រាំង​ក្នុងស្ថានភាព​បន្ទាន់។ មាន​ន័យ​ថា ការងារ​របស់​វា គឺចាំអង្កេត​មើលកម្លាំងជាន់ហ្វ្រាំងរបស់​អ្នកបើកបរ ហើយ​ប្រសិនបើជាន់ខ្លាំង វា​នឹង​ជួយ​ផ្តល់​កម្លាំង​ហ្វ្រាំងបន្ថែម​ទៀត​ដោយ​ស្វ័យប្រវត្តិ​តាមរយៈសេនស័រ ECU (Engine Control Unit)។

ESC (Electronic Stability Control) ជាប្រព័ន្ធគ្រប់​គ្រង​លំនឹង​អេឡិចត្រូនិច​ ដែល​ជួយរក្សា​លំនឹង​រថយន្ត​ក្នុងការ​ទប់ស្កាត់​គ្រោះថ្នាក់។ តាម​រយៈប្រព័ន្ធ​នេះ សេនស័រ​ដែល​ដាក់​ជាប់​នៅលើ​កង់ទាំង៤ នឹង​អង្កេត​ភាពរអិល និង​ហ្វ្រាំង បើមាន​អ្វីមិនស្រួល សេនស័នឹង​ធ្វើការ​សម្រួល​ភ្លាម។ ឧទាហរណ៍ដូចជាករណី​រេដៃចង្កូតជាដើម។

CSC (Corner Stability Control) ជាប្រព័ន្ធ​សុវត្ថិភាព​ដែល​ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកផ្លូវកោង ក្នុងល្បឿនលឿន។ វាជាផ្នែកមួយ​នៃ​ប្រព័ន្ធទប់លំនឹង​អេឡិចត្រូនិច (ESP)។

HA (Hill Start Assist) ជាប្រព័ន្ធសុវត្ថិភាព​មួយ​ក្នុង​ការជួយទប់រថយន្ត​មិនឱ្យរអិល​ថយក្រោយ​ពេលឡើងភ្នំ ទួល ឬឡើងចំណោត។ ជាទូទៅពេល​រថយន្ត​កំពុងបើកបរ​ និងជាន់ហ្វ្រាំង​ឈប់នៅលើចំណោត ហើយបន្ទាប់មកបន្តដំណើរ​ដោយព្រលែងហ្វ្រាំង មកជាន់ហ្គែរ វា​នឹង​ទួងកង់រអិលមកក្រោយបន្តិច ហើយអាចប៉ះទង្គិចគ្នា​ទៀតផងប្រសិន​បើមានម៉ូតូ ឬរថយន្ត​នៅកៀកខាងក្រោយ។ ប៉ុន្តែបើមានប្រព័ន្ធ​ HA នេះ វានឹង​ជួយ​ទប់​ស្វ័យ​ប្រវត្តិ​មិនឱ្យ​រអិល​មកក្រោយវិញឡើយសូម្បីតែ​បន្តិច។

TC (Traction Control) ជាប្រព័ន្ធ​ទប់លំនឹង​រថយន្ត​ពេលបត់ និងមិនឱ្យ​រអិលនៅពេល​បើកបរលើផ្លូវសើម ឬផ្លូវ​ដែល​មាន​ប្រឡាក់ប្រេងជាដើម។ នៅពេលចាប់ហ្វ្រាំង​លើស្ថានភាព​ផ្លូវបែបនេះ ប្រព័ន្ធ TC នឹង​ធ្វើការដោយស្វ័យប្រវត្តិ ដោយ​កម្លាំង​រង្វិល​ដែលនៅសល់​ពីកង់​ដែល​រអិល​នោះ នឹង​ត្រូវបាន​បញ្ជូន​ទៅកង់​ដទៃទៀត​ដែលមិនរអិល ធ្វើឱ្យរថយន្ត​បើកបរ​ទៅមុខដោយរលូន​ប្រកបដោយសុវត្ថិភាព។ តែយ៉ាងណាមិញ ប្រសិនបើ​ក្នុងករណីរថយន្តជាប់ផុត គឺគួរបិទប្រព័ន្ធ TC នេះសិន ព្រោះបើមិនដូច្នោះទេ វា​នឹងចាប់ហ្វ្រាំង​ដល់​កង់​ដែលរអិល​នោះ នឹង​ជាប់រហូត។

តែយ៉ាងណាក៏ដោយ ទោះ​ជារថយន្ត​របស់​អ្នក​បានបំពាក់​ប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាព​គ្រប់​ចំណុច​ទាំងអស់ ក៏មិនប្រាកដថា សុវត្ថិភាព១០០%ដែរ ដូច្នេះបើ​បំពាក់​ប្រព័ន្ធទាំងនេះហើយ ថែមទាំង​ការបើកបរ​ដោយស្មារតី​ប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ ព្រមទាំង​ការត្រួតពិនិត្យ​រថយន្តមុនចេញដំណើរ នឹងជួយឱ្យលោកអ្នក​អាចចៀសផុតពីគ្រោះថ្នាក់​ផ្សេងៗបាន៕

អត្ថបទ៖ សំភី

មតិយោបល់