• 2020-02-13 10:11:02
  • ផលិតផលថ្មី

ចេញមកភ្លាម ឈរលេខមួយលើតារាងកាមេរ៉ា DxOMark ភ្លែត!

  • 2020-02-13 10:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត Xiaomi បាន​ប្រកាស​ចេញ Xiaomi Mi 10 និង Mi 10 Pro ជា​ផ្លូវ​ការ ដែល​សុទ្ធ​សឹង​តែ​មាន​កាមេរ៉ា ៤ គ្រាប់ និង​មាន​ប្រើ​បន្ទះ​ឈីប Snapdragon 865។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Mi 10 Pro ទទួល​បាន​ពិន្ទុ​វាយ​តម្លៃ​ពី DxOMark រហូត​ដល់ ១២៤ ពិន្ទុ លើ​ផ្នែក​កាមេរ៉ា អាច​ឲ្យ​វា​ឈរ​លើ​តំណែង​កំពូល​ផុត​លេខ។

Xiaomi Mi 10 Pro

Mi 10 Pro មាន​ប្រើ​អេក្រង់ AMOLED ទំហំ ៦,៦៧ អ៊ីញ កម្រិត FullHD+ ជា​មួយ​អេក្រង់​រាង​កោង ដែល​មាន​ Refresh Rate 90Hz។ អេក្រង់​នេះ​គឺ​​មាន​កម្រិត​ពន្លឺ​ដល់​ទៅ ១២០០ Nit ដែល​ជា​អ្វី​ក្រុមហ៊ុន​មាន​មោទនភាព​លើ​វា​បំផុត។

ទាក់ទាញ​ជាង​គេ​គឺ​កាមេរ៉ា Mi 10 Pro ដែល​មាន​កាមេរ៉ា​មេ​កម្រិត ១០៨MP ជា​ឡេន 8P អម​ដោយ​កាមេរ៉ា​បី​ទៀត មាន​កាមេរ៉ា Telephoto ដែល​អាច​ Zoom បែប Hybrid បាន ១០ដង, កាមេរ៉ា Telephoto មួយ​ទៀត​អាច​ Zoom បាន​ពីរ​ដង​សម្រាប់​ការ​ថត​រូប Portrait និង​កាមេរ៉ា Ultrawide ទំហំ ២០MP។

កាមេរ៉ា​មេ​របស់ Mi 10 Pro ទំហំ ១០៨MP គឺ​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង OIS និង EIS, មាន​ AI ជំនួយ​ដល់​ការ​ថត​រូប​សន្លឹក​និង​វីដេអូ ហើយ​អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 8K។

វា​មាន​ជម្រើស​ ៣ ប្រភេទ​គឺ RAM 8GB/ROM 256GB, RAM 12GB/ROM 256GB និង RAM 12GB/ROM 512GB។ RAM គឺ​ជា​ប្រភេទ LPDDR5 ចំណែក​អង្គ​ផ្ទុក​គឺ​ជា​ប្រភេទ UFS 3.0។

នៅ​ផ្នែក​ខាង​ក្នុង​គឺ​មាន​ថ្ម​ទំហំ ៤៥០០ mAh ដែល​អាច​សាក​ដោយ​ល្បឿន ៥០ វ៉ាត់ និង​សាក​ដោយ​មិន​ប្រើ​ខ្សែ​ជា​មួយ​ល្បឿន ៣០ វ៉ាត់ ហើយ​អាច​សាក​ឲ្យ​ឧបករណ៍​ដទៃ​ទៀត​បាន​ល្បឿន ១០ វ៉ាត់​ផង​ដែរ។

តម្លៃ​នៅ​ទីផ្សារ​ប្រទេស​ចិន​គឺ​មាន​ប្រមាណ ៧១៥ ដុល្លារ, ៧៨៧ ដុល្លារ និង​ប្រមាណ ៨៦០ ដុល្លារ ដែល​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ។

Xiaomi Mi 10

Mi 10 នៅ​រក្សា​អេក្រង់ AMOLED ទំហំ ៦,៦៧ អ៊ីញ និង​កាមេរ៉ា​មេ ១០៨ MP ដដែល។ យ៉ាងណាក្ដី​វា​បាត់​បង់​កាមេរ៉ា​ Telephoto ទាំង​ពីរ ដោយ​ជំនួស​មក​វិញ​នូវ​កាមេរ៉ា​វាស់​ជម្រៅ ២MP និង​កាមេរ៉ា Macro កម្រិត ២MP។ កាមេរ៉ា​ Ultrawide ក៏​ធ្លាក់​ចុះ​ទំហំ​នៅ​ត្រឹម ១៣ MP ផង​ដែរ។

ចំណែក​ថាមពល​ថ្ម​បែរ​ជា​ធំ​ជាង​ប្រភេទ Pro ដោយ​មាន​ថ្ម ៤៧៨០ mAh ប៉ុន្តែ​អាច​សាក​ត្រឹម​ល្បឿន ៣០ វ៉ាត់ ហើយ​អាច​សាក​ថ្ម​ឥត​ខ្សែ​ល្បឿន​ ៣០ វ៉ាត់​ដូច​គ្នា និង​សាក​ឲ្យ​​ឧបករណ៍​ផ្សេង​បាន ១០ វ៉ាត់។

ប្រភេទ​មួយ​នេះ​នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ស្អែក​នៅ​ប្រទេស​ចិន ជា​មួយ​តម្លៃ​ប្រមាណ ៥៧២ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/ROM 128GB, តម្លៃ ៦១៥ ដុល្លារ សម្រាប់​ប្រភេទ RAM 8GB/ROM 256GB និង​តម្លៃ ៦៧៣ ដុល្លារ សម្រាប់​ប្រភេទ RAM 12GB/ROM 256GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់