• 2020-03-18 13:01:15
  • ផលិតផលថ្មី

ស្ងាត់ៗ Apple ប្រកាសចេញ iPad Pro ​ថ្មី​ប្រើកាមេរ៉ាភ្លោះ តម្លៃចាប់ពី ៧៩៩ដុល្លារ

  • 2020-03-18 13:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ចេញ iPad Pro ស៊េរី​ថ្មី ដែល​មាន​ជម្រើស​ទំហំ​អេក្រង់​ចំនួន​ពីរ​ មាន​តម្លៃ​ចាប់​ពី ៧៩៩ដុល្លារ និង​ចាប់​ពី ៩៩៩ដុល្លារ សម្រាប់​ប្រភេទ​ប្រើ​ Wi-Fi ​ហើយ​មាន​តម្លៃ​ចាប់​ពី ៩៤៩ដុល្លារ និង ១១៤៩ដុល្លារ សម្រាប់​ប្រភេទ​ប្រើ​ស៊ីម​បូក Wi-Fi។ iPad ទាំង​ពីរ​មាន​ទទួល​ការ​កុម្ម៉ង់​ទិញ​លើ​អនឡាញ​ចាប់​ពី​ពេល​នេះ ដែល​នឹង​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា។

iPad Pro ទាំង​ពីរ​ដែល​មាន​អេក្រង់​ទំហំ ១១ អ៊ីញ និង ១២,៩ អ៊ីញ មាន​រូបរាង​ដូច​ iPad Pro ចេញ​កាល​ពី​ឆ្នាំ​មុន​ដែរ ប៉ុន្តែ​មាន​ប្រើ​បន្ទះ​ឈីប​ថ្មី និង​ប្រព័ន្ធ​កាមេរ៉ា​ថ្មី។ អ្វី​ដែល Apple អួត​ជា​មួយ iPad Pro ថ្មី គឺ​មាន​នូវ​​ Sensor សម្រាប់​ស្កេន​ឈ្មោះ LIDAR ដែល​ដំណើរ​ការ​ជា​មួយ​កាមេរ៉ា​សម្រាប់​ការ​វាស់​ជម្រៅ​នៃ​វត្ថុ​បាន​កាន់​តែ​ប្រសើរ ជា​ពិសេស​ជា​មួយ​បច្ចេកវិទ្យា​ AR។

មួយ​ទៀត​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​គឺ​ក្ដារ​ចុច​ថ្មី ដែល​វា​អាច​ធ្វើ​ឲ្យ​ iPad អណ្ដែត​នៅ​ទីតាំង​មួយ​ដែល​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ការ​ប្រើ​ប្រាស់​។ បន្ថែម​ពី​នេះ​វា​នូវ​បន្ទះ​ Trackpad សម្រាប់​បញ្ជា​ទៀត​ផង។ សម្រាប់​ក្ដារ​ចុច​ថ្មី​នេះ​ត្រូវ​ចំណាយ​លុយ​បន្ថែម ២៩៩ដុល្លារ ប្រសិន​បើ​ចង់​បាន។

​ បន្ទះ​ឈីប​​ដែល​បំពាក់​លើ iPad គឺ​ A12Z Bionic ដែល​មាន​ Apple និយាយ​ថា​មាន​សមត្ថភាព​ខ្លាំង​ជាង​ Laptop ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows មួយ​ចំនួន​ធំ។ ថាមពល​ថ្ម​គឺ​ប៉ាន់​ស្មាន​ថា​អាច​ប្រើ​បាន​ ១០ ម៉ោង។

និយាយ​ដល់​ផ្នែក​កាមេរ៉ា មើល​មួយ​ភ្លែត​អាច​ស្មាន​ថា​មាន​កាមេរ៉ា ៣ គ្រាប់​ ដូច​ជា iPhone 11 Pro ប៉ុន្តែ​មាន​ត្រឹម​ពីរ​គ្រាប់​ប៉ុណ្ណោះ ដែល​មាន​កាមេរ៉ា​ធម្មតា​ទំហំ ១២MP និង​កាមេរ៉ា Ultra-Wide ទំហំ ១០MP ឯ​ទី​បី​គឺ​ Sensor LIDAR ដូច​បាន​បញ្ជាក់​ខាង​លើ។

​គួរ​ដឹង​ថា​ iPad Pro ទាំង​ពីរ​មាន​ជម្រើស​ពណ៌​ប្រាក់ និង​ពណ៌​ប្រផេះ ដែល​មាន​ជម្រើស​អង្គ​ផ្ទុក ១២៨GB, ២៥៦GB, ៥១២GB និង​ ១TB៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់