• 2019-12-13 02:40:09
  • ផលិតផលថ្មី

Samsung បញ្ចេញស្មាតហ្វូនថ្មី មកជំនួសតំណែងស្មាតហ្វូនលក់ដាច់ខ្លាំងរបស់ខ្លួន

  • 2019-12-13 02:40:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Market បាន​បង្ហាញ​ថា​នៅ​រយៈពេល ៦ ខែ​ដំបូង​ឆ្នាំ ២០១៩ នេះ ស្មាតហ្វូន Galaxy A10 និង Galaxy A50 ជា​ម៉ូដែល​លក់​ដាច់​ខ្លាំង​ជាង​គេ​របស់​ Samsung ដែល​លក់​បាន​ខ្ទង់ ១០ លាន​គ្រឿង។ ពេល​នេះ Samsung បាន​បង្ហាញ​ចេញ​ស្មាតហ្វូន​មក​ជំនួស​តំណែង​ Galaxy A50 គឺ​ម៉ូដែល​ Galaxy A51 ដែល​បង្ហាញ​ចេញ​ជា​មួយ Galaxy A71។

Galaxy A51

Galaxy A51 ដំណើរ​ការ​ដោយ​ Exynos 9611 ដែល​គួប​ផ្សំ​នឹង​ RAM ទំហំ ៨ GB។ វា​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 10 ដែល​ប្រើ​ស្បែក​ One UI 2.0 ចេញ​ពី​ប្រអប់ និង​មាន​អង្គ​ផ្ទុក​ទំហំ ១២៨ GB។ វា​ក៏​មាន​រន្ធ​សម្រាប់​ដោត​ microSD ដែល​អាច​ពង្រីក​ទំហំ​​អង្គ​ផ្ទុក​បាន​ ៥១២ GB។

អេក្រង់​របស់​ A51 មាន​ទំហំ ៦,៥ អ៊ីញ ដែល​ជា​ប្រភេទ Infinity-O Super AMOLED អាច​បង្ហាញ​រូប​ភាព​ក្នុង​កម្រិត​ FullHD+ ដែល​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​បង្កប់​លើ​អេក្រង់ ហើយ​នៅ​ចំ​កណ្ដាល​អេក្រង់​មាន​ចោះ​រន្ធ​ដាក់​កាមេរ៉ា​ Selfie ទំហំ ៣២MP។

ផ្នែក​ខាង​ក្រោយ​មាន​ការ​ឌីហ្សាញ​ដូច​ជា​គ្រាប់​ពេជ្រ​ ដែល​មាន​តម្រៀប​កាមេរ៉ា​ជា​រាង​អក្សរ​ L មាន​ផ្ទុក​ដោយ​កាមេរ៉ា​មេ​ទំហំ ៤៨MP, កាមេរ៉ា​ Ultrawide កម្រិត ១២MP (១២៣ ដឺក្រេ), កាមេរ៉ា​វាស់​ជម្រៅ ៥MP និង​កាមេរ៉ា​ macro កម្រិត​ ៥MP។

ថ្ម​របស់ A51 មាន​ទំហំ ៤០០០ mAh ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​​កម្លាំង ១៥ វ៉ាត់ ហើយ​មាន​ជម្រើស​ពណ៌​បួន​គឺ​ Prism Crush Black, Prism Crush White, Prism Crush Blue និង​ Prism Crush Pink។

A51 មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៣៥០ ដុល្លារ និង​អាច​កក់​ទុក​មុន​នៅ​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ហើយ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ។

Galaxy A71

Galaxy A71 មាន​រូបរាង​ស្រដៀង​នឹង​ Galaxy A51 ដែរ ប៉ុន្តែ​មាន​ចំណុច​ខុស​ប្លែក​គ្នា​មួយ​ចំនួន។

ជា​ដំបូង​ A71 មាន​ប្រើ​បន្ទះ​ឈីប​ Snapdragon 730 ហើយ​កាមេរ៉ា​បួន​គ្រាប់​របស់​វា​ មាន​ផ្សំ​ឡើង​ដោយ​កាមេរ៉ា​មេ​ទំហំ​ដល់ ៦៤ MP ឯណោះ។

A71 មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ ហើយ​មាន​ចោះ​រន្ធ​អេក្រង់​រាង​ធំ​ជាង​ A51 និង​មាន​ផ្ទុក​ថ្ម​ទំហំ ៤៥០០ mAh និង​មាន​សមត្ថភាព​សាក​ថ្ម​​កម្លាំង ២៥ វ៉ាត់។ វា​មាន​ជម្រើស​ពណ៌​បួន​ដូច​ជា​ Galaxy A71 ដែរ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​តម្លៃ និង​ពេល​ចេញ​លក់​នៅ​ឡើយ​ទេ៕​​​

ចុចអាន​ ៖ ទូរសព្ទលក់ដាច់ច្រើនជាងគេបំផុតត្រឹមឆ្នាំ ២០១៩ សុទ្ធសឹងប្រភេទតម្លៃធូរ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់