• 2020-03-24 08:25:13
  • ផលិតផលថ្មី

ទូរសព្ទប្រើ Snapdragon 865 ថតវីដេអូ 8K មាន 5G តម្លៃខ្ទង់ ៤០០ដុល្លារ ចេញជាផ្លូវការ!

  • 2020-03-24 08:25:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​ប្រកាស​ចេញ​ Redmi K30 Pro ជា​ផ្លូវ​ការ​ ដែល​ជា​​ស្មាតហ្វូន​លក្ខណៈ​សម្បត្តិ​​ខ្លាំង​មាន​តម្លៃ​ធូរ ជំនាន់​ថ្មី ជា​អ្នក​ស្នង​តំណែង Redmi K20 Pro (នៅ​អាស៊ី) ឬ Mi 9T Pro (​នៅ​អឺរ៉ុប)។ អ្វី​ដែល​ពិសេស​នោះ​វា​មាន​មក​ជា​មួយ​នូវ​ K30 Pro Zoom មួយ​ម៉ូដែល​ទៀត។

Redmi K30 Pro ទាំង​ពីរ​មាន​ខុស​គ្នា​ត្រង់​ចំណុច​កាមេរ៉ា​មួយ​មុខ​គត់​ ដោយ​ម៉ូដែល Zoom មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ៦៤MP ជា Sensor IMX686 អាច​ថត​វីដេអូ​កម្រិត 8K, កាមេរ៉ា Ultra-Wide ទំហំ ១៣MP, កាមេរ៉ា​វាស់​ជម្រៅ ២MP និង​កាមេរ៉ា Telephoto ទំហំ ៨MP ដែល​អាច​ Zoom បាន 3x។ ប្រភេទ Zoom ក៏​មាន​បំពាក់​មុខងារ​រក្សា​លំនឹង OIS លើ​ឡេន​មេ​ និង​ឡេន Telephoto ដែល​ប្រភេទ​ធម្មតា​មិន​មាន។

កាមេរ៉ា​របស់​ K30 Pro ធម្មតា​គឺ​មាន​កាមេរ៉ា​មេ​កម្រិត ៦៤MP ជា​ Sensor IMX686, កាមេរ៉ា Ultra-Wide ទំហំ ១៣MP, កាមេរ៉ា​វាស់​ជម្រៅ​ទំហំ ២MP និង​កាមេរ៉ា Telephoto Macro ទំហំ ៥MP។ កាមេរ៉ា​ Selfie លើ​ស្មាតហ្វូន​ទាំង​ពីរ​គឺ​មាន​ទំហំ ២០MP ដូច​គ្នា។

ចូល​ដល់​ផ្នែក​គ្រឿង​ក្នុង​វិញ ពួក​វា​ទាំង​ពីរ​មាន​​​បំពាក់​អេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត FHD+ និង​មាន Refresh Rate 60Hz។ ​មាន​បំពាក់​ឈីប Snapdragon 865 ដែល​មាន​ន័យ​ថា​វា​ក៏​មាន​ទ្រាំទ្រ​នូវ​សេវា 5G ដែរ។

ថាមពល​ថ្ម​មាន​ទំហំ ៤៧០០ mAh ​ដែល​តាម​រយៈ​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​សាក​​កម្លាំង ៣៣ វ៉ាត់ អាច​សាក​បាន​ដល់ ១០០% ក្នុង​ពេល​ត្រឹម ៦៣ នាទី។ ចំពោះ​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ​មិន​មាន​នោះ​ទេ។ ចំណុច​ផ្សេង​ទៀត​មាន​ដូច​ជា​រន្ធ​កាស 3.5mm ទ្រនាប់​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជា​មួយ MIUI 11។

​នៅ​ប្រទេស​ចិន​ Redmi K30 Pro មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤២៥ ដុល្លារ សម្រាប់​ប្រភេទ RAM ទំហំ ៦GB/អង្គ​ផ្ទុក​ ១២៨GB និង​មាន​តម្លៃ​​ប្រមាណ​​ ៤៨០​ ដុល្លារ សម្រាប់​ប្រភេទ RAM ៨GB/១២៨GB ហើយ​តម្លៃ​ប្រមាណ​ ៥២៣ដុល្លារ សម្រាប់​ប្រភេទ RAM ៨GB/២៥៦GB។

ចំណែក​ K30 Pro Zoom វិញ មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៥៣៧ដុល្លារ សម្រាប់​ប្រភេទ RAM ៨GB/១២៨GB និង​តម្លៃ​ប្រមាណ ៥៦៥ ដុល្លារ​សម្រាប់​ប្រភេទ ​RAM ៨GB/២៥៦GB៕​​​​

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់