
- 2020-03-17 09:11:28
- ព័ត៌មាន
Amazon ចង់ជួលបុគ្គលិកថែម ១០ម៉ឺននាក់ ព្រោះកាក់កបខ្លាំងក្នុងអំឡុងពេលផ្ទុះ COVID-19
- 2020-03-17 09:11:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Amazon ចង់ជួលបុគ្គលិកថែម ១០ម៉ឺននាក់ ព្រោះកាក់កបខ្លាំងក្នុងអំឡុងពេលផ្ទុះ COVID-19
ចន្លោះមិនឃើញ
ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon គិតចង់ជួលបុគ្គលិកផ្នែកឃ្លាំងផ្ទុកទំនិញ និងដឹកជញ្ជូនថែម ១០ ម៉ឺននាក់ទៀត ដើម្បីបំពេញនូវតម្រូវការដែលមានការកើនឡើងខ្លាំង អំឡុងពេលផ្ទុះ COVID-19។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុននាថ្ងៃចន្ទ។ ក្រុមហ៊ុនក៏នឹងបន្ថែមប្រាក់កម្រៃគិតម៉ោងសម្រាប់បុគ្គលិកក្នុងផ្នែកនេះ ដោយបន្ថែម ២ ដុល្លារទៀត សម្រាប់នៅសហរដ្ឋអាមេរិក រហូតដល់ខែមេសា។
ស្របពេលដែលពលរដ្ឋអាមេរិកកាន់តែច្រើន សំងំនៅក្នុងផ្ទះដើម្បីការពារខ្លួនពីការឆ្លងវីរុសកូរ៉ូណា ពួកគេបានងាកទៅប្រើហាងលក់ទំនិញអនឡាញដូចជា Amazon ដើម្បីទិញគ្រឿងទេស និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ កាលពីថ្ងៃសុក្រ Amazon បានប្រាប់អតិថិជនរបស់ខ្លួនថា អាចនឹងមានការពន្យារពេលនៃការដឹកជញ្ជូនទំនិញ ហើយក្រុមហ៊ុនក៏បានអស់ស្តុកនូវទំនិញដែលមានគេរកទិញច្រើនផងដែរ។
រដ្ឋមួយចំនួនដូចជា New York និងរដ្ឋ Ohio ជាដើម បានបិទហាងជាច្រើនកន្លែងដើម្បីកាត់បន្ថយឱកាសនៃការឆ្លងវីរុសកូរ៉ូណា ដែលនេះជាហេតុធ្វើឲ្យបុគ្គលិកជាច្រើននាក់លែងមានការងារធ្វើ និងមិនមានប្រាក់ចំណូលក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។
ដោយឡែក Amazon គឺចង់បានមនុស្សទាំងនោះមកបម្រើការងារនៅឃ្លាំងទំនិញរបស់ខ្លួន។ ក្នុងសេចក្ដីថ្លែងការណ៍មួយ Dave Clark ដែលជាអនុប្រធានប្រតិបត្តិទូទាំងពិភពលោក បាននិយាយថា ៖ "យើងចង់ឲ្យមនុស្សទាំងនោះដឹងថា ពួកយើងស្វាគមន៍ពួកគេមកកាន់ក្រុមរបស់យើងរហូតដល់គ្រប់យ៉ាងត្រឡប់ទៅដូចដើម និងរហូតដល់ពេលនិយោជិកចាស់របស់ពួកគេទទួលពួកគេវិញ៕”