• 2020-03-26 01:59:07
  • ព័ត៌មាន

មិត្តហ្វូនមានមោទនភាពបានក្លាយជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរបស់ក្រសួងអប់រំ យុវជន និងកីឡា សហការលើ «បច្ចេកវិទ្យាព័ត៌មានក្នុងវិស័យអប់រំ»

  • 2020-03-26 01:59:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ២០២០ នៅ​ទី​ស្ដី​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) មាន​ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាមួយ​នឹង​ក្រុមហ៊ុន​មិត្តហ្វូន។ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតនៃកម្មវិធី “អ៊ីនធឺណិតសម្រាប់សាលារៀន” ដែលបានសហការអនុវត្តនាពេលកន្លងមក ក្នុងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោម​ឱវាទ​ក្រសួងអប់រំ យុវជន និងកីឡា។ ការ​ផ្ដល់អ៊ីនធឺណីត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន គឺជាផ្នែកមួយនៃការខឹតខំប្រឹងប្រែងក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកប្រព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក e-Government ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងឧស្សាហកម្ម ជំនាន់ទី៤។

ជាមួយនឹងបេសកកម្មក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីកការផ្តល់សេវាអ៊ីនធឺណិតដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០២០ នេះតទៅក្រោមគម្រោងឈ្មោះ “អ៊ីនធឺណិតសម្រាប់សាលារៀន” រហូតដល់ទៅ ៣ ០០០ សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខទៀត។ លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាងសង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំ រួមមាន៖

  • ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ(EMIS) ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស (កម្រិតមត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក សៀវភៅអេឡិចត្រូនិក ប្រព័ន្ធ e-Government និងប្រព័ន្ធឌីជីថលផ្សេងៗទៀតក្នុងការដោះស្រាយនានា។

  • ការអនុវត្តវគ្គបណ្តុះបណ្តាល និងសិក្ខាសាលានៅថ្នាក់ក្រសួង និងតាមបណ្តារាជធានី ខេត្តនានា លើការប្រើប្រាស់ប្រព័ន្ធឌីជីថលបម្រើរដ្ឋបាលអប់រំ និងការសិក្សា។

  • ផ្តល់ជូនការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃរហូតដល់បំណាច់ឆ្នាំ២០២០សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលទៅកាន់គេហទំព័រ e-Learning រួមទាំងកម្មវិធី WiKi TV និងគេហទំព័រ e-Learning របស់ក្រសួងអប់រំ យុវជន និងកីឡា។ មិត្តហ្វូនក៏បានផ្តល់ការបញ្ចុះតម្លៃអ៊ីនធឺណិត ៥០% សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូនិងអាណាព្យាបាលសិស្សទូទាំងប្រទេសដែលបានភ្ជាប់អ៊ីនធឺណិតចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទដោយសារតែវីរុសកូវីដ 19។

ក្រុមហ៊ុនមិត្តហ្វូនមានទំនុកចិត្តក្នុងនាមជាប្រតិបត្តិករមួយដែលកំណត់ក្នុងការអនុវត្តគម្រោងនេះ ឱ្យបានជោគជ័យជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែលមានស្ថានីយ៍ ផ្សាយសេវាជាង ១១ ០០០ អង់តែន ខ្សែកាបអុបទិក ២៣ ០០០ គីឡូម៉ែត្រដែលគ្របដណ្ដប់តំបន់លំនៅដ្ឋានទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជាជិត ៩ លាននាក់។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគួសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះក្នុងការគាំទ្រការអប់រំបែបឌីជីថល រួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់ចំណេះដឹង និងជំនាញបច្ចេកវិទ្យាព័ត៌មាន សម្រាប់សិស្សនិស្សិតនៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍និងព័ត៌មាន នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់របស់ខ្លួនផងដែរ។

ជាការឆ្លើយតប លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូន លើគាំទ្រនិងអនុវត្តគម្រោងនេះ និងបានគូសបញ្ជាក់ថា៖ “គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងគ្រប់កម្រិតរវាងក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន និងជាពិសេសរវាងនាយកដ្ឋានអប់រំក្រោមក្រសួងជាមួយសាខាមិត្តហ្វូន ២៥/២៥ ខេត្តក្រុងទូទាំងប្រទេស។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់យើងក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់របស់ពួកគេក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ”។

សកម្មភាពច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនមិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយនិងអនាគតអ្នកដឹកនាំកម្ពុជាអាចបំពេញនូវសក្តានុពលរបស់ពួកគេបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យារបស់ពួកគេដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។ សិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀនរួមទាំងបុគ្គលិកអប់រំប្រមាណ ១សែននាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ហើយសន្យាថានឹងធ្វើឱ្យមានភាពលេចធ្លោយ៉ាងសំខាន់ក្នុងចំណោមយុវជនទាំងអស់៕

មតិយោបល់