• 2019-06-24 02:36:24
  • ព័ត៌មាន

ចែកឲ្យដាច់រវៀង Smartphone និង​ Mobile Phone ចៀសវាង​ការ​យល់​ច្រឡំ

  • 2019-06-24 02:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ដល់​ពេល​នេះ​ នៅ​តែ​មាន​ចម្ងល់​ខ្លះៗ​នៅ​ឡើយ​ ជុំវិញ​ការ​ហៅ​ទូរសព្ទ​ថា​​ជា smartphone ឬ mobile phone។ តើ​ពឹង​ផ្អែក​លើ​ចំណុច​ណា​ខ្លះ ដែល​បង្ហាញ​លក្ខណៈ​សម្គាល់​ពី​​ប្រភេទ​ទូរសព្ទ​ទាំង ​២ នេះ?

Mobile Phone

@ Mobile Phone ឬ​អាច​ហៅ​ថា cellular phone, cell phone និង hand phone ក៏​បាន ជា​ប្រភេទ​ទូរសព្ទ​ដែល​មាន​លក្ខណៈ​សម្បត្តិ​សាមញ្ញ​ៗ​មាន​មុខងារ​សម​ល្មម​ សម្រាប់​តែ​ការ​ហៅ​ចេញ​ ហៅ​ចូល និង​ផ្ញើ​សារ​ប៉ុណ្ណោះ។ និយាយ​ឱ្យ​ចំ​ទៅ ទូរសព្ទ​ធុន​នេះ ពី​មុន​មក​ពុំ​មាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ទំនើបៗ, ​កាមេរ៉ា ឬ​អ៊ីនធឺណិត​បាន​ឡើយ។ តែ​នា​ពេល​បច្ចុប្បន្ន​ គេ​​ឃើញ​មាន​មួយៗ​ហើយ ដែល​ខ្លះ​មាន web browser​ អាច​ផ្ញើ MMS​ និង​រហូត​ដល់​ផ្ញើ Email បាន​ទៀត​ផង។

​@ ​ប្រភេទ​ទូរសព្ទ​នេះ​ក៏​មាន​ការ​វិវឌ្ឍ​​ទៅ​មុខ​ផង​ដែរ​ពី​ទូរសព្ទ​មាន​កម្រាស់​ក្រាស់ៗ ពណ៌​ស​ខ្មៅ មក​ជា​រាង​ស្ដើងៗ​ និង​មាន​ពណ៌ជា​ជម្រើស​ជា​ច្រើន។ ជាក់​ស្ដែង​ដូច​ជា Nokia 100 ដែល​ជា​ស៊េរី​ ទូរសព្ទ​​មាន​ច្រើន​ពណ៌ ហើយ​ក្រៅ​ពី​មាន​មុខងារ​​​​ តម្លៃ​របស់​វា​ក៏​ទៅ​តាម​នោះ​ដែរ​ប្រហែល ២៨-៣០ដុល្លារ​ប៉ុណ្ណោះ (សម្រាប់​ស្រុក​ខ្មែរ)។​ ​

@ ខណៈ Mobile Phone ពុំ​មាន​​កម្មវិធី​ច្រើន​​ ​តែ​​កាន់​ថ្ម​បាន​យូរ​ជាង​ពពួក​ទូរសព្ទ​ដៃ​ទំនើបៗ​ប្រភេទ smartphone ឆ្ងាយ​ណាស់ ឧទាហរណ៍ mobile phone ខ្លះ​អាច​បើក​ចោល (standby) បាន​រហូត​ជាង ១ខែ​ ​(៨៤០ម៉ោង) ​ជាង​ឯណោះ។​

@​ Mobile Phone ដំណើរការ​សេវា (1G) ដំបូង​នៅ​ឆ្នាំ ១៩៧៩ ចេញ​ដោយ​ក្រុមហ៊ុន​អាមេរិក Ameritech ដែល​នាពេល​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា AT&T Teleholdings, Inc។ លុះ​មក​ដល់​ឆ្នាំ ១៩៩១ ទើប​ចេញ​ដល់​បច្ចេកវិទ្យា cellula ជំនាន់​ទី២ ហៅ​ថា 2G ស្តង់ដារ Global System for Mobile (GSM) ប្រើ​ប្រាស់​បាន​ដំបូង​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​ដោយ​ក្រុមហ៊ុន Radiolinja។​

Smart Phone

@ គ្រាន់​តែ​ឮ​ប្រហែល​ប្រិយមិត្ត​អាច​សន្និដ្ឋាន​បាន​រួច​ទៅ​ហើយ​ថា អ្វី​ជា smartphone។ ជា​ការ​ពិត​ណាស់ ​សព្វ​ថ្ងៃ​ក្រុមហ៊ុន​ទូរសព្ទ​ជា​ច្រើន​កំពុង​ប្រកួតប្រជែង​គ្នា​យ៉ាង​ ខ្លាំង​ ដោយ​ខិត​ខំ​សម្អិតសម្អាង​ទូរសព្ទ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​របស់​ខ្លួន​ ឱ្យ​កាន់​តែ​ទំនើប​ឡើងៗ ដែល​ទាំង​អស់​នេះ​សុទ្ធ​សឹង​ជា smartphone។​

@ smartphone អាច​និយាយ​បាន​ថា ជា​ការ​ច្របាច់​បញ្ចូល​ទំនើបកម្ម​រវាង Mobile Phone (និយមន័យ​ខាង​លើ) និង Personal Digital Assistant (PDA) ដែល​ជា​ក្រុម​ឧបករណ៍​ប្រភេទ handheld ត្រូវ​បាន​គេ​ផលិត​ឡើង​មាន​មុខងារ និង​សមត្ថភាព​ដោះស្រាយ​ការងារ​បាន​ច្រើន​យ៉ាង ប្រហាក់ប្រហែល​នឹង​កុំព្យូទ័រ។

និយាយ​​ឱ្យ​ចំ​ទៅ smartphone ជា​ប្រភេទ​ទូរសព្ទ​កាត់​កុំព្យូទ័រ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ (OS) ដែល​សព្វ​ថ្ងៃ​មាន​ដូច​ជា៖ iOS, Android, Windows Phone, BlackBerry ជា​ដើម និង​បាន​បំពាក់​មុខងារ​ពិសេសៗ​ច្រើន​ជាង​ទូរសព្ទ​ធម្មតា (mobile phone)។ លក្ខណៈ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​របស់ Smartphone មាន​ដូច​ជា ការ​បំពាក់​មុខងារ Portable Media Players អាច​ចាក់​ចម្រៀង ឬ​វីដេអូ​​បាន។ កាន់​តែ​ទំនើប​គឺ​ការ​ភ្ជាប់​កាមេរ៉ា (Digital Camera) និង វីដេអូ​កាមេរ៉ា (Pocket Video Camera) ហើយ smartphone ទំនើប​ខ្លះ​ថែម​ទាំង​មាន​មុខងារ​ស្វែងរក​ទីតាំង GPS ទៀត​ផង។

@ មិន​តែ​ប៉ុណ្ណោះ​ នា​ពេល​បច្ចុប្បន្ន​ អត្ថន័យ Smartphone ក៏​រួម​បញ្ចូល​ទាំង​​​អេក្រង់​ធំ, មាន Web Browser និង Touchscreen ដែរ។ សរុប​មក​សមត្ថភាព​របស់​ទូរសព្ទ Smartphone គឺ​ខ្ពស់​ជាង​ទូរសព្ទ​ធម្មតា ដែល​គេ​ប្រើ​បាន​តែ​សម្រាប់​ការ​និយាយ​ទាក់ទង​គ្នា។ ជាក់​ស្ដែង Lumia 900 របស់ Nokia ដែល​បាន​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 7.5 Mango មាន​អេក្រង់ ៤,៣អ៊ីញ, កាមេរ៉ា 8MP, ប្រើ​អ៊ីនធឺណិត​បាន (2G/3G) ហើយ​ខ្លះ​រហូត​ដល់​ 4G ទៅ​ហើយ​ដែរ។​

​ @ ពាក្យ Smartphone ចាប់​ផ្ដើម​មាន​​តាំង​ពី​ឆ្នាំ ១៩៧៣ មក​ម្ល៉េះ។ តែ​ទោះ​ជា​យ៉ាង​ណា​ពុំ​ទាន់​មាន​​និយម​ន័យ​ណា​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ និង​នៅ​មិន​ទាន់​ញែក​​ឲ្យ​ដាច់ទាំង​​ស្រុង​​​រវាង Smartphone និង​ទូរសព្ទ​ធម្មតា។ យ៉ាង​ណា​មិញ​ ខាង​លើ​នេះ ជា​ចំណុច​មួយ​ចំនួន​ដែល​អាច​​ចាត់​ទុក​ជា​ទូរសព្ទ Smartphone៕

ដោយ៖ ឈុន ហួរ

មតិយោបល់