• 2019-11-27 02:07:04
  • ផលិតផលថ្មី

Honor​ ប្រកាសចេញទូរសព្ទ 5G តម្លៃ ៤៧០ដុល្លារ ប៉ុន្តែមិនច្បាស់រឿងមួយ

  • 2019-11-27 02:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor ដែល​ជា​ក្រុមហ៊ុន​សាខា​របស់ Huawei បាន​ប្រកាស​ចេញ​​ស្មាតហ្វូន V30 និង V30 Pro ​ជា​ប្រភេទ​ស្មាតហ្វូន​កម្រិត​កណ្ដាល ប៉ុន្តែ​មាន​លក្ខណៈ​សម្បត្តិ​ខ្លាំង​បំផុត។

V30 និង​ V30 Pro ​មាន​បំពាក់​នូវ​អេក្រង់ LCD ទំហំ ៦,៥៧ អ៊ីញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ Full HD+។​ ទ្រនាប់​ស្កេន​ម្រាម​ដៃ​គឺ​នៅ​ផ្នែក​ចំហៀង​ដូច​ជា​ម៉ូដែល​ Honor 20 និង Honor 20 Pro ដែរ។ ចំណែក​ផ្នែក​ខាង​ក្រោយ​មាន​បំពាក់​កាមេរ៉ា​នៅ​ផ្នែក​លើ​ខាង​ឆ្វេង ដែល​ផ្ទុក​កាមេរ៉ា​ចំនួន ៣ គ្រាប់។

Honor V30 ទាំង​ពីរ​មាន​បំពាក់​នូវ​កាមេរ៉ា​មេ​កម្រិត ៤០ MP ជា​ Sensor ​ Sony IMX600 ដែល​មាន​មុខងារ Dual OIS និង Laser AF។ ប៉ុន្តែ​ប្រភេទ​ Pro មាន​ឡេន​ F/1.6 ធៀប​នឹង​ប្រភេទ​ធម្មតា​មាន​ឡេន F/1.8។ កាមេរ៉ា​បន្ទាប់​គឺ​ប្រភេទ Telephoto ដែល​មាន​កម្រិត ៨MP អាច​ធ្វើ​​ការ Zoom បែប Optical បាន​បី​ដង, មាន Aperture f/2.4 និង​មុខងារ​ទប់​លំនឹង OIS។

ចំណុច​ខុស​ប្លែក​ធំ​ជាង​គេ​គឺ​នៅ​ត្រង់​កាមេរ៉ា Ultrawide ដែល​ V30 Pro ​មាន​កម្រិត ១២ MP មាន​ Aperutre f/2.2 ហើយ​ V30 មាន​កម្រិត ៨ MP និង Aperture f/2.4។

នៅ​ផ្នែក​ខាង​មុខ​មាន​ការ​ចោះ​រន្ធ​អេក្រង់​ដាក់​កាមេរ៉ា​ Selfie ពីរ​គ្រាប់​ដែល​កាមេរ៉ា​មេ​មាន​កម្រិត ៣២ MP មាន​នូវ​មុខងារ Super Night សម្រាប់​ថត​រូប​ទី​ងងឹត និង​មួយ​ទៀត​ជា​ Ultrawide កម្រិត ៨MP អាច​ថត​រូប​ទំហំ ១០៥ ដឺក្រេ។

ស្មាតហ្វូន​ទាំង​ពីរ​គឺ​មាន​បំពាក់​នូវ​ឈីប​ Kirin 990 ដែល​ទ្រាំទ្រ​សេវា​ 5G ដូច​គ្នា។ ប្រព័ន្ធ​ប្រតិបត្តិការ​គឺ​ដើរ​ដោយ Android 10 និង​ Magic UI 3.0.1 ប៉ុន្តែ​មិន​ច្បាស់​ថា​មាន​ Google Mobile Service ឬ​យ៉ាង​ណា​នោះ​ទេ។

V30 ទាំង​ពីរ​ទ្រាំទ្រ​នឹង​ការ​សាក​ថ្ម​ល្បឿន​លឿន Ultrafast កម្លាំង ៤០ វ៉ាត់ ប៉ុន្តែ​សម្រាប់ V30 Pro មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​កម្លាំង ២៧ វ៉ាត់។ ទំហំ​ថ្ម​ក៏​ខុស​គ្នា​ដែរ ដោយ​ V30 មាន​ថ្ម ៤២០០ mAh និង​ប្រភេទ Pro មាន​ថ្ម ៤១០០ mAh។

នៅ​ទីផ្សារ​ប្រទេស​ចិន​កាមេរ៉ា​កុម្ម៉ង់​ទិញ​ស្មាតហ្វូន​ទាំង​ពីរ​នឹង​បើក​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ដែល​វា​មាន​តម្លៃ​​ចាប់​ពី​ប្រមាណ ៤៧០ ដុល្លារ​សម្រាប់ V30 RAM 6GB/ROM128GB និង​ប្រភេទ RAM8GB/ROM128GB មាន​តម្លៃ​ប្រមាណ ៥២៥ ដុល្លារ។ ដោយ​ឡែក V30 Pro RAM 8GB/ROM128GB មាន​តម្លៃ​ប្រមាណ ៥៥៥ ដុល្លារ និង RAM8GB/ROM256GB តម្លៃ​ប្រមាណ ៦០០ ដុល្លារ៕​

ចុចអាន ៖ Huawei Nova 6SE ​ខ្នង​កាត់ iPhone មុខ​កាត់ Samsung ​ត្រៀម​ប្រកាស​សប្ដាហ៍​ក្រោយ

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់