- 2018-05-23 10:26:57
- ព័ត៌មាន
ប្រៀបធៀបគ្នាទៅ ទើបដឹងថា ចោល iPhone X សម្រេចចិត្តទិញ OnePlus 6 មិនខុសទេ
- 2018-05-23 10:26:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបគ្នាទៅ ទើបដឹងថា ចោល iPhone X សម្រេចចិត្តទិញ OnePlus 6 មិនខុសទេ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន OnePlus ទើបតែបញ្ចេញទូរសព្ទស៊េរីចុងក្រោយរបស់ខ្លួន OnePlus 6 កាលពីថ្ងៃទី ២២ ខែឧសភា នេះឯង ពោលគឺចេញមិនទាន់បានមួយសប្ដាហ៍ផង។ OnePlus 6 មានរូបរាងថ្មី និងបំពាក់មកជាមួយនូវគ្រឿងក្នុងស៊េរីចុងក្រោយបំផុត ឈរលើកំពូលតារាងផ្នែកល្បឿនក្នុងចំណោមទូរសព្ទ Android ។
ចំពោះអ្នកដែលចង់ទិញទូរសព្ទស៊េរីកំពូល ដូចជា iPhone X របស់ Apple ជាដើម តែមានភាពស្ទាក់ស្ទើរដោយសារតម្លៃកប់ពពករបស់វា និងចង់សាកផ្លាស់ប្ដូរមកប្រើ Android វិញនោះ អ្នកអាចងាកមកមើលចំណុចពិសេសៗទាំង ១០ របស់ OnePlus 6 ដែលវ៉ាដាច់ iPhone X តែម្ដង៖
១. តម្លៃ
OnePlus 6 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៣០ ដុល្លារ (ទីផ្សារបរទេស) ថោកជាង iPhone X សឹងតែពាក់កណ្ដាល ដោយ iPhone X មានតម្លៃចាប់ពី ១ ០០០ ដុល្លារឯណោះ។
២. អេក្រង់
OnePlus 6 មានអេក្រង់ដល់ទៅ ៦,២៨ អ៊ីញ ដែលប្រៀបជាមួយ iPhone X វិញត្រឹមតែ ៥,៨ អ៊ីញតែប៉ុណ្ណោះ ហើយទំហំកាន់ក្នុងដៃក៏មិនសូវខុសគ្នាខ្លាំងប៉ុន្មានដែរ។
៣. មុខងារលុបបំបាត់ស្នាមឆក
ទូរសព្ទទាំងពីរនេះមានក្បាលឆកដូចគ្នា តែ OnePlus 6មានប្រៀបខ្លាំងដោយសារតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android មានមុខងារលុបបំបាត់ស្នាមឆក ដោយដាក់ផ្នែកដែលឆកនោះ ឲ្យងងឹតទាំងអស់តែម្ដង។ នៅលើ iPhone X អ្នកមិនអាចលុបស្នាមឆកនោះចោលបានទេ។
៤. ល្បឿន និងកម្លាំង
ត្បិតថាលើ Geekbench 4 ទូរសព្ទ OnePlus 6 មិនឈ្នះល្បឿនលើ iPhone X មែន តែ RAM ដែលមានទំហំដល់ទៅ ៨ GB របស់ OnePlus 6 នឹងជួយឲ្យទូរសព្ទនេះ ស៊ីដាច់ iPhone X ដែលមាន RAM ត្រឹម ៣ GB យ៉ាងងាយពេលដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ។
៥. មានឆ្នាំងសាកលឿនក្នុងប្រអប់ស្រាប់
OnePlus 6 មានគាំទ្របច្ចេកវិទ្យា Dash Charge ដែលអាចសាកថ្មបាន ៦០ ភាគរយក្នុងរយៈពេល ៣៥ នាទី ហើយឆ្នាំងសាកនេះមាននៅក្នុងប្រអប់ស្រាប់តែម្ដង ខុសពី iPhone X ដែលគាំទ្របច្ចេកវិទ្យាសាកលឿនដែរ តែត្រូវទិញដុំសាកលឿនខាងក្រៅថ្លៃជាង ៧០ ដុល្លារថែមទៀត។
៦. មានរន្ធដោតកាស ៣.៥ មម
OnePlus 6 មានរន្ធដោតកាស ៣.៥ មម ដោយអាចគាំទ្រជាមួយកាសភាគច្រើនបំផុតក្នុងពិភពលោក ខុសពី iPhone X ដែលមានតែរន្ធ ១ គឺ Lightning សម្រាប់សាកថ្ម និងដោតកាស ហើយបើចង់ប្រើរន្ធកាស ៣.៥ មម ទាល់តែប្រើឌុយបំបែក។
៧. ដើរដោយ ប្រព័ន្ធប្រតិបត្តិការ Android
OnePlus 6 ជាទូរសព្ទដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានស៊េរីភាពជាងអ្នកប្រើ iOS។
៨. ដោះសោដោយប្រើមុខបានលឿន
OnePlus 6 ជាទូរសព្ទដែលមានប្រព័ន្ធដោះសោដោយសម្គាល់មុខដូច iPhone X ដែរ តែវាអាចដោះបានលឿនជាងខ្លាំង និងមិនសូវគាំងដូច iPhone X។
៩. មានទ្រនាប់ស្កេនខ្ចៅដៃ
បន្ថែមពីលើការដោះសោដោយប្រើផ្ទៃមុខតែម៉្យាង OnePlus 6 មានទ្រនាប់ស្កេនខ្ចៅដៃ នៅខាងក្រោយមួយទៀត។ ដូចនេះ បើអ្នកមិនចូលចិត្តការដោះសោដោយប្រើផ្ទៃមុខទេនោះ OnePlus 6 ជាទូរសព្ទ ដែលអ្នកគួរជ្រើសយកជំនួស iPhone X ។
១០. មានប៊ូតុងបិទសំឡេងរំខានល្អជាង
OnePlus 6 ជាទូរសព្ទ Android ដំបូងដែលមានប៊ូតុងមួយដាច់តែឯង សម្រាប់ដាក់ទូរសព្ទឲ្យ រោទ៍ធម្មតា ញ័រ ឬមិនរោទ៍សោះ តែម្ដង។ ដោយឡែក iPhone X អាចឲ្យអ្នកប្រើបានចំពោះតែការកំណត់ ២ ប៉ុណ្ណោះ គឺ រោទ៍ធម្មតា និង ញ័រ ឬក៏ រោទ៍ធម្មតា និង មិនរោទ៍សោះ តែម្ដង៕
ចុចអាន៖