- 2020-04-15 02:33:15
- ព័ត៌មាន
ជប៉ុនចាប់ផ្ដើមប្រើប្រាស់កំពូលកុំព្យូទ័រថ្មី ដើម្បីរកថ្នាំព្យាបាលជំងឺកូវីដ១៩
- 2020-04-15 02:33:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនចាប់ផ្ដើមប្រើប្រាស់កំពូលកុំព្យូទ័រថ្មី ដើម្បីរកថ្នាំព្យាបាលជំងឺកូវីដ១៩
ចន្លោះមិនឃើញ
ជប៉ុនបានដាក់ដំណើរការកំពូលម៉ាស៊ីនកុំព្យូទ័រថ្មីរបស់ខ្លួន ដើម្បីជួយប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺកូវីដ១៩ ទាំងដែលម៉ាស៊ីនកុំព្យូទ័រនេះមិនទាន់ផលិតហើយរួចរាល់ក្ដី ដោយដំបូងឡើយគឺគ្រោងដាក់ដំណើរការចាប់ពីឆ្នាំក្រោយឯណោះ។
Riken ដែលជាមន្ទីរពិសោធន៍ និងស្រាវជ្រាវបំផុតរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ជប៉ុន បានសម្រេចចិត្តប្រើម៉ាស៊ីនកុំព្យូទ័រថ្មី ដើម្បីស្រាវជ្រាវមូលដ្ឋាននៃការព្យាបាលជំងឺកូវីដ១៩។
ម៉ាស៊ីនកុំព្យូទ័រថ្មីឈ្មោះថា Fugaku ជាអ្នកស្នងតំណែងម៉ាស៊ីនកុំព្យូទ័រឈ្មោះ K។ ទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារត្រូវបានបណ្ដាក់ទុនទៅលើម៉ាស៊ីនកុំព្យូទ័រថ្មីនេះ។ ម៉ាស៊ីននេះគឺត្រូវបានដំឡើងនៅមូលដ្ឋានរបស់ Riken មួយកន្លែងដែលមានទីតាំងនៅទីក្រុង Kobe។ ប្រមាណ ១ភាគ៦ នៃកុំព្យូទ័រនេះប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការ ប៉ុន្តែត្រឹមតែប៉ុណ្ណេះគឺមានសមត្ថភាពគណនាលើសម៉ាស៊ីន K រហូតដល់ ៨ដងបាត់ទៅហើយ។
អ្នកវិទ្យាសាស្ត្រនឹងប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រដើម្បីវិភាគឲ្យបានលម្អិត ថាថ្នាំនីមួយៗនឹងមានប្រតិកម្មលើវីរុសបែបណា ដោយវិភាគលើកម្រិតម៉ូលេគុលតូចៗបំផុត។ គោលដៅគឺចង់ស្វែងរកបេក្ខភាពថ្នាំដែលស័ក្ដិសម ពីថ្នាំប្រមាណ ២ ពាន់ដែលមាន ដែលក្នុងនោះរួមមានថ្នាំដែលមិនទាន់សាកល្បងប្រើដើម្បីព្យាបាលផងដែរ។
គួរដឹងថាសហរដ្ឋអាមេរិកក៏បានប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័ររបស់ខ្លួនដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩នេះផងដែរ។ ការិយាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសេតវិមានបានបង្កើតជាសហជីពមួយដែលមានការចូលរួមពីអ្នកជំនាញជាច្រើនកាលពីចុងខែមីនា ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺកូវីដ១៩ ដោយប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រចំនួន ៣០ ដែលក្នុងនោះរួមមាន IBM Summit ដែលជាម៉ាស៊ីនកុំព្យូទ័រកម្លាំងខ្លាំងជាងគេក្នុងលោកផងដែរ៕