• 2020-09-08 01:52:52
  • ផលិតផលថ្មី

តម្លៃអត់ដល់ ៣០០ដុល្លារ ប៉ុន្តែ POCO X3 NFC មានចំណុចខ្លាំងច្រើនសន្ធឹក

  • 2020-09-08 01:52:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

POCO X3 NFC បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ ជា​មួយ​បន្ទះ​ឈីប​ Snapdragon 732G ​ដែល​​ Qualcomm ទើប​ប្រកាស​ចេញ​កាល​ពី​ថ្មីៗ​នេះ ដែល​ក្រុមហ៊ុន​បាន​អះអាង​ថា​ជា​បន្ទះ​ឈីប​ Snapdragon 700 Series ប្រភេទ 4G មាន​ថាមពល​ខ្លាំង​ជាង​គេ​បំផុត។

ស្មាតហ្វូន​នេះ​មាន​បំពាក់​អេក្រង់​ទំហំ​ធំ ៦,៦៧អ៊ីញ ប្រភេទ LCD ដែល​អាច​បង្ហាញ​រូបភាព​បាន​កម្រិត FHD+ និង​មាន​ Refresh Rate 120Hz ហើយ​មាន​ Touch Sampling Rate 240Hz សម្រាប់​ការ​លេង​ហ្គេម​បាន​យ៉ាង​រលូន។ កាមេរ៉ា Selfie ដែល​មាន​ស្ទីល​ចោះ​រន្ធ​លើ​អេក្រង់​មាន​ទំហំ ២០MP មាន Aperture f/2.2 បាន​ប្រើ​បច្ចេកវិទ្យា​ Pixel-Binning សម្រាប់​ថត​​រូប​កាន់​តែ​ស្អាត។

កាមេរ៉ា​ខាង​ក្រោយ​គឺ​ជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​មួយ​សម្រាប់ POCO X3 NFC នេះ ដោយ​វា​មាន​កាមេរ៉ា​មេ​ទំហំ ៦៤MP ជា​ Sensor Sony IMX682 មាន Aperture f/1.73 និង​ជា​ប្រភេទ​ឡេន 6P។ វា​​ក៏​មាន​អម​ដោយ​កាមេរ៉ា Ultrawide ទំហំ ១៣MP មាន Aperture f/2.2 អាច​ថត​រូប​ភាព​កម្រិត ១១៩​ដឺក្រេ។

កាមេរ៉ា​ពីរ​គ្រាប់​ទៀត​មាន​ទំហំ ២MP មួយ​សម្រាប់​ថត​​កៀក​នឹង​ Object និង​មួយ​ទៀត​សម្រាប់​វាស់​ជម្រៅ​រូបភាព​ជំនួយ​ដល់​ការ​ថត​ Portrait។ POCO បាន​នាំ​មក​នូវ​មុខងារ AI មួយ​ចំនួន​ដូច​ជា​ Skyscaping 3.0, មុខងារ Night Mode និង​មុខងារ ShootSteady Video ដើម្បី​ទប់​លំនឹង​ពេល​ថត​វីដេអូ។

ចំណុច​គួរ​ចាប់​អារម្មណ៍​ដទៃ​ទៀត​គឺ​ការ​បំពាក់​ថ្ម​ទំហំ ៥១៦០mAh ដែល​អាច​សាក​ថ្ម​ល្បឿន ៣៣វ៉ាត់ ហើយ​​ក្នុង​ប្រអប់​មាន​ដុំ​សាក​កម្លាំង ៣៣វ៉ាត់​មក​ជា​មួយ​ផង​ដែរ។ វា​មាន​ប្រើ​ប្រាស់​រន្ធ USB-C នៅ​ផ្នែក​ខាង​ក្រោយ ហើយ​មាន​រន្ធ​កាស 3.5mm នៅ​ក្បែរ​នោះ ហើយ​មាន​នូវ​រន្ធ​បំពង​សំឡេង​ប្រភេទ Stereo ​ទៀត​ផង។

​ក្រៅ​ពី​មាន​បំពាក់​មុខងារ NFC ដូច​ដែល​បញ្ជាក់​លើ​ឈ្មោះ វា​ក៏​មាន​ប្រព័ន្ធ​ត​ភ្ជាប់​ដទៃ​ដូច​ជា​ Wi-Fi a/b/g/n/ac, Bluetooth 5.1 និង​ជើង​ដាក់​ស៊ីម​បាន​ពីរ​ផង​ដែរ។ ជើង​ស៊ីម​ទី​ពីរ​ជា​ប្រភេទ Hybrid ដែល​អាច​​ដាក់​ស៊ីម​បាន​ ហើយ​ក៏​អាច​ដាក់​​មេមូរី​កាត​បាន​ផង​ដែរ បាន​ទំហំ​ដល់ ២៥៦GB។ ស្មាតហ្វូន​នេះ​មាន​សមត្ថភាព​ការពារ​ទឹក​និង​ធូលី​កម្រិត IP53 ហើយ​កញ្ចក់​ខាង​មុខ​ការពារ​ដោយ​ Gorilla Glass 5 ខណៈ​ផ្នែក​ខាង​ក្រោយ​មាន​ប្រើ​​វត្ថុធាតុ​ប្រភេទ​បូលី​កាបូណាត។

POCO X3 NFC ​នឹង​មាន​លក់​ជា​ពីរ​ប្រភេទ ដែល​មាន​ RAM 6GB/ROM 64GB និង RAM 6GB/ROM 128GB ដោយ​មាន​តម្លៃ​ប្រមាណ ២៧០​ដុល្លារ និង​ប្រមាណ ៣១៧​ដុល្លារ ​ជា​តម្លៃ​លើ​ទីផ្សារ​អឺរ៉ុប ចាប់​លក់​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​នេះ៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់