• 2020-01-20 04:27:44
  • ព័ត៌មាន

ក្រុមហ៊ុន តូយ៉ូតា បើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាលនិងបន្ទប់តាំងបង្ហាញថ្មី

  • 2020-01-20 04:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី បានប្រកាសបើកសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្តាល ​និងបន្ទប់តាំងបង្ហាញថ្មី (showroom) របស់ខ្លួននៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមករា ​ឆ្នាំ ២០២០ កន្លងទៅ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

តាមរយៈទីតាំងដ៏ប្រណិត និងថ្មីសន្លាង រួមជាមួយទំហំធំទូលាយ និងស្ថិតនៅចំកណ្តាលទីក្រុងនាពេលនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីវឌ្ឍនភាព នៃប្រតិបត្តិការដ៏រីកចម្រើនរបស់ក្រុមហ៊ុនមួយនេះ នៅក្នុងប្រទេសកម្ពុជា ក្រោមការគាំទ្រ និងជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន។

ការិយាល័យថ្មីនេះ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ​ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ការិយាល័យថ្មីដែលមានកម្ពស់ ៥ ជាន់នេះ​នឹងក្លាយជាកន្លែងធ្វើប្រតិបត្តិការយ៉ាងសកម្ម និងល្អប្រសើរបំផុត របស់ក្រុម​ហ៊ុន តូយ៉ូតា ខេមបូឌា ទាំងមូល។ មិនត្រឹមតែប៉ុណ្ណោះ ការិយាល័យថ្មីនេះ ក៏នឹងជួយឲ្យបុគ្គលិករបស់ ក្រុមហ៊ុន អាចបម្រើ និងបំពេញតម្រូវការរអតិថិជនដែលមានស្រាប់ និងអតិថិជនថ្មី បានកាន់តែល្អនិងពោរពេញទៅដោយប្រសិទ្ធភាពខ្ពស់ ថែមមួយកម្រិតទៀត នៅក្នុងរយៈពេលដ៏ខ្លីនេះ ដែលមានមនុស្សម្នា ជាច្រើនកំពុងធ្វើប្រតិបត្តិការយ៉ាងមមាញឹក នៅកណ្តាលរាជធានីភ្នំពេញ។

លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)

អ្នកនាំពាក្យរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានមានប្រសាសន៍ថា៖ «ការបើកការិយាល័យ និង អគារតាំងបង្ហាញរថយន្តថ្មីរបស់យើង នាពេលនេះ គឺជាការចាប់ផ្តើមនៃសករាជថ្មី ឬអាចនិយាយបានថាវាជាជំហ៊ានថ្មីមួយទៀត នៃការបម្រើសេវាកម្មរបស់យើងឲ្យបានកាន់តែល្អ និងរហ័សទាន់ចិត្តបំផុតក្នុងឆ្នាំថ្មីនេះ ហើយវាក៏បានបង្ហាញឲ្យ​ឃើញ ពីការរីកចម្រើនឥតឈប់ឈរនៃប្រតិបត្តិការក្នុងវិស័យយានយន្ត របស់យើងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់ផងដែរ»។

អ្នកនាំពាក្យដដែលបានបន្តទៀតថា៖ «តាមរយៈការិយាល័យថ្មីរបស់យើងដែលស្ថិតនៅចំទីតាំងយុទ្ធសាស្រ្ត ពោលគឺកណ្តាលរាជធានីភ្នំពេញនេះ យើងនឹងមានលទ្ធភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអតិថិជនរបស់យើង បានកាន់តែជិតស្និទ្ធ និងងាយស្រួល ហើយក៏អាចផ្តល់ជូនអតិថិជននូវសេវាកម្ម និងការបំពេញតម្រូវការ ផ្សេងៗទៀត ប្រកបដោយទំនុកចិត្ត គុណភាពខ្ពស់ និងរហ័សទាន់ចិត្ត ផងដែរ។ ក្រុមហ៊ុន ​តូយ៉ូតា (ខេមបូឌា) ​ប្តេជ្ញាយ៉ាងមុតមាំថា នឹងបន្តផ្តល់ជូនសេវាកម្មដ៏ល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់ ​និងសុវត្ថិភាពបំផុតជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ​ហើយក្រុមហ៊ុនក៏សង្ឃឹមដែរថា ទីស្នាក់ការ កណ្តាលថ្មីនេះ នឹងជួយបង្កើនការលក់រថយន្ត និងជម្រុញភាពរីកចម្រើនរបស់យើង ផងដែរ។»

របាំជូនពរ ក្នងពេលធ្វើពិធីបើកសម្ពោធការិយាល័យថ្មី

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ខូ អិលធីឌី ជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវរថយន្តម៉ាក តូយ៉ូតាគ្រប់ប្រភេទ គ្រឿងបន្លាស់សុទ្ធល្អ ​និង សេវាកម្មប្រកបដោយគុណភាពខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា​។ ក្រុមហ៊ុន តូយ៉ូតា (​ខេមបូឌា) ផ្តោតជាចម្បងទៅលើសុវត្ថិភាព និងបរិស្ថានដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ តូយ៉ូតា តែងតែខិតខំពង្រឹង​ និងពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យក្លាយទៅជាអ្នកចែកចាយយានយន្ត ប្រកបដោយទំនុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់តាមរយៈ ការធ្វើសុខុដុមនីយកម្មមនុស្ស ​និងរថយន្ត ការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងការការពារបរិស្ថាន។

ភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារយានយន្ត ប្រទេសកម្ពុជាអាចកើតមានឡើងដោយផ្អែកលើការគ្រប់គ្រងក្រុមការងារប្រកបដោយសក្តានុពល និងមានប្រសិទ្ធភាព ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុនគឺ “ក្រុមការងារតែមួយ គោលដៅតែមួយ”។ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ការលក់យានយន្តរបស់ក្រុមហ៊ុនមួយដ៏ពេញនិយមនេះ បានកើនឡើងរហូតដល់ទៅជាង ៤០០០គ្រឿងឯណោះ ដែលនេះជាលទ្ធផលសម្រេច បានគួរជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន។

ដូច្នេះ ដើម្បីចូលរួមអបអរសាទរឱកាសដ៏អស្ចារ្យនេះ ក្រុមហ៊ុនក៏មានការផ្តល់ជូននូវ ​ប្រូម៉ូហ្សិនពិសេសៗជាច្រើនទៀតរួមមាន៖

សម្រាប់ការលក់យានយន្ត៖ ការផ្តល់ជូនប្រម៉ូហ្សិនកប់កប់ (Kop Kop Promotion) ដែលចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០) សម្រាប់គ្រប់សាខាទាំងអស់៖ ​រាល់ការទិញរថយន្តក្នុងអំឡុងពេលនេះ អតិថិជននឹងទទួលបានកាដូភ្លាមៗទៅតាមប្រភេទរថយន្តដែលបានទិញ និងទទួលបានសន្លឹកឆ្នោតសម្រាប់មានឳកាសផ្សងសំណាងនៅក្នុងកម្មវិធីចាប់ឆ្នោត រហូតដល់ទៅ៨០ រង្វាន់ រួមមាន៖ រថយន្តចំនួន ៣គ្រឿង (១xREVO RALLY, ១xRUSH, ១xRUSH-TRD) និង ipad, iPhone ១១ pro-max, នាឡិកាម៉ាក Apple, ទូរទស្សន៍ និងទូរទឹកកកជាច្រើនរង្វាន់ទៀត។

ចំពោះសេវាកម្ម ក្រោយពីការលក់៖ ក្រុមហ៊ុន ក៏មានផ្តល់ជូន Happy Hour Promotion ដែលយើងនឹងបន្តផ្តល់ជូនអតិថិជនជាពិសេសចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ សម្រាប់តែទីតាំងទីស្នាក់ការកណ្តាលនេះតែប៉ុណ្ណោះ ដោយអតិថិជននឹងទទួលបានការពិនិត្យ និងការថែទាំរថយន្តម៉ាកតូយ៉ូតាគ្រប់ប្រភេទដោយមិនគិតថ្លៃតាមរយៈការធ្វើការណាត់ទុកជាមុន នៅក្នុងចន្លោះពីម៉ោង ៨:០០-៩:០០ព្រឹក ​និងម៉ោង ៣:០០-៥:០០ ល្ងាច៕

អត្ថបទ៖ រក្សា

មតិយោបល់