• 2020-08-17 07:00:00
  • ព័ត៌មាន

មក​ស្គាល់​ក្រុម Hacker ទាំង ៥ ដែលធ្លាប់បង្ក​ចលាចល​ខ្លាំង​បំផុត​ទូទាំង​ពិភពលោក

  • 2020-08-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hacker មាន​បែងចែក​បុគ្គល​ល្អ​និង​អាក្រក់ ប៉ុន្តែ​មួយ​ភាគ​ធំ​សុទ្ធ​សឹង​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​ភាព​ក្តៅ​ក្រហាយ​ឬ​អុកឡុក​ដល់​ស្ថាប័ន​តូច​ធំ​ណា​មួយ។ ដើម្បី​តែ​ផល​ប្រយោជន៍​បុគ្គល​និង​ប្រទេស​ជាតិ​ខ្លួន ក្រុម Hacker ទាំង ៥ ត្រូវ​បាន​គេ​ស្គាល់​ថា​ធ្លាប់​បង្ក​ចលាចល​ទាំង​ក្នុង​ឆាក​នយោបាយ​ក៏​ដូច​ជា​ផែនការណ៍​លួច​យក​ថវិកា​របស់​ធនាគារ​លំដាប់​កំពូល​ក្នុង​លោក។

១.Fancy Bear:

ជា​ភ្នាក់ងារ​មាន​ប្រភព​មក​ពី​ប្រទេស​រុស្ស៊ី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​អុកឡុក​ព្រឹត្តិការណ៍​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ពោល​គឺ​ពួក​គេ​បាន​ធ្វើ​ឲ្យ​បែកធ្លាយ​នៃ​ប្រព័ន្ធ​ដំណើរការ​គណៈកម្មាធិការ​ជាតិ។ Fancy Bear កើត​ចេញ​ពី GRU (ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​យោធា​របស់​រុស្សី) ចាប់​ជ្រៀតជ្រែក​ការ​បោះឆ្នោត​ក្នុង​សហព័ន្ធ​អឺរ៉ុប​តាំង​តែ​ពី​ពេល​នោះ​មក។

២.Lazarus Group:

មាន​ការ​ជឿជាក់​ថា​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ Lazarus ធ្លាប់​វាយប្រហារ​គេហទំព័រ​របស់​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​នា​ឆ្នាំ ២០០៩ លុះ ៥ ឆ្នាំ​ក្រោយ​បន្ត​អុកឡុក​ក្រុមហ៊ុន Sony Picture Entertainment ប៉ុន្តែ​មិន​ព្រម​បញ្ឈប់​ចូល​ដល់​ឆ្នាំ ២០១៦ ក៏​អុកឡុក​លួច​ថវិកា ៨១ លាន​ដុល្លារ​ ពី​ធនាគារ​កណ្ដាល​និង​បណ្ដាញ​ហិរញ្ញវត្ថុ SWIFT របស់​ប្រទេស​បង់ក្លាដេស។ អ្វី​ដែល​រសើប​បំផុត​ក្រុម​នេះ ក៏​ទំនង​ជា​ជាប់​ទាក់ទង​នឹង​មេរោគ WannaCry ធ្វើ​ឲ្យ​ពិភពលោក​ចលាចល​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៧ ផង​ដែរ។

៣.Equation Group:

ជា​ឈ្មោះ​ហៅ​ក្រៅ​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន​កម្ចាត់​មេរោគ Kaspersky ដោយ​ជឿជាក់​ថា​ក្រុម​នេះ​មាន​ការ​ផ្សារភ្ជាប់​ជាមួយ​ភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក ជា​ពិសេស​អង្គភាព TAO។ អ្នក​ជំនាញ​ជា​ច្រើន​ធ្លាប់​បង្ហើប​ថា Equation Group ទទួល​បាន​ជោគជ័យ​លើ​ការ​វាយប្រហារ​ដំណើរការ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នៅ​ពាក់​កណ្ដាល​សតវត្ស​ដំបូង។

៤.Comment Crew:

ទទួល​ការ​គាំទ្រ​ពី​ប្រទេស​ចិន បាន​ជំរុញ​ឲ្យ​ក្រុម Comment Crew ធ្វើ​រឿង​មិន​គប្បី​វាយប្រហារ​លើ​ស្ថាប័ន​ធំៗ​មាន​តាំង​ពី​ Coca-Cola, RSA និង Lockheed Martin ។ ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែ​មក​​សភាពការណ៍​ស្ងប់ស្ងាត់​វិញ បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា​ និង​ប្រធានាធិបតី​ចិន​លោក​ ស៊ីជិន ភីង ព្រមព្រៀង​លើ​ការ​ចរចា​បន្ថយ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​កាល​ពី​ឆ្នាំ ២០១៦។

៥.Sandworm:

ជា​ក្រុម​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ដើម​កំណើត​ពី​ប្រទេស​រុស្ស៊ី ដោយ​ Sandworm បាន​អុកឡុក​អង្គការ​ NATO ក៏​ដូច​ជា​រដ្ឋាភិបាល​អ៊ុយក្រែន រហូត​ឈាន​ដល់​ការ​បិទ​ចោល​បណ្តាញ​អគ្គិសនី​ដ៏​ធំ​របស់​ប្រទេស​មួយ​នេះ​កាល​ពី​ឆ្នាំ ២០១៦។

ប្រភព៖ Fortune ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់