• 2018-12-11 03:58:30
  • ព័ត៌មាន

ក្បួន​ទាំង ៥ ចង់​ជំនាញ​ថត​រូប​តាម​ទូរសព្ទ​កុំ​ចោល​ដាច់​ខាត

  • 2018-12-11 03:58:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាមេរ៉ា​លើ​ទូរសព្ទ​កាន់​តែ​អភិវឌ្ឍន៍​ទៅ​មុខ អ្នក​ប្រើ​ប្រាស់ ក៏​ដូចជា​អ្នក​និយម​វិស័យ​ថត​រូប​ក៏​ងាក​មក​ចាប់​អារម្មណ៍​ច្រើន ដោយ​សារ​មិន​ចាំ​បាច់​ចំណាយ​កម្លាំង​ស្ពាយ​កាមេរ៉ា​ធំៗ​ជាប់​ខ្លួន។ ម្យ៉ាង​បើ​ឃើញ​ប្លង់​ណា​ស្អាត ក៏​អាច​លើក​ទូរសព្ទ​មក​ថត​ភ្លាមៗ ជា​ពិសេស​ងាយ​ស្រួល​ថត​នៅ​តំបន់​ដែល​ហាម​ឃាត់​កាមេរ៉ា​ធំៗ​ដូច​ក្នុង​ផ្សារ​ទំនើប​ជាដើម។

យ៉ាង​ណា ដើម្បី​ក្លាយ​ជា​អ្នក​ថត​រូប​តាម​ទូរសព្ទ​ដ៏​ជំនាញ​ម្នាក់ វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​ឡើយ ដោយ​ក្នុង​នោះ​មាន​ក្បួន​ច្បាប់​មួយ​ចំនួន​ដែល​អ្នក​ទើប​ចាប់​ផ្ដើម​គួរ​ដឹង៖

១. សម្អាត Lens៖ បើ​ប្រៀបធៀប​ទៅ​នឹង​កាមេរ៉ា​ធំៗ មាន​ទាំង​កាបូប និង​គម្រប Lens ការពារ​ត្រឹម​ត្រូវ នៅ​តែ​មាន​ដី​នៅ​ជាប់​កញ្ចក់ Lens ហើយ​អ្នក​ប្រើ​ត្រូវ​សម្អាត​ជា​ប្រចាំ ចុះ​ទម្រាំ​តែ​ទូរសព្ទ​ដែល​នៅ​ក្នុង​ហោប៉ៅ​ដោយ​គ្មាន​អ្វី​ការពារ​សោះ កញ្ចក់ Lens ប្រាកដ​ជា​សម្បូរ​ទៅ​ដោយ​ធូលី ដែល​ធ្វើ​ឲ្យ​រូបភាព​របស់​អ្នក​មិន​មាន​ភាព​ច្បាស់​ល្អ។ ដូចនេះ អ្នក​គួរ​សម្អាត​វា​ជាមួយ​កំណាត់​ទន់ៗ មុន​ពេល​ប្រើ​ជា​ប្រចាំ។

២. ចុច Focus៖ ថ្វី​ត្បិត Smartphone មាន​បច្ចេកវិទ្យា Focus ដោយ​ស្វ័យប្រវត្តិ​ក៏​ពិត​មែន តែ​ពេល​ខ្លះ​អ្វី​ដែល​ទូរសព្ទ Focus ឲ្យ​នោះ មិន​ដូច​អ្វី​ដែល​អ្នក​ចង់​បាន ឬ​មិនមែន​ជា​អ្វី​​ដែល​អ្នក​ចង់ Focus។ អ៊ីចឹង​ដើម្បី​ឲ្យ​ប្រាកដ​ថា រូប​របស់​អ្នក​ច្បាស់​ម៉ត់​ល្អ ត្រូវ​តែ​ចុច Focus ម្ដង​ទៀត មុន​នឹង​ចុច​ថត។

៣. ពន្លឺ៖ ពន្លឺ​មាន​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ទូរសព្ទ តែ​ក៏​មិន​ល្អ​គ្រប់​ពេល ហើយ​មាន​ពេល​ខ្លះ វា​ក៏​មិន​ត្រូវ​តាម​អ្វី​ដែល​អ្នក​ថត​ចង់​បាន​នោះ​ដែរ។ ដំណោះ​ស្រាយ​ល្អ គឺ​អ្នក​ត្រូវ​តែ​ទាញ​វា​តាម​អ្វី​ដែល​ចង់​បាន​គ្រប់​ពេល ដោយ​គ្រាន់​តែ​ចុច Focus លើ​កន្លែង​ដែល​អ្នក​ចង់​បាន​ឲ្យ​ជាប់​បន្តិច វា​នឹង​លោត​បន្ទាត់​ពន្លឺ​មួយ ឲ្យ​អ្នក​ទាញ​តាម​ចិត្ត​ចង់។

៤. កុំ Zoom៖ បើ​ទោះ​ជា​មាន Smartphone ខ្លះ បាន​បំពាក់ Lens Zoom លើ​ទូរសព្ទ​របស់​ខ្លួន​ក៏​ពិត​មែន តែ​បើ​និយាយ​ពី​គុណភាព​វិញ វា​នៅ​តែ​មិន​អាច​យក​មក​ប្រើ​ផ្លូវ​ការ​បាន ពោល​គឺ​នៅ​តែ​មាន​គ្រាប់​អុចៗ​ច្រើន។ វិធី​ដោះ​ស្រាយ គឺ​ព្យាយាម​ដើរ​ចូល​ឲ្យ​ជិត Subject របស់​អ្នក​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

៥. កុំ​ខ្ជិល៖ បើ​ចង់​បាន​រូប​ថត​ស្អាត និង​ប្លែក​ពី​គេ គួរ​ព្យាយាម​រក​ឲ្យ​បាន​ច្រើន​ប្លង់ ហើយ​ចុច​ឲ្យ​បាន​ច្រើន​ប៉ុស្តិ៍ បើ​ទោះ​បី​ជា​រូប​ដែល​អ្នក​ថត​បាន​នោះ​ស្អាត​ហើយ​ក៏​ដោយ។ អាច​សាក​ថត​ពី​ខាង​លើ ខាង​ក្រោម ពី​ចំហៀង ឬ​ពី​ប្រឡោះ​ណា​មួយ​ក៏​បាន នោះ​អ្នក​នឹង​ឃើញ​ពី​ភាព​ខុសគ្នា​នៃ Subject ដដែល ប៉ុន្តែ​ប្លង់​ផ្សេង​គ្នា។

៦. កុំ​ចោល Rule of Third៖ នៅ​លើ​ទូរសព្ទ​អ្នក​និយម​ថត​រូប ច្បាស់​ជា​មិន​ចោល​ផ្ទាំង​ក្រឡាៗ ដែល​គេ​ហៅ​ថា Grid នោះ​ទេ។ វិធី​ប្រើ​គ្រាន់​តែ យក Subject របស់​អ្នក ដាក់​ឲ្យ​ចំ​កន្លែង​ដែល​បន្ទាប់​រត់​កាត់​គ្នា អាច​ខាង​ឆ្វេង​ក៏​បាន ឬ​ខាង​ស្ដាំ​ក៏​បាន​ទៅ​តាម​ទិដ្ឋភាព​ជាក់​ស្ដែង។ អ្នក​ក៏​អាច​សាក​ថត​រូបភាព​ដែល​មិន​ចំ​បន្ទាត់​រត់​កាត់​គ្នា​ក៏​បាន ដើម្បី​ប្រៀបធៀប​ពី​លទ្ធផល​ថា មួយ​ណា​គួរ​ឲ្យ​ទាក់​ភ្នែក​ជាង៕

អត្ថបទ៖ វិទូ

មតិយោបល់