• 2020-08-17 00:00:00
  • ព័ត៌មាន

ពេលស្លាប់ទៅ ទ្រព្យទាំងអស់របស់ Tim Cook នឹងមិនបានលើសាច់ញាតិនោះទេ

  • 2020-08-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​ប្រតិបត្តិ​ Apple លោក Tim Cook បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​ទឹក​ប្រាក់​ពាន់​លាន​ដុល្លារ​ជា​ផ្លូវ​ការ បើ​ផ្អែក​តាម​ការ​បូក​សរុប​​របស់​ Bloomberg Billionaires Index។ ត​ទៅ​នេះ​នឹង​បង្ហាញ​អំពី​ប្រភព​ចំណូល​របស់​លោក Tim Cook និង​របៀប​ចាយ​វាយ​ប្រាក់​ទាំង​អស់​នោះ ៖

ទ្រព្យ​សម្បត្តិ​របស់​លោក​ Tim Cook គឺ​បាន​ពី​​​បៀវត្ស​ប្រចាំ​ឆ្នាំ គួប​ផ្សំ​នឹង​ភាគ​លាភ​នៃ​ភាគ​ហ៊ុន រួម​ជា​មួយ​​ប្រាក់​ដែល​បាន​ពី​ការ​លក់​ភាគ​ហ៊ុន​ផង​ដែរ។

នៅ​ឆ្នាំ ២០១៩ បៀវត្ស​គោល​របស់​លោក Tim Cook គឺ​មាន​ចំនួន ៣​លាន​ដុល្លារ ខណៈ​ពេល​ដែល​ឡើង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​លើក​ដំបូង​នៅ​ឆ្នាំ ២០១១ លោក​មាន​បៀវត្ស​​ ៩០​ម៉ឺន​ដុល្លារ។

លោក Tim Cook បាន​បើក​ចំហរ​ថា​ខ្លួន​ជា​មនុស្ស​ស្រឡាញ់ភេទដូចគ្នា​កាល​ពី​ឆ្នាំ ២០១៤ ហើយ​មិន​ធ្លាប់រៀប​ការ ឬ​​ក៏​មាន​កូន​នោះ​ទេ។

ត្បិត​ថា​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​មែន ប៉ុន្តែ​លោក Tim Cook​ នៅ​តែ​សន្សំសំចៃ​ ដោយ​មាន​ការ​រាយការណ៍​ថា​លោក​បាន​ទិញ​ខោ​ទ្រនាប់​នៅ​ហាង Nordstorm ពេល​ដែល​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពាក់​កណ្ដាល​ឆ្នាំ។

លោក Tim Cook និយាយ​ថា​ គ្រប់​យ៉ាង​ដែល​លោក​ធ្វើ​មិន​​មែន​ដោយ​សារ​លុយ​នោះ​ទេ ពោល​ លុយ មិន​មែន​ជា​កម្លាំង​រុញ​ច្រាន​ចិត្ត​របស់​លោក​នោះ​ឡើយ។

លោក Tim Cook ស្នាក់​នៅ​ផ្ទះ​ដែល​មាន​តម្លៃ ២,៣​លាន​ដុល្លារ មាន​ទំហំ ២២២​ម៉ែត្រ​ការ៉េ នៅ​​ទីក្រុង​ Palo Alto ដែល​ផ្ទះ​របស់​គេ​ត្រូវ​បាន​បិទ​បាំង​មិន​ឲ្យ​ឃើញ​នោះ​ទេ​នៅ​លើ Google Street View។ គួរ​ដឹង​ថា​អ្នក​ប្រើ​ប្រាស់ Google ទាំង​អស់ អាច​សុំ​ឲ្យ​ផ្ទះ ឬ​រថយន្ត​របស់​ខ្លួន​មាន​ការ​បិទ​បាំង​លើ Street View បាន។

លោក Tim ចំណាយ​ពេល​វេលា​ភាគ​ច្រើន​នៅ​ការិយាល័យ ដោយ​មាន​ការ​រាយការណ៍​ថា​​លោក​ក្រោក​ពី​ដំណេក​ម៉ោង ៣៖៤៥​នាទី​ព្រឹក ដើម្បី​អាន​សៀវភៅ និង​ឆ្លើយ​តប​អ៊ីម៉ែល។

នាយក​ប្រតិបត្តិ​រូប​នេះ​ឧស្សាហ៍​ធ្វើ​ដំណើរ​ដែរ ប៉ុន្តែ​ភាគ​ច្រើន​សម្រាប់​ការងារ​តែ​ប៉ុណ្ណោះ ដូច​កាល​ពី​ឆ្នាំ ២០១៨ ក្រុមហ៊ុន Apple បាន​ចំណាយ ៩៣​ ១០៩​ដុល្លារ លើ​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ឯកជន​របស់​លោក Tim Cook។

ប៉ុន្តែ​ពេល​ចូល​ដល់​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ផ្ទាល់​ខ្លួន លោក​ចូល​ចិត្ត​ការ​ធ្វើ​ដំណើរ​ក្នុង​ស្រុក​ជាង ដូច​ជា​ដើរ​លេង​កម្សាន្ត​នៅ​​ឧទ្យាន​ជាតិ​ Yosemite National Park ​នៅ​ California ជា​ដើម។

ហើយ​ក្រៅ​ពី​ការ​ចំណាយ​លើ​ថ្លៃ​សិក្សា​របស់​ក្មួយ​ប្រុស លោក Tim Cook ចង់​បរិច្ចាគ​ទឹក​ប្រាក់​ទាំង​អស់​របស់​ខ្លួន​ដល់​អំពើ​សប្បុរសធម៌​ពេល​ដែល​លោក​ស្លាប់​ទៅ។ នេះ​បើ​តាម​បទ​សម្ភាសន៍​​របស់​លោក​ជា​មួយ​​ទស្សនាវដ្ដី Fortune កាល​ពី​ឆ្នាំ ២០១៥៕​​​​​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់