• 2020-10-01 02:12:09
  • ផលិតផលថ្មី

Google Pixel 5 អាចប្រើបានរហូតដល់ ៤៨ម៉ោង ព្រោះមុខងារមួយ

  • 2020-10-01 02:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូន Pixel 5 ដែល​ជា​ Flagship ស៊េរី​ចុង​ក្រោយ​បំផុត។ លើក​នេះ Google ​មិន​សូវ​ផ្ដោត​លើ​បច្ចេកវិទ្យា​ថ្មី ដូច​ជា​​មុខងារ Motion Sense ដែល​មាន​លើ Pixel 4 ឆ្នាំ​មុន ដោយ​​ប្ដូរ​មក​កែ​សម្រួល​លើ​​កាមេរ៉ា ជា​ផ្នែក​ដែល Pixel ​លេច​ធ្លោ​ជាង​​គូ​ប្រជែង។

Google បាន​​បង្អួត​លើ​មុខងារ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ Pixel 5 ​លេច​ធ្លោ​លើស​ Pixel 4a ក្នុង​នោះ​មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី IP68, ទ្រាំទ្រ​ការ​សាក​ថ្ម Reverse Wireless, មាន RAM ធំ​ជាង និង​មាន​អេក្រង់​ការពារ​ដោយ​កញ្ចក់ Gorilla Glass 6 ប៉ុន្តែ​មិន​មាន​រន្ធ​កាស 3.5mm ដូច​ជា Pixel 4a ឡើយ។

អេក្រង់​របស់ Pixel 5 មាន​ទំហំ ៦អ៊ីញ ជា​ប្រភេទ OLED អាច​បង្ហាញ​រូបភាព​កម្រិត 2340 x 1080 ភីកសែល និង​មាន​ Refresh Rate 90Hz ហើយ​លើ​អេក្រង់​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា Selfie។ តាម​រយៈ​ការ​ដក​ចេញ​នូវ​​ប្រព័ន្ធ​កាមេរ៉ា Motion Sense ពេល​នេះ​គេ​ទទួល​បាន​នូវ​អេក្រង់​លាត​ពេញ​ផ្ទៃ មិន​ដូច​ជា Pixel 4 ឡើយ។

​​Pixel 5 មាន​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 765G គួប​ផ្សំ​នឹង​ Modem X52 សម្រាប់​គាំទ្រ​សេវា​ 5G, មាន​ RAM ទំហំ ៨GB, អង្គ​ផ្ទុក​ទំហំ ១២៨GB, ថ្ម​ទំហំ ៤០៨០ mAh សាក​ថ្ម​​កម្លាំង 18W, និង​មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី IP68។

​ចូល​ដល់​កាមេរ៉ា​ដែល​តួ​ឯក​សំខាន់​នៃ Pixel 5 គឺ​វា​មាន​បំពាក់​កាមេរ៉ា​ក្រោយ​ចំនួន​ពីរ​គ្រាប់ មាន​កាមេរ៉ា​មេ​ទំហំ ១២,២MP មាន​​ទាំង​មុខងារ​ទប់​លំនឹង OIS និង EIS ហើយ​មួយ​ទៀត​ជា​កាមេរ៉ា​ Ultrawide ទំហំ ១៦MP ដែល​ថត​រូបភាព​ទំហំ ១០៧ដឺក្រេ។ ចំណែក​កាមេរ៉ា​មុខ​មាន​ទំហំ ៨MP ដែល​អាច​ថត​រូបភាព Portrait បាន។

មុខងារ​មួយ​ចំនួន​ដែល​ Google បាន​បន្ថែម​លើ Pixel 5 មាន​ដូច​ជា​មុខងារ Portrait Light ដែល​អាច​ឲ្យ​អ្នក​កែ​សម្រួល​ពន្លឺ​ពេល​ថត​រូបភាព Portrait, មុខងារ Cinematic Pan សម្រាប់​ការ​ថត​វីដេអូ Panning និង​មុខងារ​រក្សា​លំនឹង​ថ្មី​ចំនួន​បី​សម្រាប់​​ការ​ថត​វីដេអូ។

មុខងារ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ Extreme Battery Power ដែល​សន្យា​ថា​អាច​ឲ្យ​ថាមពល​​ថ្ម Pixel 5 ទ្រាំទ្រ​នឹង​ការ​ប្រើ​ប្រាស់​បាន​រហូត​ដល់ ៤៨​ម៉ោង។ ពេល​ដំណើរ​ការ​មុខងារ​នេះ Android នឹង​ផ្អាក​ដំណើរ​ការ​​កម្មវិធី​ភាគ​ច្រើន (និង Notification កម្មវិធី), បន្ថយ​ល្បឿន Processor, បិទ​ការ​ចាប់​ទីតាំង​, បន្ថយ​រយៈ​ពេល​បិទ​អេក្រង់​មក​ត្រឹម​ ៣០វិនាទី ហើយ​អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ទៀត​បាន​ផង​ដែរ។

Google Pixel 5 មាន​តម្លៃ​ចាប់​ពី ៦៩៩​ដុល្លារ នៅ​សហរដ្ឋអាមេរិក ហើយ​វា​នឹង​ចាប់​ផ្ដើម​លក់​នៅ​ប្រទេស​ចំនួន ៨​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ហើយ​នៅ​សហរដ្ឋអាមេរិក​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​តុលា៕​

ប្រភព៖ The Verge | Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់